យេរេមា 10:1-23
យេរេមា 10:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់សេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាចុះ គឺព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ កុំរៀនតាមកិរិយារបស់សាសន៍ដទៃឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះទីសម្គាល់នៅលើមេឃដែរ ដ្បិតសាសន៍ដទៃគេខ្លាចទីសម្គាល់ទាំងនោះ ពីព្រោះអស់ទាំងទំនៀមទម្លាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ គេតាក់តែងដោយប្រាក់ និងមាស គេយកញញួរបោះជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណា។ រូបព្រះរបស់គេ ប្រៀបដូចជាទីងមោង នៅក្នុងចម្ការត្រសក់ រូបទាំងនោះមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ព្រោះដើរមិនរួច កុំកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។ ឱព្រះយេហូវ៉ាអើយ គ្មានណាឲ្យដូចព្រះអង្គឡើយ ព្រះអង្គធំប្រសើរ ហើយព្រះនាមព្រះអង្គក៏មានឥទ្ធានុភាពយ៉ាងខ្លាំងដែរ។ ឱមហាក្សត្រនៃអស់ទាំងសាសន៍អើយ តើមានអ្នកណាដែលមិនត្រូវកោតខ្លាច ដល់ព្រះយេហូវ៉ា ដ្បិតសេចក្ដីកោតខ្លាចសំណំតែនឹងព្រះអង្គប៉ុណ្ណោះ ព្រោះក្នុងបណ្ដាមនុស្សមានប្រាជ្ញាទាំងឡាយ នៅគ្រប់ទាំងសាសន៍ ហើយក្នុងនគររបស់គេទាំងប៉ុន្មាន នោះគ្មានអ្នកណាមួយឲ្យដូចព្រះអង្គឡើយ។ គឺគេសុទ្ធតែជាមនុស្សល្ងីល្ងើ លេលា លទ្ធិរបស់គេគឺរូបព្រះ ប៉ុន្តែ ជាដុំឈើ! គេនាំយកប្រាក់ផែជាផ្ទាំងមកពីស្រុកតើស៊ីស និងមាសពីស្រុកអ៊ូផាស ជាស្នាដៃរបស់ជាងទង និងជាងស្មិត ក៏មានសំពត់ពណ៌ខៀវ និងពណ៌ស្វាយជាគ្រឿងតែង រូបនោះសុទ្ធតែជាការដែលដៃមនុស្សបានធ្វើទាំងអស់។ ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដ៏ពិត ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបានឡើយ។ ដូច្នេះ ត្រូវប្រាប់គេថា៖ ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ និងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ ។ ព្រះបានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ព្រះអង្គ ព្រះអង្គបានតាំងលោកិយ៍ឡើង ដោយសារប្រាជ្ញារបស់ព្រះអង្គ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។ កាលណាព្រះអង្គបព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ព្រះអង្គធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សម្រាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គផង។ មនុស្សគ្រប់គ្នាទៅជាល្ងីល្ងើ ហើយឥតមានចំណេះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាការកុហក ឥតមានដង្ហើមឡើយ។ វាសុទ្ធតែអសារឥតការ ជាការបព្ឆោាតទេ នៅគ្រាដែលផ្ចាញ់ផ្ចាល វានឹងវិនាសបាត់ទៅ។ ឯព្រះយេហូវ៉ា ជាចំណែករបស់ពួកយ៉ាកុបមិនដូច្នោះទេ ដ្បិតព្រះអង្គគឺជាអ្នកដែលបានបង្កើតរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែល ជាកុលសម្ព័ន្ធនៃមត៌ករបស់ព្រះអង្គ ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។ ឱអ្នកដែលនៅក្នុងកំឡុង មានទាំងពួកខ្មាំងឡោមព័ទ្ធអ្នកជុំវិញ ចូរប្រមូលអីវ៉ាន់អ្នកចេញពីស្រុកទៅ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! ឥឡូវនេះ យើងនឹងបោះចោលពួកអ្នកស្រុកនេះ ហើយធ្វើទុក្ខគេ ឲ្យគេស្គាល់ដៃយើង។ វរហើយខ្ញុំ ដោយព្រោះសេចក្ដីឈឺចាប់របស់ខ្ញុំ របួសខ្ញុំឈឺណាស់ តែខ្ញុំនិយាយថា នេះហើយជាសេចក្ដីលំបាករបស់ខ្ញុំ ខ្ញុំត្រូវតែទ្រាំទ្រ ត្រសាលខ្ញុំបានត្រូវបំផ្លាញបង់ អស់ទាំងខ្សែក៏ដាច់ចេញហើយ កូនចៅខ្ញុំបានចេញចាកចោលខ្ញុំ ហើយមិននៅទៀតទេ គ្មានអ្នកណានឹងដំឡើងត្រសាល ហើយចងរនាំងខ្ញុំទៀតឡើយ ដ្បិតពួកគង្វាល បានត្រឡប់ជាមនុស្សល្ងីល្ងើទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចម្រើន ហើយពួកគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ។ មានឮសូរគ្រឹកគ្រេង ដែលចេញពីស្រុកខាងជើងមក ដើម្បីធ្វើឲ្យទីក្រុងនានាក្នុងស្រុកយូដាត្រូវបំផ្លាញ ក្លាយជាទីអាស្រ័យរបស់ចចកវិញ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលតម្រង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។
យេរេមា 10:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលអើយ ចូរនាំគ្នាស្ដាប់សេចក្ដីដែល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា! ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មិនត្រូវយកតម្រាប់តាមប្រជាជាតិនានាឡើយ ហើយក៏មិនត្រូវញ័ររន្ធត់ចំពោះទីសម្គាល់ ផ្សេងៗនៅលើមេឃ ដូចប្រជាជាតិទាំងឡាយដែរ។ ជំនឿសាសនារបស់សាសន៍នានា សុទ្ធតែឥតបានការ។ ពួកគេកាប់ដើមឈើពីក្នុងព្រៃ ហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប រួចគេយកប្រាក់ និងមាសស្រោបពីលើ។ បន្ទាប់មក គេយកដែកគោល និងញញួរ មកដំភ្ជិតរូបនោះកុំឲ្យរង្គើ។ ព្រះទាំងនោះមិនចេះនិយាយទេ គឺប្រៀបបាននឹងទីងមោងចាំចម្ការត្រសក់ ព្រះទាំងនោះមិនចេះដើរឡើយ ទៅណាមកណា ត្រូវតែមានអ្នកលីសែង។ កុំខ្លាចព្រះទាំងនោះអី ព្រះទាំងនោះមិនចេះធ្វើបាបនរណាទេ ហើយក៏មិនចេះប្រព្រឹត្តអំពើល្អដែរ»។ ឱព្រះអម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹង ព្រះអង្គបានឡើយ ព្រះអង្គជាព្រះដ៏ឧត្ដម ហើយព្រះនាមព្រះអង្គក៏ឧត្ដុង្គឧត្ដមដែរ ព្រោះព្រះអង្គប្រកបដោយឫទ្ធិបារមី។ មនុស្សទាំងអស់ត្រូវតែកោតខ្លាចព្រះអង្គ ដ្បិតព្រះអង្គជាព្រះមហាក្សត្រ របស់ប្រជាជាតិនានា។ ក្នុងចំណោមប្រជាជាតិនានា និងនៅក្នុងនគរទាំងប៉ុន្មាន គ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងព្រះអង្គបានឡើយ។ ពួកគេសុទ្ធតែល្ងីល្ងើ និងលេលាទាំងអស់គ្នា ដោយគោរពរូបព្រះធ្វើពីឈើដែលឥតបានការ ពួកគេយកសន្លឹកប្រាក់ពីស្រុកតើស៊ីស និងយកមាសពីស្រុកអ៊ូផាស ហើយឲ្យជាងទង និងជាងចម្លាក់ យកមាសប្រាក់នោះស្រោបពីលើរូបបដិមា រួចយកក្រណាត់ពណ៌ស្វាយ និងក្រហមទុំ មកពាក់ឲ្យផង។ រូបព្រះទាំងនោះជាស្នាដៃរបស់សិល្បករ។ រីឯព្រះអម្ចាស់វិញ ព្រះអង្គជាព្រះនៃសេចក្ដីពិត ព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ជាព្រះមហាក្សត្រដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច។ ពេលព្រះអង្គសម្តែងព្រះពិរោធ នោះផែនដីត្រូវញាប់ញ័រ។ ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គទេ។ ចូរប្រាប់ពួកគេថា ព្រះទាំងឡាយដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។ រីឯព្រះអម្ចាស់វិញ ព្រះអង្គបានសូនផែនដី ដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបង្កើតពិភពលោក ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយព្រះតម្រិះរបស់ព្រះអង្គ។ ពេលព្រះអង្គបន្លឺព្រះសូរសៀង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។ ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ មនុស្សទាំងអស់បែរជាងឿងឆ្ងល់ ហើយភ័ន្តភាំងស្មារតី ជាងមាសបែរជាខ្មាសខ្លួនឯង ដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការ ទាំងនោះ ដែលគ្មានវិញ្ញាណ។ ព្រះទាំងនោះឥតបានការអ្វីសោះ ជាវត្ថុគួរឲ្យមើលងាយ ដែលនឹងត្រូវវិនាសសូន្យ នៅថ្ងៃដែលព្រះជាម្ចាស់ដាក់ទោស។ រីឯព្រះរបស់លោកយ៉ាកុបវិញមិនដូច្នោះទេ ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ យេរូសាឡឹមអើយ សត្រូវបានឡោមព័ទ្ធអ្នកជុំវិញហើយ! ចូរប្រមូលទ្រព្យសម្បត្តិរបស់អ្នក! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពេលនេះ យើងនឹងលើកអ្នកស្រុកនេះ គ្រវែងចោលឲ្យឆ្ងាយពីទឹកដី យើងនឹងដេញពួកគេយ៉ាងប្រកិត មិនឲ្យពួកគេរត់រួចឡើយ»។ ខ្ញុំវេទនាហើយ! ខ្ញុំហិនហោចអស់ហើយ! ដំបៅរបស់ខ្ញុំមើលមិនជាទេ! ពីមុនខ្ញុំគិតថា ខ្ញុំឈឺចាប់មែន តែខ្ញុំអាចស៊ូទ្រាំបាន! ប៉ុន្តែ ឥឡូវនេះ ជំរំរបស់ខ្ញុំខូចខាតអស់ រីឯខ្សែចងជំរំក៏ដាច់អស់ដែរ កូនចៅខ្ញុំបានចាកចេញពីខ្ញុំបាត់អស់ទៅហើយ គ្មាននរណាជួយដំឡើងជំរំ និងជួយធ្វើជម្រកឲ្យខ្ញុំសាជាថ្មីឡើយ។ នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើ ពួកគេមិនបានស្វែងរកព្រះអម្ចាស់ទេ ហេតុនេះហើយបានជាពួកគេត្រូវបរាជ័យ ហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រង របស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។ ស្ដាប់មើលចុះ សំឡេងដ៏គគ្រឹកគគ្រេង លាន់ឮឡើងពីទិសខាងជើង ដើម្បីមកកម្ទេចក្រុងទាំងឡាយនៃស្រុកយូដា ឲ្យក្លាយទៅជាទីស្មសាន ជាជម្រករបស់ឆ្កែព្រៃ។ ឱព្រះអម្ចាស់អើយ ទូលបង្គំយល់ឃើញថា មនុស្សលោកមិនអាចធ្វើជាម្ចាស់លើ កិរិយាមារយាទរបស់ខ្លួនបានទេ ក្នុងដំណើរជីវិត គេពុំអាចតម្រង់ផ្លូវរបស់ខ្លួនបានឡើយ។
យេរេមា 10:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់សេចក្ដីដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអ្នករាល់គ្នាចុះ គឺទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យរៀនតាមកិរិយារបស់សាសន៍ដទៃឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះទីសំគាល់នៅលើមេឃដែរ ដ្បិតសាសន៍ដទៃគេខ្លាចទីសំគាល់ទាំងនោះ ពីព្រោះអស់ទាំងទំនៀមទំលាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ គេតាក់តែងដោយប្រាក់ នឹងមាស គេយកញញួរបោះជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណា រូបទាំងនោះឈរត្រង់ ដូចជាដើមលម៉ើវាមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ពីព្រោះដើរមិនរួច កុំឲ្យកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។ ឱព្រះយេហូវ៉ាអើយ គ្មានណាឲ្យដូចទ្រង់ឡើយ ទ្រង់ធំប្រសើរ ហើយព្រះនាមទ្រង់ក៏មានឥទ្ធានុភាពយ៉ាងខ្លាំងដែរ ឱមហាក្សត្រនៃអស់ទាំងសាសន៍អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា ដ្បិតសេចក្ដីកោតខ្លាចសំណំតែនឹងទ្រង់ប៉ុណ្ណោះ ពីព្រោះក្នុងបណ្តាមនុស្សប្រាជ្ញាទាំងឡាយនៅគ្រប់ទាំងសាសន៍ ហើយក្នុងនគររបស់គេទាំងប៉ុន្មាន នោះគ្មានអ្នកណាមួយឲ្យដូចទ្រង់ឡើយ គឺគេសុទ្ធតែជាមនុស្សកំរោល ហើយល្ងីល្ងើ ឯលទ្ធិរបស់គេជាសេចក្ដីសូន្យសោះ គឺជាដុំឈើទទេ គេនាំយកប្រាក់ផែជាផ្ទាំងមកពីស្រុកតើស៊ីស នឹងមាសពីស្រុកអ៊ូផាស ជាស្នាដៃរបស់ជាងទង នឹងជាងស្មិត ក៏មានសំពត់ពណ៌ខៀវ នឹងពណ៌ស្វាយជាគ្រឿងតែង រូបនោះសុទ្ធតែជាការដែលដៃមនុស្សបានធ្វើទាំងអស់ តែព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ទ្រង់ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បានឡើយ ដូច្នេះ ត្រូវឲ្យប្រាប់គេថា ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ នឹងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ។ ព្រះទ្រង់បានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ទ្រង់ ទ្រង់បានតាំងលោកីយឡើង ដោយសារប្រាជ្ញារបស់ទ្រង់ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់ កាលណាទ្រង់បព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ទ្រង់ធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សំរាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ទ្រង់ផង គ្រប់ទាំងមនុស្សបានទៅជាកំរោល ហើយឥតមានចំណេះ គ្រប់ទាំងជាងទងបានត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាសេចក្ដីកំភូតទទេ ឥតមានដង្ហើមឡើយ វាសុទ្ធតែអសារឥតការ ជាការបញ្ឆោតហើយ នៅគ្រាដែលផ្ចាញ់ផ្ចាល នោះវានឹងវិនាសបាត់ទៅ ឯព្រះរបស់ពួកយ៉ាកុបមិនមែនដូចវាទេ គឺទ្រង់ដែលបានបង្កើតរបស់សព្វសារពើវិញ ហើយសាសន៍អ៊ីស្រាអែល ជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។ ឱឯង ដែលនៅក្នុងកំឡុង មានទាំងពួកខ្មាំងឡោមព័ទ្ធឯងជុំវិញអើយ ចូរប្រមូលអីវ៉ាន់ឯង ចេញពីស្រុកទៅ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល ឥឡូវនេះអញនឹងបោះចោលពួកអ្នកស្រុកនេះចេញ ហើយនឹងធ្វើទុក្ខគេ ឲ្យគេស្គាល់ដៃអញផង។ វរហើយខ្ញុំ ដោយព្រោះសេចក្ដីឈឺចាប់របស់ខ្ញុំ របួសខ្ញុំឈឺណាស់ តែខ្ញុំនិយាយថា នេះហើយជាសេចក្ដីលំបាករបស់ខ្ញុំ ខ្ញុំត្រូវតែទ្រាំទ្រ ត្រសាលខ្ញុំបានត្រូវបំផ្លាញបង់ អស់ទាំងខ្សែក៏ដាច់ចេញហើយ កូនចៅខ្ញុំបានចេញចាកចោលខ្ញុំ ហើយមិននៅទៀតទេ គ្មានអ្នកណានឹងដំឡើងត្រសាល ហើយចងរនាំងខ្ញុំទៀតឡើយ ដ្បិតពួកអ្នកគង្វាល បានត្រឡប់ជាមនុស្សកំរោលទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចំរើន ហើយហ្វូងគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ មានឮសូរសព្ទ ពីការកោលាហលជាខ្លាំង ដែលចេញពីស្រុកខាងជើងមក ដើម្បីនឹងធ្វើឲ្យអស់ទាំងទីក្រុងនៃស្រុកយូដា ទៅជាទីបំផ្លាញបង់ ជាទីអាស្រ័យរបស់ចចកវិញ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ