មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ

The Final Lessons: A Holy Week Plan

ថ្ងៃទី 3 ក្នុងចំណោម 10 ថ្ងៃ

ការបម្រើនិងសេចក្ដីស្រឡាញ់

ចំពោះរូបខ្ញុំ តាំងពីមានកូនស្រីចំនួនបីនាក់ ដែលមានអាយុ ៥ឆ្នាំ និងអាយុក្រោមនោះមក ខ្ញុំក្លាយខ្លួនទៅជាមនុស្សដែលគិតតែអំពីរបៀបរៀបរយ! ខុសពីអ្វីដែលខ្ញុំធ្លាប់ធ្វើ។ និយាយឲ្យចំទៅ ខ្ញុំខំប្រឹងរៀបចំណាស់ កូនៗខ្ញុំកាន់តែពង្រាយ។ មួយថ្ងៃៗ ខ្ញុំជិតឆ្កួតហើយ។ ប៉ុន្មានថ្ងៃមុន ខ្ញុំបានទៅទិញស្លាកសញ្ញាមួយដែលចែងថា៖ «សូមអត់ទោសផង ផ្ទះពង្រាយបន្តិចហើយ ព្រោះកូនៗខ្ញុំកំពុងសាងអនុស្សាវរីយ៍»។ ខ្ញុំបានព្យួរវា ហើយបានដើរកាត់វាយ៉ាងតិចណាស់ក៏ ១០០ ដងដែរ ក្នុងមួយថ្ងៃ។ ដើរកាត់នោះមិនមែនខ្លួនទទេទេ បើមិនមានធុងឡេហ្គូ កន្ត្រក់ខោអាវប្រលាក់ រ៉ូបរាំបាឡេ ចានប្រលាក់ កន្សែងដែលបោកហើយកាលប៉ុន្មានថ្ងៃមុន ក៏អ្វីផ្សេងៗទៀតដែរ។ ពេលដែលដើរកាត់ម្ដងៗ ខ្ញុំតែងតែ និយាយខ្សឹបៗទៅកាន់ខ្លួនឯងថា៖ «មិនអីទេ បេគី សាងអនុស្សាវរីយ៍ទៅ»។

បើតាមតែការខិតខំព្យាយាមសម្អាតតាមក្រោយ ខ្ញុំរវល់ណាស់ ហើយក៏ភ្លេចគិតថា អ្វីៗដែលខ្ញុំធ្វើជាសេចក្ដីស្រឡាញ់ដែរ។

គម្រោងអានរបស់យើងនៅថ្ងៃនេះ នឹងនាំយើងចូលទៅកាន់វេលានៅឯតុដែលព្រះយេស៊ូវបានចំណាយពេលជាច្រើនលើកច្រើនសា ជាមួយក្រុមមនុស្ស ដែលព្រះអង្គបានរាប់ចាត់ទុកគេថាជាមនុស្សដែលទ្រង់ស្រឡាញ់ និង ជាបងប្អូនរបស់ទ្រង់ផ្ទាល់។

ចូរអានអត្ថបទគម្ពីរ យ៉ូហាន ១៣៖១-១៧ ហើយចូរកត់សម្គាល់អំពីព្រះយេស៊ូវ ចំពោះទង្វើរបស់ព្រះអង្គទៅកាន់សាវ័ករបស់ទ្រង់។

ព្រះយេស៊ូវ ដែលជាបុត្រានៃព្រះជាម្ចាស់ និងជាព្រះសង្គ្រោះនៃមនុស្សលោកផង ទ្រង់បានបន្ទាបអង្គទ្រង់ផ្ទាល់ ហើយចាប់លាងជើងគគ្រិចរបស់សិស្សទាំងដប់ពីររបស់ព្រះអង្គ។ ខ្ញុំគិតថាព្រះយេស៊ូវ ប្រហែលជាមិនចាប់អារម្មណ៍ពីធូលីដី ឬ ក្លិនស្អុយនោះទេមើលទៅ។ ព្រះអង្គទ្រង់ជ្រាបថា នោះគឺជាពេលវេលាចុងក្រោយ ដែលទ្រង់អាចចំណាយពេលជាមួយមនុស្សដ៏ជាទីស្រឡាញ់របស់ទ្រង់ និងព្រះអង្គត្រូវការបង្រៀននូវមេរៀនចាំបាច់មួយនេះ ដោយព្រោះថា បើគ្រាន់តែពាក្យពេចន៍មួយមុខនោះ ប្រហែលដូចជាមិនគ្រប់គ្រាន់ទេ លើកនេះ។ ដូច្នេះ ព្រះអង្គក៏បានឱនកាយទ្រង់ រួចជូតសម្អាតភាពកខ្វក់ចេញទាំងអស់។

ចូរអានអត្ថបទគម្ពីរ យ៉ូហាន ១៣៖១៥-១៧ សាជាថ្មី។

តើមនុស្សណាខ្លះដែលអ្នកកំពុងបម្រើ (ឬ គួរបម្រើនោះ)? អ្នករួមការងារជាមួយគ្នា? កូនៗ ឬក្មេងៗ? អ្នកនៅបន្ទប់ជាមួយគ្នា ឬដៃគូវជីវិតរបស់ខ្លួន? មិត្ដភក្ដិ? អ្នកជិតខាង?

តើមានរបៀបណាមួយនៅក្នុងសប្ដាហ៍នេះ ដែលអ្នកអាចលាងសម្អាតជើងគេបាន? (គ្រាន់តែនិយាយប្រៀបប្រដូចទេ)។ ឬ ប្រហែលជា លោកអ្នកត្រូវការលាងជើងឲ្យគាត់មែនទែន? បើដូច្នោះមែន តើនរណាគេដែរទៅ?

ឥឡូវនេះ ចូរអានអត្ថបទគម្ពីរ យ៉ូហាន ១៣៖៣៤-៣៥

ការបម្រើគ្នាទៅវិញទៅមក គឺជារបៀបនៃការស្រឡាញ់គ្នាទៅវិញទៅមក។ និយាយឲ្យត្រង់ទៅ ព្រះយេស៊ូវមានបន្ទូលថា នេះហើយគឺជារបៀបដែលមនុស្សគេនឹងដឹងថាយើងជាគ្រីស្ទបរិស័ទ។តើអ្នកដទៃផ្សេងទៀត គេស្គាល់ថាអ្នកជាគ្រីស្ទបរិស័ទ ដែលជាអ្នកដើរតាមព្រះយេស៊ូវដែរឬអត់?

របៀបដែលខ្ញុំបានឃើញបងប្អូនជាច្រើន ធ្វើជាតំណាងឲ្យជំនឿលើព្រះយេស៊ូវនៅលើបណ្ដាញសង្គមព័ត៌មាន បានធ្វើឲ្យខ្ញុំខ្លោចចិត្ដមែនទែន។ យើងបានបាត់បង់នូវបេសកកម្មរបស់យើង នៅក្នុងការបម្រើ និង សេចក្ដីស្រឡាញ់។ យើងគិតតែអំពីការដែលនាំ និងសូនឲ្យនរណាម្នាក់ផ្សេងទៀតដែលគេថាខ្លួនឯងជាគ្រីស្ទបរិស័ទ ឬជាអ្នកដើរតាមព្រះគ្រីស្ទ ឲ្យបានក្លាយទៅដូចជារូបអង្គព្រះគ្រីស្ទ (ខំកែអ្នកដទៃ ដោយខ្លួនឯង) ហើយពេលខ្លះទាំងបង្ខំឲ្យគេសម្របតាមខ្លួន ជាជាង ការខិតខំគិតគូរអំពីការត្រាស់ហៅរបស់ព្រះអង្គ ឲ្យយើងចេះបម្រើនិងផ្ដល់ក្ដីស្រឡាញ់វិញ។

តើរបៀបដែលយើងបម្រើនិងស្រឡាញ់ ជាជាងការវិនិច្ឆ័យនិងជួយកែប្រែនូវការគិតរបស់នរណាម្នាក់អំពីព្រះគ្រីស្ទបានយ៉ាងដូចម្ដេច?

តើវាមិនជួយសម្រួលឲ្យយើងមានចិត្ដទូលាយនិងមានសេរីភាពទេឬអីថា វាមិនមែនជាកិច្ចការងាររបស់យើងនោះទេ ក្នុងការដែលយើងត្រូវកែប្រែ ឬសង្គ្រោះពិភពលោកនោះ! អ្វីដែលព្រះត្រាស់ហៅឲ្យយើងធ្វើនោះ គឺឲ្យយើងចេះបន្ទាបខ្លួនរបស់យើងផ្ទាល ហើយជ្រើសរើសក្នុងការបម្រើ និង ផ្ដល់ក្ដីស្រឡាញ់ដល់អ្នកដទៃនោះវិញ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

The Final Lessons: A Holy Week Plan

តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្ត​នៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទានឲ្យដល់យើង។ តើលោកអ្នកត្រូវការសេចក្ដីរំឮកជាថ្មី ចំពោះអ្វីដែលជាកិច្ចការដ៏សំខាន់បំផុតចំពោះព្រះគ្រិស្ត​ដែរឬទេ--ដែលជួយឲ្យលោកអ្នកស្រឡាញ់និងដើរតាមព្រះអង្គ? តើព្រះទ្រង់សព្វព្រះទ័យបង្រៀនលោកអ្នកពីមេរៀនអ្វីដែរនៅក្នុងសប្ដាហ៏ដ៏វិសុទ្ធនេះ?

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកស្រី បេគី គីសើ (Becky Kiser) ដែលបម្រើនៅក្នុងព័ន្ធកិច្ច ថ្ងៃសម្រាកដ៏វិសុទ្ធ (Sacred Holidays) សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.sacredholidays.com