១ កូរិនថូស 15:42-49
១ កូរិនថូស 15:42-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចំណែកឯមនុស្សស្លាប់ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលបានកប់ទៅ ជារូបកាយពុករលួយ តែរូបកាយដែលរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយ។ រូបកាយដែលបានកប់ទៅ ជារូបកាយអាប់ឱន តែរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីល្អ។ រូបកាយដែលបានកប់ទៅ ជារូបកាយទន់ខ្សោយ តែរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយចេស្តា។ រូបកាយដែលបានកប់ទៅ ជារូបកាយខាងសាច់ឈាម តែរូបកាយដែលរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ ហើយបើមានរូបកាយខាងសាច់ឈាម នោះរូបកាយខាងវិញ្ញាណក៏មានដែរ។ ហេតុនេះហើយបានជាមានសេចក្តីចែងទុកមកថា «លោកអ័ដាមដែលជាមនុស្សមុនដំបូង បានត្រឡប់ជាមានព្រលឹងរស់ឡើង» តែលោកអ័ដាមចុងក្រោយបង្អស់ ត្រឡប់ជាវិញ្ញាណដែលផ្ដល់ជីវិត។ ប៉ុន្តែ មិនមែនរូបកាយខាងវិញ្ញាណទេដែលកើតមុន គឺរូបកាយខាងសាច់ឈាមវិញ បន្ទាប់មក ទើបរូបកាយខាងវិញ្ញាណមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមក គឺធ្វើពីធូលីដី រីឯមនុស្សទីពីរវិញ មកពីស្ថានសួគ៌។ មនុស្សម្នាក់ដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដីក៏យ៉ាងនោះដែរ ហើយមនុស្សម្នាក់ដែលមកពីស្ថានសួគ៌ជាយ៉ាងណា អស់អ្នកដែលកើតពីស្ថានសួគ៌ក៏យ៉ាងនោះដែរ។ យើងមានរូបរាងដូចមនុស្សដែលធ្វើពីធូលីមកយ៉ាងណា នោះយើងក៏នឹងមានរូបរាងដូចមនុស្សដែលមកពីស្ថានសួគ៌យ៉ាងនោះដែរ។
១ កូរិនថូស 15:42-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំណែកមនុស្សស្លាប់ ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដីតែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញ មិនចេះរលួយទេ។ រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយឫទ្ធានុភាព។ រូបកាយដែលគេកប់ក្នុងដី ជារូបកាយធម្មជាតិ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយព្រះវិញ្ញាណ។ ប្រសិនបើមានរូបកាយធម្មជាតិមែន រូបកាយប្រកបដោយវិញ្ញាណក៏មានដែរ។ ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺលោកអដាំបានទទួលជីវិត» ។ រីឯលោកអដាំចុងក្រោយបង្អស់ បានទៅជាព្រះវិញ្ញាណដែលផ្ដល់ជីវិត។ មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណ កើតមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញ កើតមកពីស្ថានបរមសុខ*។ អស់អ្នកដែលកើតពីដីក៏មានលក្ខណៈដូចអ្វីៗនៅលើដីនេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គ ដែលនៅស្ថានបរមសុខដែរ។ យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយដូចព្រះអង្គ ដែលគង់នៅស្ថានបរមសុខយ៉ាងនោះដែរ។
១ កូរិនថូស 15:42-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ នោះក៏បែបដូច្នោះដែរ គេបានកប់ទៅ ជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយឡើយ បានកប់ទៅ ទាំងមានសេចក្ដីអាប់ឱន តែរស់ឡើងវិញ ទាំងមានសិរីល្អ បានកប់ទៅ ទាំងមានសេចក្ដីកំសោយ តែរស់ឡើងវិញ ទាំងមានព្រះចេស្តា បានកប់ទៅ ជារូបកាយ ខាងសាច់ឈាម តែរស់ឡើង ជារូបកាយខាងវិញ្ញាណវិញ បើមានរូបកាយ ខាងសាច់ឈាម នោះក៏មានរូបកាយ ខាងវិញ្ញាណដែរ ដូចជាសេចក្ដីដែលចែងទុក ពីលោកអ័ដាម ដែលជាមនុស្សមុនដំបូងថា «បានត្រឡប់ជាមានព្រលឹងរស់» តែលោកអ័ដាមក្រោយបង្អស់ ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ ឯវិញ្ញាណមិនមែនកើតមុនទេ គឺជារូបសាច់ទេតើ រួចទើបមានវិញ្ញាណជាខាងក្រោយ មនុស្សមុនដំបូងកើតមកពីដី គឺធ្វើមកពីធូលីដី តែមនុស្សទី២ ជាព្រះអម្ចាស់ដែលចេញមកពីស្ថានសួគ៌វិញ ឯមនុស្សដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដី ក៏យ៉ាងនោះដែរ ហើយព្រះអម្ចាស់ ដែលយាងមកពីស្ថានសួគ៌ ជាយ៉ាងណា ពួកស្ថានសួគ៌ក៏យ៉ាងនោះដែរ យើងក៏នឹងមានរូបរាងរបស់ព្រះអម្ចាស់ពីស្ថានសួគ៌ ដូចជាយើងមានរូបរាងរបស់មនុស្ស ដែលធ្វើពីធូលីមកដែរ