យេរេមា 22:24-30

យេរេមា 22:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ទៅ​កាន់​ព្រះ‌បាទ​យេកូ‌នាស បុត្រ​របស់​ស្ដេច​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ទោះ​បី​អ្នក​ប្រៀប​បាន​នឹង​ត្រា​ដែល​យើង​ពាក់​នៅ​ដៃ​ស្ដាំ​ក្ដី ក៏​យើង​ត្រូវ​ដក​អ្នក​ចេញ​ដែរ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​ពួក​ដែល​ចង់​ប្រហារ​ជីវិត​អ្នក។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ដែល​ធ្វើ​ឲ្យ​អ្នក​ញ័រ​រន្ធត់ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ។ យើង​នឹង​បោះ​បង់​ចោល​អ្នក ព្រម​ទាំង​ម្ដាយ​ដែល​បាន​បង្កើត​អ្នក។ អ្នក​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក។ អ្នក​ប្រាថ្នា​ចង់​វិល​មក​ស្រុក​កំណើត​វិញ​ណាស់ តែ​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​បាន​ឡើយ»។ តើ​ព្រះ‌បាទ​យេកូ‌នាស​ក្លាយ​ទៅ​ជា​មនុស្ស​គួរ​ឲ្យ​មាក់‌ងាយ ដូច​ថូ​កំបែក​ដែល​គេ​បោះ​ចោល គ្មាន​នរណា​ចង់​បាន​ឬ? ហេតុ​អ្វី​បាន​ជា​ស្ដេច​នេះ និង​ព្រះ‌រាជ‌វង្ស ត្រូវ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល ហើយ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ នៅ​ក្នុង​ស្រុក​មួយ​ដែល​គេ​ពុំ​ធ្លាប់​ស្គាល់? ឱ​មាតុ‌ភូមិ ឱ​មាតុ‌ភូមិ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ចូរ​ចាត់​ទុក​បុរស​នេះ​ដូច​មនុស្ស​គ្មាន​កូន​ត​ពូជ និង​ដូច​មនុស្ស​ធ្វើ​អ្វី​ពុំ​បាន​សម្រេច​នៅ​ក្នុង​ជីវិត ដ្បិត​ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គេ នឹង​គ្មាន​នរណា​ម្នាក់​ស្នង​រាជ្យ​របស់​ដាវីឌ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គ្រប់‌គ្រង​លើ​ស្រុក​យូដា​ដែរ»។

ចែក​រំលែក
អាន យេរេមា 22

យេរេមា 22:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ស្បថ​ថា៖ ដូច​ជា​យើង​រស់​នៅ ទោះ​បើព្រះបាទ​កូនាស ជា​បុត្រ​ព្រះបាទ​យេហូ‌យ៉ាគីម ស្តេច​សាសន៍​យូដា ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​យើង​ក៏​ដោយ គង់​តែ​យើង​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចង់​បាន​ជីវិត​អ្នក ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​អ្នក​បាន​ខ្លាច​នោះ គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​សាសន៍​ខាល់ដេ​ផង។ យើង​នឹង​បោះ​អ្នក​ចោល ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​អ្នក​ផង ទៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក ហើយ​អ្នក​នឹង​ស្លាប់​នៅ​ក្នុង​ស្រុក​នោះ។ ប៉ុន្តែ ស្រុក​ដែល​ចិត្ត​គេ​រឭក​ចង់​វិល​ទៅ​នៅ​វិញ​នោះ គេ​នឹង​មិន​ត្រឡប់​ទៅ​នៅ​វិញ​ឡើយ។ ឯ​មនុស្ស​ឈ្មោះ​កូនាស នេះ តើ​ជា​ភាជនៈ​កំបែក ហើយ​សម្អប់ ជា​ប្រដាប់​ដែល​ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឬ? ហេតុ​អ្វី​បាន​ជា​គេ និង​កូន​ចៅ​របស់​គេ​ត្រូវ​បោះ​ចោល ហើយ​គ្រវែង​ទៅ​នៅ​ស្រុក​មួយ​ដែល​គេ​មិន​ស្គាល់​នោះ? ឱ​ផែនដី ផែនដី ផែនដី​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ៖ ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន ជា​មនុស្ស​ដែល​នឹង​មិន​ចម្រើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ ដ្បិត​នឹង​គ្មាន​ពូជ‌ពង្ស​គេ​ណា​មួយ ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក​ស្ដេច​ដាវីឌ ហើយ​គ្រប់​គ្រង​លើ​ស្រុក​យូដា​បាន​ទៀត​ឡើយ។

ចែក​រំលែក
អាន យេរេមា 22

យេរេមា 22:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​សាសន៍​យូដា​ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​អញ​ក៏​ដោយ គង់​តែ​អញ​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​ឯង ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​បាន​ខ្លាច​នោះ គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ខាល់ដេ​ផង អញ​នឹង​បោះ​ឯង​ចោល​ចេញ ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​ឯង​ផង ទៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​ឯង ហើយ​ឯង​នឹង​ស្លាប់ នៅ​ក្នុង​ស្រុក​នោះ តែ​ឯ​ស្រុក​ដែល​ចិត្ត​គេ​រឭក​ចង់​វិល​ទៅ​នៅ​វិញ​នោះ គេ​នឹង​មិន​ត្រឡប់​ទៅ​នៅ​វិញ​ឡើយ ឯ​មនុស្ស​ឈ្មោះ​យេកូនាស​នេះ តើ​ជា​ភាជនៈ​កំបែក ហើយ​សំអប់​ឬ​អី តើ​ជា​ប្រដាប់​ដែល​ឥត​មាន​អ្នក​ណា​ពេញ​ចិត្ត​ដែរ​ឬ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​បោះ​ចេញ​ដូច្នេះ ព្រម​ទាំង​ពូជ‌ពង្ស​របស់​គេ​ផង គឺ​បោះ​ចោល​ទៅ​នៅ​ស្រុក​១​ដែល​គេ​មិន​ស្គាល់​នោះ ឱ​ផែនដី ផែនដី ផែនដី​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន ជា​មនុស្ស​ដែល​នឹង​មិន​ចំរើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ ដ្បិត​នឹង​គ្មាន​ពូជ‌ពង្ស​គេ​ណា​មួយ ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក នៃ​ដាវីឌ ហើយ​គ្រប់‌គ្រង​លើ​ស្រុក​យូដា​បាន​ទៀត​ឡើយ។

ចែក​រំលែក
អាន យេរេមា 22