សុភាសិត 19:1-14

សុភាសិត 19:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង‌ត្រង់ ប្រសើរ​ជាង​មនុស្ស​ល្ងង់​និយាយ​ភូត‌ភរ។ ខ្វះ​ការ​ចេះ​ដឹង​មិន​ប្រសើរ​ទេ សម្រាប់​មនុស្ស ហើយ​អ្នក​ដែល​ប្រញាប់​ឈាន​ជើង​ទៅ​ប្រព្រឹត្ត​អំពើ​អ្វី​មួយ រមែង​មាន​កំហុស។ ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​គេ​បែរ​ជា​ខឹង​នឹង​ព្រះ‌អម្ចាស់​ទៅ​វិញ។ ទ្រព្យ​សម្បត្តិ​រមែង​ធ្វើ​ឲ្យ​មាន​មិត្ត‌ភក្ដិ​ច្រើន រីឯ​អ្នក​ក្រ​វិញ មិត្ត‌ភក្ដិ​តែងតែ​បោះ‌បង់​ចោល។ សាក្សី​ក្លែង‌ក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ​ក៏​មិន​រួច​ខ្លួន​ដែរ។ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​បញ្ជោរ​អ្នក​ធំ ហើយ​ម្នាក់ៗ​ចូល​ចិត្ត​ចង​មិត្ត​នឹង​អ្នក​ជូន​ជំនូន។ មនុស្ស​ក្រីក្រ​គ្មាន​បងប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្ត‌ភក្ដិ​ក៏​បោះ‌បង់​ចោល​ដែរ កាល​ណា​ត្រូវ​ការ​រក​គេ គេ​គេច​បាត់​អស់។ អ្នក​ណា​ចេះ​គិត​ពិចារណា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង អ្នក​ណា​រក្សា​ការ​យល់​ដឹង អ្នក​នោះ​មាន​សុភមង្គល។ សាក្សី​ក្លែង‌ក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ ក៏​មិន​រួច​ខ្លួន​ដែរ។ ជីវ‌ភាព​ខ្ពង់‌ខ្ពស់​មិន​ស័ក្ដិ‌សម​នឹង​មនុស្ស​ខ្លៅ​ទេ ហើយ​លើស​ពី​នេះ អ្នក​បម្រើ​ក៏​មិន​សម​ត្រួត‌ត្រា​លើ​មេ​ដឹក​នាំ​ដែរ។ មនុស្ស​មាន​សុភ‌និច្ឆ័យ​រមែង​ចេះ​ទប់​កំហឹង។ គេ​រក្សា​កិត្តិយស ដោយ​មិន​តប​ត​នឹង​អ្នក​ដែល​ធ្វើ​ខុស ចំពោះ​ខ្លួន​ឡើយ។ សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច​ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។ កូន​ល្ងង់​រមែង​ធ្វើ​ឲ្យ​ឪពុក​ហិន‌ហោច រីឯ​ប្រពន្ធ​ពូកែ​ឈ្លោះ ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​អស់។ ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូនតា រីឯ​ប្រពន្ធ​មាន​សុភ‌និច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពី​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន សុភាសិត 19

សុភាសិត 19:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​មនុស្ស​ទាល់​ក្រ ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង និង​ចិត្ត​ល្ងី‌ល្ងើ។ មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ នោះ​មិន​គួរ​គប្បី​ទេ ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួស​ផ្លូវ​ហើយ។ សេចក្ដី​ចម្កួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។ ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នាំ​ឲ្យ​មាន​មិត្ត‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវ​ពង្រាត់​ពី​ពួក​មិត្ត‌ភក្តិ​វិញ។ សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក ក៏​គេច​មិន​រួច​ដែរ។ មនុស្ស​ជា​ច្រើន​ខំ​យក​ចិត្ត​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្ត​សម្លាញ់​នឹង​អ្នក ដែល​ចែក​អំណោយ‌ទាន​ដែរ។ មនុស្ស​ក្រី​ក្រ សុទ្ធ​តែ​ត្រូវ​បងប្អូន​ទាំង​អស់​ស្អប់​ទៅ​ហើយ នោះ​ចំណង់បើ​មិត្ត‌ភក្តិ តើ​នឹង​ឃ្លាត​ឆ្ងាយពី​អ្នក​នោះ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​តាម​ទៅ​អង្វរ​គេ តែ​គេ​គេច​បាត់​អស់។ អ្នក​ណា​ដែល​បាន​ប្រាជ្ញា ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន អ្នក​ណា​ដែល​រក្សា​យោបល់​ទុក នោះ​នឹង​បាន​សេចក្ដី​ល្អ។ សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។ ការ​ដែល​អា‌ស្រ័យ​នៅ​ដោយ​រុងរឿង មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ លើស​ពី​នេះ​ទៀត​នោះ ទាសករ​ក៏​មិន​សម​មាន​អំណាច​លើ​អ្នក​ធំ​ដែរ។ សតិ​បញ្ញា​របស់​មនុស្ស​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។ សេចក្ដី​ក្រោធ​របស់​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​របស់​សិង្ហ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ។ កូន​ល្ងី‌ល្ងើ​ជា​ទី​អន្ត‌រាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជា‌និច្ច។ ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មត៌ក​មក​ពី​ឪពុក តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ‌ទាន​មក​ពី​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន សុភាសិត 19

សុភាសិត 19:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​មនុស្ស​ទាល់​ក្រ ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ នោះ​វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង ហើយ​ចិត្ត​ល្ងី‌ល្ងើ។ មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ នោះ​មិន​គួរ​គប្បី​ទេ ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួស​ផ្លូវ​ហើយ។ សេចក្ដី​ចំកួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​ខ្លួន​ទៅ ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។ ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នោះ​នាំ​ឲ្យ​មាន​មិត្រ‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវ​ពង្រាត់​ពី​ពួក​មិត្រ‌ភក្តិ​វិញ។ សាក្សី​ភូត‌ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក​ក៏​នឹង​គេច​មិន​រួច​ដែរ។ មនុស្ស​ជា​ច្រើន នឹង​ខំ​យក​ចិត្ត​របស់​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្រ​សំឡាញ់​នឹង​អ្នក​ដែល​ចែក​អំណោយ​ទាន​ដែរ។ អស់​ទាំង​បង​ប្អូន​របស់​អ្នក​ទាល់​ក្រ ក៏​ស្អប់​អ្នក​នោះ ចំណង់​បើ​មិត្រ‌ភក្តិ តើ​នឹង​ឃ្លាត​ចេញ​ឆ្ងាយ ពី​អ្នក​នោះ​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​នឹង​តាម​ទៅ​អង្វរ តែ​គេ​គេច​បាត់​ទៅ។ អ្នក​ណា​ដែល​បាន​ប្រាជ្ញា នោះ​ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន អ្នក​ណា​ដែល​រក្សា​យោបល់​ទុក នោះ​នឹង​បាន​សេចក្ដី​ល្អ។ សាក្សី​ភូត‌ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។ ការ​ដែល​អាស្រ័យ​នៅ​ដោយ​រុងរឿង នោះ​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចំណង់​បើ​ខ្ញុំ​កំដរ ដែល​មាន​អំណាច​លើ​អ្នក​ធំ តើ​មិន​សម​គួរ​ជា​ជាង​អំបាល‌ម៉ាន​ទៅ។ សតិ‌បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។ សេចក្ដី​ក្រោធ​នៃ​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​នៃ​សិង្ហ តែ​ព្រះ‌គុណ​ទ្រង់​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ​វិញ។ កូន​ល្ងី‌ល្ងើ​ជា​ទី​អន្តរាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជានិច្ច។ ផ្ទះ‌សំបែង នឹង​ទ្រព្យ​សម្បត្តិ ជា​មរដក​មក​ពី​ឪពុក​តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ​ទាន​មក​ពី​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន សុភាសិត 19