ការផ្លាស់ប្រែនៃកូនខ្ជះខ្ជាយ (កូនពៅវង្វេង) ជាមួយនឹង លោក ខែល អាយឌលមេន (Kyle Idleman)គំរូ

Prodigal Son Transformation With Kyle Idleman

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

«ភ្ញាក់ដឹងខ្លួន – បំបាត់ភាពអត់ឃ្លាន»

នាពេលថ្មីៗនេះ ខ្ញុំបានអាននូវការពិសោធន៍មួយ ដោយអ្នកជំនាញចិត្ដសាស្រ្ដម្នាក់ ឈ្មោះ យ៉ូណាថាន់ ហេត (Jonathan Haidt)។ គាត់បានគិតឃើញនូវលំហាត់តាមការស្មានដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលមានដំណើរហេតុដូចខាងក្រោម៖

អ្នកពិសោធន៍បានឱ្យលិខិតសង្ខេបនៃជីវិតរបស់មនុស្សម្នាក់ ទៅដល់ក្រុមអ្នកចូលរួម ហើយពួកគេត្រូវបានស្នើឱ្យអានលិខិតនោះ។ បន្ទាប់មក គេស្នើឱ្យអ្នកចូលរួម នឹកស្រមៃថាម្នាក់នោះ គឺជាកូនស្រីរបស់ពួកគេ។ អ្វីដែលគេបានអាន គឺជារឿងរបស់កូនស្រីនោះ ដែលការកើតឡើង នឹងកើត គឺមិនអាចជៀសផុតបានទេ។ កូនស្រីនោះ មិនទាន់កើតនៅឡើយទេ ប៉ុន្តែ នាងនឹងកើតនាពេលឆាប់ៗខាងមុខ ហើយអ្វីដែលគេបានអាននោះ គឺជាដំណើរជីវិតរបស់នាង ដែលនឹងត្រូវកើតមានឡើង។ បន្ទាប់មក ក្រុមអ្នកចូលរួម ពួកគេបានទទួលសិទ្ធិ ៥ នាទី ដើម្បីធ្វើការកែសម្រួល ទៅលើសាច់រឿងរបស់កូនស្រីនោះ។ មានទាំងជ័រលុបនៅក្នុងដៃ ពួកគេអាចលុបសាច់រឿងណា ដែលគេមិនចង់ឱ្យកើតមានឡើងនៅក្នុងជីវិតរបស់កូនស្រីនោះ។

សំណួរសម្រាប់អ្នកចូលរួមនោះ គឺថា៖ តើអ្នកនឹងលុបអ្វីមុនគេ?

យើងភាគច្រើន ទាំងមិនគិតវែងឆ្ងាយ នឹងប្រវេប្រវាចាប់ផ្ដើមលុបនូវពិការភាពខាងប្រព័ន្ធខួរក្បាល និងគ្រោះថ្នាក់ចរាចរណ៍ ហើយនិងកត្តាវិបត្តិនៃបញ្ហាហរិញ្ញវត្ថុ នោះហើយ។ យើងស្រឡាញ់ដល់កូនៗរបស់យើង ហើយពិតជាចង់ឱ្យពួកគាត់រស់នៅក្នុងជីវិតដែលគ្មាននូវទុក្ខលំបាក ការឈឺចាប់ និងដំណើរថយក្រោយ។ យើងទាំងអស់គ្នាប្រាកដជាចង់ឱ្យជីវិតកូនៗរបស់យើង មានសេរីភាពពី គ្មានការឈឺចាប់ និងគ្មានទុក្ខខ្លោចផ្សា នោះទេ។

ប៉ុន្តែ ចូរឱ្យយើងសួរដល់ខ្លួនឯងលមើល៖ តើបើគាត់គ្មានអ្វីៗទាំងអស់នោះកើតឡើង តើវាល្អបំផុតសម្រាប់រូបគាត់ ឬអត់?

តើយើងប្រាកដជាគិតថា ជីវិតដែលមានអ្វីៗសព្វគ្រប់ ដែលមិនរងឆ្លងកាត់ ភាពជូរចត់នៃជីវិត នឹងជួយឱ្យកូនៗរបស់យើងមានសុភមង្គល ដែរឬយ៉ាងណា? ចុះប្រសិនបើអ្នកលុបនូវស្ថានភាពលំបាកមួយ ដែលនឹងដាស់តឿនគេ ឱ្យគេចេះរៀនអធិស្ឋាននោះ? ចុះប្រសិនបើយើងលុបនូវទុក្ខលំបាក ដែលនឹងបង្ហាញពួកគេ ពីរបៀបដែលពួកគេអាចមាននូវអំណរ ទោះបីជាគេស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយនោះ? ចុះប្រសិនបើយើងលុបបំបាត់នូវការឈឺចាប់ខ្លះ ហើយទុក្ខវេទនាខ្លះ ដែលតាមពិតទៅជាសារធាតុបញ្ឆេះ ដែលព្រះជាម្ចាស់ប្រើប្រាស់នៅក្នុងជីវិតរបស់ពួកគេ ដែលបង្កឱ្យគេចេះស្រែកអង្វររកព្រះអង្គនោះ? ចុះប្រសិនបើ អ្នកលុបនូវស្ថានភាពដ៏លំបាក ដែលដាស់គេឱ្យភ្ញាក់ ទៅកាន់គោលបំណងរបស់ព្រះជាម្ចាស់ សម្រាប់ជីវិតរបស់គេនោះ?

ស្ដាប់ទៅ សំណួរទាំងនេះ អាចជាពាក្យពេចន៍ ដែលពិបាកស្ដាប់ ប៉ុន្តែកត្តាចំបងដែលនាំឱ្យមានការរីកចម្រើនខាងឯព្រលឹងវិញ្ញាណ នោះមិនមែនជា សេចក្ដីអធិប្បាយ សៀវភៅ ឬក្រុមតូច នោះទេ។ កត្តាចំបង ដែលនាំឱ្យព្រលឹងវិញ្ញាណបានរីកចម្រើន នោះគឺ ស្ថានភាពយ៉ាប់យ៉ឺនទាំងឡាយ។ ខ្ញុំអាចប្រាប់ដល់អ្នកដូច្នេះ ដោយសារតែខ្ញុំធ្លាប់ឆ្លងកាត់ និងមានបទពិសោធន៍ផ្ទាល់ខ្លួន បានអានលើការស្ទង់មតិ (surveys) ខាងការរីកចម្រើនព្រលឹងវិញ្ញាណ និងសាច់រឿងដែលមានហេតុអះអាង បន្ទាប់ពីបាននិយាយទៅកាន់មនុស្សរាប់ពាន់នាក់ អស់ជាច្រើនឆ្នាំមកនេះ។ គ្រាអ្នកចាប់បាន និងយល់ដឹង ដែលយើងថា AHA នេះ គឺស្ដែងចេញមកពីគ្រា នៃទុក្ខវេទនា ដំណើរជីវិតដើរថយក្រោយ (មិនតាមបំណង) និងវិបត្តិនានានៃជីវិត។ មានមនុស្សជាច្រើន អាចចង្អុលទៅដល់គ្រាទាំងប៉ុន្មាននោះ ថាជាគ្រាដ៏សម្បើមនៃការភ្ញាក់ដឹងខ្លួន ខាងឯវិញ្ញាណរបស់ពួកគេ។

* តើនៅពេលណាខ្លះ នៅក្នុងជីវិតរបស់អ្នក ដែលអ្នកបានទទួលការប៉ះពាល់ ដែលនាំឱ្យព្រលឹងវិញ្ញាណរបស់អ្នក បានរីកចម្រើននោះ? តើពេលវេលាទាំងនោះ ជាពេលដែលអ្នកមានសម្បូរ គ្រប់គ្រាន់ ឬក៏ជាពេល ដែលអ្នកជួបវិបត្តិ និងការលំបាក? តើព្រះជាម្ចាស់កំពុងតែចម្រើនឱ្យអ្នកលូតលាស់ នាពេលឥឡូវនេះ តាមរយៈការល្បងលដ៏លំបាក ឬស្ថានភាពពិបាក ដែរឬយ៉ាងណា?

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Prodigal Son Transformation With Kyle Idleman

ដកស្រង់ចេញពីសៀវភៅ "AHA - អាហ្អា៎" ដោយមានវត្ដមានចូលរួមពីលោក ខែល អាយឌលមេន (Kyle Idleman) ក្នុងគ្រាគាត់ស្វែងរកឃើញនូវ វត្ថុធាតុ ៣ យ៉ាង ដែលអាចនាំឱ្យយើងកាន់តែចូលទៅជិតព្រះជាម្ចាស់ ហើយបំផ្លាស់បំប្រែជីវិតរបស់យើងសម្រាប់ការដ៏ល្អ។ តើអ្នកត្រៀមខ្លួន សម្រាប់គ្រានៃព្រះជាម្ចាស់ ដែលបំផ្លាស់បំប្រែរាល់គ្រប់អ្វីៗទាំងអស់ ហើយឬនៅ?

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ដេវីឌ ស៊ី ឃុគ (David C Cook) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://www.dccpromo.com/aha/