ទំនុកតម្កើង 119:1-10
ទំនុកតម្កើង 119:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ ជាអ្នកដែលដើរតាមក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា! មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត ជាអ្នកដែលមិនប្រព្រឹត្តអំពើទុច្ចរិត គឺដើរតាមផ្លូវរបស់ព្រះអង្គវិញ! ព្រះអង្គបានប្រកាសព្រះឱវាទរបស់ព្រះអង្គមក ដើម្បីឲ្យយើងខ្ញុំបានប្រតិបត្តិតាម ដោយយកចិត្តទុកដាក់។ ឱប្រសិនបើផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានខ្ជាប់ខ្ជួន ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គទៅអេះ! នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ ដោយភ្នែកទូលបង្គំបានសម្លឹងមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។ កាលទូលបង្គំរៀនអស់ទាំងវិន័យ ដ៏សុចរិតរបស់ព្រះអង្គ នោះទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់។ ទូលបង្គំនឹងកាន់តាមច្បាប់របស់ព្រះអង្គ ឱសូមកុំបោះបង់ចោលទូលបង្គំសោះឡើយ។ ៙ តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។
ទំនុកតម្កើង 119:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ ហើយស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះអង្គ។ ព្រះអង្គបានប្រទានព្រះឱវាទមក ដើម្បីឲ្យ យើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។ សូមជួយទូលបង្គំឲ្យចេះប្រព្រឹត្តត្រឹមត្រូវ ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ នោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។ ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលវិន័យដ៏សុចរិត ដែលព្រះអង្គបានបង្គាប់មក។ ទូលបង្គំចង់ប្រតិបត្តិតាម ច្បាប់របស់ព្រះអង្គ សូមកុំបោះបង់ចោលទូលបង្គំសោះឡើយ! តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិរិយាមារយាទរបស់ខ្លួន បានល្អត្រឹមត្រូវ? គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឲ្យទូលបង្គំងាកចេញ ពីបទបញ្ជារបស់ព្រះអង្គឡើយ!
ទំនុកតម្កើង 119:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា មានពរហើយ អស់អ្នកដែលរក្សាទុកនូវសេចក្ដីបន្ទាល់ របស់ទ្រង់ ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត អើ ពួកនោះមិនដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺគេដើរតាមផ្លូវរបស់ទ្រង់វិញ ទ្រង់បានប្រកាសសេចក្ដីបញ្ញត្តរបស់ទ្រង់មក ដើម្បីឲ្យយើងខ្ញុំបានកាន់តាមដោយម៉ត់ចត់ ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់ កាលណាទូលបង្គំរាប់អានអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ កាលណាទូលបង្គំបានរៀនអស់ទាំងខច្បាប់ដ៏សុចរិត របស់ទ្រង់ នោះទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដោយចិត្តទៀងត្រង់ ទូលបង្គំនឹងកាន់តាមច្បាប់របស់ទ្រង់ ឱសូមកុំលះចោលទូលបង្គំឲ្យអស់រលីងឡើយ។ ៙ មនុស្សកំឡោះនឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្ត ដោយសារអ្វី គឺដោយប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់ ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្ត ឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់ របស់ទ្រង់ឡើយ