សុភាសិត 1:10-16

សុភាសិត 1:10-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង កុំ​ព្រម​តាម​គេ​ឡើយ។ បើ​គេ​ថា «ចូរ​មក​ជា‌មួយ​យើង​ចុះ យើង​នឹង​រង់​ចាំ​ឱកាស​កម្ចាយ​ឈាម យើង​នឹង​លប​ដោយ​សម្ងាត់ ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ យើង​នឹង​រឹប​អូស របស់​មាន​តម្លៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំ‌នៅ​យើង ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ យើង​នឹង​មាន​ថង់​ប្រាក់​តែ​មួយ​ប៉ុណ្ណោះ»។ កូន​អើយ ឯង​កុំ​ដើរ​ក្នុង​ផ្លូវ​ជា‌មួយ​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង ផ្លូវ​ច្រក​របស់​គេ​វិញ។ ដ្បិត​ជើង​គេ​រត់​តាម​តែ​ការ​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ផង

ចែក​រំលែក
អាន សុភាសិត 1

សុភាសិត 1:10-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​អើយ បើ​មាន​ជន​ពាល​មក​បបួល​កូន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ កុំ​ទៅ​តាម​គេ​ឡើយ។ បើ​ជន​ពាល​បបួល​កូន​ថា: «ចូរ​មក​ជា​មួយ​ពួក​យើង យើង​នឹង​ស្ទាក់​ផ្លូវ​ចាំ​បង្ហូរ​ឈាម ហើយ​យើង​នឹង​វាយ​ឆ្មក់​សម្លាប់​មនុស្ស​ស្លូត​ត្រង់​លេង។ យើង​នឹង​លុប​បំបាត់​ពួក​គេ ដូច​មច្ចុរាជ​លេប​បំបាត់​ពួក​គេ​ទាំង​រស់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ ដូច​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ រួច​ហើយ​យើង​រឹប​អូស​របស់​មាន​តម្លៃ​ទាំង​ប៉ុន្មាន ពី​ពួក​គេ​យក​ទៅ​ដាក់​ឲ្យ​ពេញ​ផ្ទះ​យើង។ ចូរ​មក​រួម​ជា​មួយ​យើង យើង​នឹង​ចែក​របស់​ដែល​រឹប​អូស​យក​បាន​នោះ​ជា​មួយ​គ្នា!»។ កូន​អើយ កុំ​សេព‌គប់​ជា​មួយ​អ្នក​ទាំង​នោះ​ឡើយ តែ​ត្រូវ​ងាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ។ ពួក​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ងាយ​បង្ហូរ​ឈាម​ណាស់។

ចែក​រំលែក
អាន សុភាសិត 1

សុភាសិត 1:10-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង នោះ​កុំ​ឲ្យ​ព្រម​តាម​គេ​ឡើយ បើ​គេ​ថា ចូរ​មក​ជា​មួយ​នឹង​យើង​ចុះ យើង​នឹង​រង់‌ចាំ​ឱកាស​កំចាយ​ឈាម យើង​នឹង​អែប​លប​ដោយ​សំងាត់ ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ យើង​នឹង​បាន​ប្រទះ​របស់​មាន​ដំឡៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំនៅ​យើង​ដោយ​របឹប ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ យើង​នឹង​មាន​ថង់​ប្រាក់​តែ​១​ប៉ុណ្ណោះ កូន​អើយ កុំ​ឲ្យ​ឯង​ដើរ​ក្នុង​ផ្លូវ​ជា​មួយ​នឹង​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ផ្លូវ​ច្រក​របស់​គេ​វិញ ដ្បិត​ជើង​គេ​រត់​តាម​តែ​សេចក្ដី​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កំចាយ​ឈាម​ផង

ចែក​រំលែក
អាន សុភាសិត 1