អេម៉ុស 6:1-4
អេម៉ុស 6:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់អស់អ្នកដែលរស់ដោយឥតកង្វល់នៅក្រុងស៊ីយ៉ូន ហើយដល់អស់អ្នកដែលរស់ យ៉ាងសុខសាន្តនៅលើភ្នំសាម៉ារី ជាពួកអ្នកប្រមុខនៃជាតិសាសន៍ដ៏សំខាន់ជាងគេ ក្នុងចំណោមជាតិសាសន៍ទាំងឡាយ ដែលពូជពង្សអ៊ីស្រាអែលទៅពឹងផ្អែក! ចូរឆ្លងទៅក្រុងកាលនេ ហើយពិចារណាមើលចុះ ពីទីនោះរហូតទៅដល់ហាម៉ាតជាក្រុងធំ រួចចុះទៅក្រុងកាថរបស់ពួកសាសន៍ភីលីស្ទីន។ តើអ្នករាល់គ្នាវិសេសជាង នគរទាំងនេះឬ? តើទឹកដីរបស់គេធំជាងទឹកដីរបស់អ្នករាល់គ្នាឬ? ឱអ្នករាល់គ្នាដែលច្រានថ្ងៃអាក្រក់ឲ្យចេញឆ្ងាយ ហើយនាំរាជ្យដ៏ឃោរឃៅឲ្យចូលមកជិតអើយ! វេទនាដល់អស់អ្នកដែលដេកលើគ្រែភ្លុក ហើយទម្រេតខ្លួននៅលើកម្រាល ព្រមទាំងស៊ីកូនចៀមពីហ្វូងសត្វ និងកូនគោដែលបង្ខាំងទុក
អេម៉ុស 6:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលរស់ដោយឥតកង្វល់ នៅក្រុងស៊ីយ៉ូន និងអស់អ្នកដែលរស់យ៉ាងសុខស្រួល នៅលើភ្នំសាម៉ារីអើយ អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន! អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ ពូជពង្សអ៊ីស្រាអែលយកអ្នករាល់គ្នា ធ្វើជាបង្អែក។ ចូរនាំគ្នាទៅកាល់ណេ ហើយសង្កេតមើលចុះ ចូរទៅរហូតដល់ក្រុងហាម៉ាត់មហានគរ រួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន! តើក្រុងទាំងនោះចម្រុងចម្រើនជាង នគររបស់អ្នករាល់គ្នាឬ? តើទឹកដីរបស់គេធំទូលាយជាងទឹកដី របស់អ្នករាល់គ្នាឬ? អ្នករាល់គ្នាចង់ពន្យារពេល កុំឲ្យថ្ងៃវេទនាខិតចូលមកដល់ តែអ្នករាល់គ្នាបែរជាធ្វើឲ្យ រាជ្យដ៏ឃោរឃៅកាន់តែខិតចូលមកជិត។ អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុក អ្នករាល់គ្នាទម្រេតយ៉ាងច្រអូសនៅលើកម្រាលព្រំ បរិភោគសាច់ចៀម និងកូនគោបំប៉ន។
អេម៉ុស 6:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់ពួកអ្នក ដែលនៅជាឥតកង្វល់ ក្នុងក្រុងស៊ីយ៉ូន ហើយដល់ពួកអ្នកដែលនៅ ដោយសុខសាន្តលើភ្នំសាម៉ារីផង គឺជាពួកប្រធានក្នុងពួកអ្នកមុខនៃអស់ទាំងសាសន៍ ដែលពួកវង្សអ៊ីស្រាអែលបានមកដល់គេ ចូរទៅឯក្រុងកាលនេ ហើយពិចារណាមើលចុះ ពីនោះឲ្យទៅដល់ហាម៉ាត ជាក្រុងធំ រួចចុះទៅឯក្រុងកាថរបស់សាសន៍ភីលីស្ទីន តើទីក្រុងទាំងនោះវិសេសជាងនគរទាំងនេះឬ ឯព្រំស្រុករបស់គេ តើធំជាងព្រំស្រុករបស់ឯងរាល់គ្នាឬទេ ឯងរាល់គ្នាគិតបន្ថយថ្ងៃអាក្រក់ឲ្យឆ្ងាយចេញ ហើយបង្ខិតទីស្តីការនៃសេចក្ដីច្រឡោត ឲ្យចូលមកជិតវិញ ក៏ដេកលើគ្រែភ្លុក ហើយមិនពត់ខ្លួននៅលើដំណេក ព្រមទាំងស៊ីកូនចៀមពីហ្វូងសត្វ នឹងកូនគោដែលបង្ខាំងទុក