មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ
ការសុគតហើយរស់ឡើងវិញរបស់ព្រះគ្រិស្ត
នៅថ្ងៃនេះយើងអបអរសាទរព្រះគ្រិស្ត ដែលព្រះអង្គមិនបានគ្រាន់តែសុគតនៅ ឯលើឈើឆ្កាងប៉ុណ្ណោះនោះទេ តែព្រះអង្គមានព្រះជន្មរស់ឡើងវិញ! អ្វីដែលគិតមើលទៅថា ជាការបំបិទមាត់ និង ការដាក់ទណ្ឌកម្ម (សេចក្ដីស្លាប់របស់ព្រះយេស៊ូនៅលើឈើឆ្កាង) បានក្លាយទៅជាការនាំមកនូវសេរីភាពសម្រាប់យើងរាល់គ្នាដោយសារតែផ្នូរនៃសេចក្ដីស្លាប់ មិនអាចឃុំគ្រងព្រះអង្គបាននោះឡើយ។
ចូរអានអត្ថបទគម្ពីរ យ៉ូហាន ២០៖១-២៩
ព្រះអង្គមានព្រះជន្មគង់នៅ។ ព្រះអង្គទ្រង់មិននៅសុគតនោះឡើយ។ តើមាននរណាប្រទះគិតថាការនេះ គឺជាអ្វីដែលមិនសមហេតុផលឬទេ? គ្រាន់តែមួយថ្ងៃមុនហ្នឹងសោះ ដែលព្រះអង្គទ្រង់បានសុគត។ គេបានរុំព្រះអង្គក្នុងសំពត់ដាក់សាកសព ហើយទាំងដាក់នៅក្នុងផ្នូរដែលមានថ្មដ៏ធំគ្របផង។
នេះហើយជាអ្វីដែលគ្រីស្ទសាសនា ឬជំនឿលើអង្គព្រះគ្រិស្ត ចាប់ផ្លាស់ប្ដូរពី ការគិត គ្រាន់ថាជាគំនិតល្អៗពីគ្រូបង្រៀនដ៏ប្រសើរ ទៅជាជីវិតពេញទៅដោយជំនឿវិញ។ ប្រសិនបើ ជីវិតរបស់ព្រះយេស៊ូមានតែការបង្រៀន ការផ្ដល់ក្ដីស្រឡាញ់ទៅកាន់មនុស្ស និង ការប្រោសមនុស្សឲ្យបានជាសះស្បើយ គេប្រហែលជាចងចាំអំពីព្រះអង្គលើទង្វើតែប៉ុណ្ណឹងប៉ុណ្ណោះ។ តែការពិត វាមិនមែនតែប៉ុណ្ណោះនោះទេ។ ពិភពលោកទាំងមូល បានផ្លាស់ប្រែ ដោយសារតែព្រះអង្គមិននៅសុគតរហូតនោះឡើយ។ អ្វីៗដែលព្រះយេស៊ូបានមានបន្ទូល និង អ្វីៗដែលព្យាការីបានថ្លែងទុកតាំងពីសម័យមុន សុទ្ធតែបានសម្រេច និងបានក្លាយជាការពិត! ការដែលព្រះយេស៊ូទ្រង់មានព្រះជន្មរួចពីសុគត ទ្រង់បានកម្ទេចរាល់បណ្ដាសាដែលមានលើយើងរាល់គ្នា!
អ្វីៗទាំងនេះ គិតមើលទៅហាក់បីដូចជា ការគិតល្ងីល្ងើមែនអត់? ប្រសិនបើ យើងយកចំណេះដឹង និងសមត្ថភាពរបស់យើងយកមកពិចារណាដោយផ្ទាល់ នោះយើងមិនអាចថ្លឹងថ្លែងឲ្យយល់បានពេញលក្ខណៈនោះឡើយ។ លោកសាវ័កប៉ូល លើកទឹកចិត្ដយើង នៅក្នុង ១ កូរិនថូស ២៖៥ ថា៖«កុំឲ្យជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើឬទ្ធានុភាពរបស់ព្រះជាម្ចាស់»
នៅក្នុងការយល់ឃើញរបស់មនុស្សលោក ការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង ការរស់ឡើងវិញពីសុគត ហើយនិង ការដែលមនុស្សលោកអាចទទួលការសង្គ្រោះពីទម្ងន់នៃអំពើបាបរបស់គេ គឺសុទ្ធសឹងមើលទៅដូចជាការជឿឆ្គួតរងីរងើមួយ។ ប៉ុន្តែព្រះជាម្ចាស់។ (ខ្ញុំស្រឡាញ់ពាក្យពីរម៉ាត់នេះណាស់)។ ព្រះរបស់យើងមិនមែនគ្រាន់តែជាមនុស្សណាម្នាក់ដែលបានសុគតនៅលើឈើឆ្កាងនោះឡើយ ទ្រង់គឺជាអង្គព្រះយេស៊ូវ—ដែលពេញលេញជាព្រះជាម្ចាស់និងជាមនុស្ស។ ប្រសិនបើព្រះអង្គគ្រាន់តែជាមនុស្សម្នាក់ នោះការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង នឹងគ្រាន់បានតែជាការបាត់បង់នៃគ្រូបង្រៀនដ៏មានឥទ្ធិពល និងអ្នកដែលជួយការពារគាំទ្រដល់អស់ជនក្រីក្រនិងអ្នកមានជម្ងឺតែប៉ុណ្ណោះ។
នេះហើយគឺជាអត្ថន័យដែលលើសពីការនឹករំឮកដែលមនុស្សក្នុងពិភពលោកមួយចំនួនបានគិតនិងចូលរួមអបអរ ចំពោះថ្ងៃដ៏វិសេសនេះ។ ព្រះយេស៊ូទ្រង់បានសុគតសម្រាប់រូបអ្នក ប៉ុន្តែព្រះអង្គក៏មានព្រះជន្មរស់ឡើងវិញសម្រាប់រូបលោកអ្នកផងដែរ! ព្រះអង្គមិនមែនគ្រាន់តែបង់ថ្លៃលោះសម្រាប់អំពើបាបរបស់យើងតែប៉ុណ្ណោះនោះទេ តែព្រះអង្គក៏បាននាំឲ្យយើងមានជីវិតថ្មីផងនោះដែរ!
នេះហើយជាអ្វីដែលព្រះគ្រីស្ទទ្រង់បានធ្វើសម្រាប់រូបយើងរាល់គ្នា ប្រសិនបើយើង ជ្រើសរើសជឿនៅលើ ការសុគតនៅឯឈើឆ្កាង និង ការរស់ឡើងវិញ (ផ្នូរទទេ) របស់ទ្រង់៖«ប្រសិនបើ អ្នកណាម្នាក់នៅរួមជាមួយព្រះគ្រីស្ទ អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។» (២ កូរិនថូស ៥៖១៧)
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្តនៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទានឲ្យដល់យើង។ តើលោកអ្នកត្រូវការសេចក្ដីរំឮកជាថ្មី ចំពោះអ្វីដែលជាកិច្ចការដ៏សំខាន់បំផុតចំពោះព្រះគ្រិស្តដែរឬទេ--ដែលជួយឲ្យលោកអ្នកស្រឡាញ់និងដើរតាមព្រះអង្គ? តើព្រះទ្រង់សព្វព្រះទ័យបង្រៀនលោកអ្នកពីមេរៀនអ្វីដែរនៅក្នុងសប្ដាហ៏ដ៏វិសុទ្ធនេះ?
More