ម៉ាថាយ 6:16-18
ម៉ាថាយ 6:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ពេលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀម ដូចមនុស្សមានពុតឡើយ ដ្បិតគេធ្វើទឹកមុខស្រងូត ដើម្បីបង្ហាញឲ្យមនុស្សឃើញថាខ្លួនតមអាហារ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ ពេលតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខចេញ ដើម្បីកុំឲ្យមនុស្សឃើញថា អ្នកតមអាហារ គឺឲ្យព្រះវរបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងទតឃើញវិញ ហើយព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]»។
ម៉ាថាយ 6:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឲ្យអ្នកដទៃឃើញថាខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង កុំឲ្យមនុស្សម្នាឃើញថាអ្នកតមឡើយ គឺឲ្យតែព្រះបិតារបស់អ្នក ដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ ពេលនោះ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។
ម៉ាថាយ 6:16-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាអ្នករាល់គ្នាតមអាហារ នោះកុំឲ្យធ្វើទឹកមុខក្រៀម ដូចជាមនុស្សមានពុតឡើយ ដ្បិតគេក្លែងទឹកមុខស្រងូត ឲ្យមនុស្សលោកឃើញថាគេតម ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ តែអ្នក កាលណាតម នោះចូរឲ្យលាបគ្រឿងក្រអូបនៅលើក្បាល ហើយលប់មុខចេញ ដើម្បីកុំឲ្យមនុស្សលោកឃើញថា អ្នកតមឡើយ គឺឲ្យព្រះវរបិតានៃអ្នក ដែលគង់នៅទីលាក់កំបាំង បានឃើញវិញ នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញនៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក នៅទីប្រចក្សច្បាស់។