សុភាសិត 25:15-28
សុភាសិត 25:15-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយការខំអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន ហើយអណ្ដាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។ តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។ កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាង ជាញឹកញយពេកឡើយ ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។ អ្នកណាដែលធ្វើបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួន នោះធៀបដូចជាញញួរ ដាវ និងព្រួញយ៉ាងមុត។ ការដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ នៅគ្រាលំបាក នោះធៀបដូចជាធ្មេញបាក់ និងជើងពិការ។ អ្នកណាដែលច្រៀងចម្រៀង ឲ្យអ្នកកើតទុក្ខស្តាប់ នោះដូចជាដោះអាវនៅរដូវងារ ឬដូចជាចាក់ទឹកខ្មេះទៅលើមុខរបួស។ បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើង នៅលើក្បាលវា ហើយព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់ឯង។ ខ្យល់ខាងជើងរមែងនាំភ្លៀងមក ហើយអណ្ដាតដែលនិយាយដើមគេ ក៏នាំឲ្យគេមានមុខមួម៉ៅដូច្នោះដែរ។ ស៊ូនៅក្នុងទីកៀនមួយនៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយស្ត្រី ដែលចេះតែរករឿង។ ទឹកបានត្រជាក់ដល់ព្រលឹងមនុស្ស ល្វឹងល្វើយជាយ៉ាងណា ដំណឹងល្អដែលមកពីស្រុកឆ្ងាយ ក៏យ៉ាងនោះដែរ។ មនុស្សសុចរិតដែលចុះចាញ់ ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។ បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ ហើយបើស្វែងរកកិត្តិសព្ទដល់ខ្លួន នោះក៏ជាបន្ទុកយ៉ាងធ្ងន់ដែរ។ បើអ្នកណាដែលមិនចេះគ្រប់គ្រង លើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។
សុភាសិត 25:15-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ការអត់ធ្មត់រមែងបន្ទន់ចិត្តមេដឹកនាំ ហើយពាក្យសម្ដីទន់ភ្លន់អាចឈ្នះចិត្តរឹងរូស។ បើអ្នករកបានទឹកឃ្មុំ កុំបរិភោគច្រើនហួស បើមិនដូច្នេះទេ អ្នកនឹងធុញ ហើយចង់ក្អួតមកវិញផង។ ចូរកុំទៅផ្ទះអ្នកជិតខាងញឹកញាប់ពេក ក្រែងគេធុញទ្រាន់ រហូតដល់ស្អប់អ្នក។ អ្នកណាចោទប្រកាន់អ្នកដទៃទាំងបំពាន អ្នកនោះប្រៀបដូចជាវាយគេនឹងព្រនង់ កាប់គេនឹងដាវ ឬបាញ់គេនឹងព្រួញមុតស្រួច។ នៅពេលមានគ្រាអាសន្ន ទុកចិត្តលើមនុស្សក្បត់ ប្រៀបដូចជាបរិភោគអាហារនៅពេលធ្មេញរង្គើ ឬឈរលើជើងកំបាក់។ ច្រៀងឲ្យមនុស្សមានទុក្ខស្ដាប់ ប្រៀបដូចជាដោះអាវនៅពេលរងា ឬដូចចាក់ទឹកខ្មេះលើមុខរបួស។ ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកអាហារទៅឲ្យគេបរិភោគ បើគេស្រេក ចូរយកទឹកឲ្យគេផឹកផង ធ្វើដូច្នេះ ប្រៀបដូចជាប្រមូលរងើកភ្លើង គរពីលើក្បាលរបស់គេ ហើយព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់អ្នក។ ខ្យល់បក់ពីទិសខាងត្បូងរមែងនាំទឹកភ្លៀងមកជាមួយផង រីឯការនិយាយដើមគេរមែងនាំឲ្យគេខឹង។ ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។ ដំណឹងល្អមកពីស្រុកឆ្ងាយ ប្រៀបបាននឹងទឹកត្រជាក់មកផ្សើមបំពង់កស្ងួត។ អណ្ដូងទឹកល្អក់ ឬប្រភពទឹកក្រខ្វក់ ប្រៀបដូចជាមនុស្សសុចរិត ដែលយកតម្រាប់តាមមនុស្សទុច្ចរិត។ បរិភោគទឹកឃ្មុំច្រើនមិនល្អទេ ហើយចង់បានកិត្តិយសខ្លាំងពេកក៏មិនល្អដែរ។ មនុស្សមិនចេះទប់ចិត្តខ្លួនឯង ប្រៀបដូចជាទីក្រុងដែលគ្មានកំពែងការពារ។
សុភាសិត 25:15-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយការខំអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន ហើយអណ្តាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។ តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។ កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាងជាញឹកញយពេកឡើយ ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។ អ្នកណាដែលធ្វើបន្ទាល់ក្លែងទាស់នឹងអ្នកជិតខាងខ្លួន នោះធៀបដូចជាញញួរ នឹងដាវ ហើយនឹងព្រួញយ៉ាងមុត។ កាលដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ នៅគ្រាលំបាក នោះធៀបដូចជាធ្មេញបាក់ ហើយជើងដែលថ្លស់លាសចេញ។ អ្នកណាដែលច្រៀងចំរៀង ជូនដល់មនុស្សដែលមានចិត្តកើតទុក្ខ ឲ្យគេស្តាប់ នោះធៀបដូចជាគេដោះអាវនៅរដូវរងារ ឬដូចជាចាក់ទឹកខ្មេះទៅលើអំបិលក្បុង។ បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា ហើយព្រះយេហូវ៉ាទ្រង់នឹងប្រទានរង្វាន់ដល់ឯង។ ខ្យល់ខាងជើងរមែងនាំភ្លៀងមក ហើយអណ្តាតដែលនិយាយដើមគេ ក៏នាំគេមានមុខមួម៉ៅដូច្នោះដែរ។ ស៊ូនៅក្នុងទីកៀន១នៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿង។ ទឹកបានត្រជាក់ដល់ព្រលឹងមនុស្សល្វឹងល្វើយជាយ៉ាងណា នោះដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរ។ មនុស្សសុចរិតដែលចុះចាញ់ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។ បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ មួយទៀត ដែលស្វែងរកកិត្តិសព្ទដល់ខ្លួន នោះជាបន្ទុកយ៉ាងធ្ងន់ដែរ។ បើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។