Logo ya YouVersion
Elilingi ya Boluki

ម៉ាកុស 12

12
ប្រស្នា​អំពី​អ្នក​ថែ​រក្សា​ចម្ការ​ទំពាំង‌បាយជូរ
1បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ជា​ប្រស្នា​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង‌បាយ‌ជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀប‌ចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ‌ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។ 2លុះ​ដល់​ទំពាំង‌បាយជូរ​ទុំ គាត់​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ទទួល​ផល ដែល​ជា​ចំណែក​របស់​គាត់​ពី​ពួក​អ្នក​ថែ​ចម្ការ។ 3គេ​នាំ​គ្នា​ចាប់​អ្នក​បម្រើ​នោះ​វាយ​ដំ ហើយ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ 4ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក ប៉ុន្ដែ ពួក​អ្នក​ថែ​ចម្ការ​នាំ​គ្នា​វាយ​ក្បាល​អ្នក​បម្រើ​នោះ​ហើយ​ជេរ​ស្ដី​ទៀត​ផង។ 5ម្ចាស់​ចម្ការ​ចាត់​អ្នក​បម្រើ​ម្នាក់​ផ្សេង​ទៀត​ឲ្យ​មក។ អ្នក​ថែ​ចម្ការ​បាន​សម្លាប់​អ្នក​បម្រើ​នោះ។ បន្ទាប់​មក អ្នក​បម្រើ​ផ្សេង​ទៀត​ជា​ច្រើន​នាក់​ក៏​រង​គ្រោះ​ដូច្នោះ​ដែរ ខ្លះ​ត្រូវ​គេ​វាយ​ដំ ខ្លះ​ត្រូវ​គេ​សម្លាប់។ 6ម្ចាស់​ចម្ការ​មាន​កូន​ដ៏​ជា​ទី​ស្រឡាញ់​តែ​មួយ​គត់ គាត់​ចាត់​កូន​នោះ​ឲ្យ​មក​ក្រោយ​គេ​បង្អស់​ដោយ​យល់​ថា 7“គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។ ប៉ុន្ដែ ពួក​កសិករ​ថែ​ចម្ការ​ទាំង​នោះ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ យើង​នាំ​គ្នា​សម្លាប់​វា​ទៅ​ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។ 8គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​យក​មក​សម្លាប់ រួច​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង‌បាយជូរ។ 9តើ​ម្ចាស់​ចម្ការ​ធ្វើ​យ៉ាង​ដូច​ម្ដេច? គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ​រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ 10អ្នក​រាល់​គ្នា​ពិត​ជា​ធ្លាប់​អាន​អាយិត​គីតាប ដែល​មាន​ចែង​ថាៈ
“ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល
បាន​ត្រឡប់​មក​ជា​គ្រឹះ​ដ៏​សំខាន់​បំផុត។
11 អុលឡោះ‌ជាអម្ចាស់​បាន​សម្រេច​ការ‌អស្ចារ្យ​នេះ
យើង​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង”»។
12ពួក​មេ​ដឹក​នាំ​សាសន៍​យូដា​យល់​ថា អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​នេះ សំដៅ​លើ​ពួក​គេ គេ​ក៏​នាំ​គ្នា​រក​មធ្យោ‌បាយ​ចាប់​អ៊ីសា ប៉ុន្ដែ​គេ​ខ្លាច​បណ្ដា‌ជន ដូច្នេះ​គេ​ក៏​ចាក​ចេញ​ពី​អ៊ីសា​ទៅ។
អំពី​ពន្ធដារ
13គេ​ចាត់​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ​ខ្លះ​ឲ្យ​ទៅ​ជិត​អ៊ីសា ចាំ​ចាប់​កំហុស នៅ​ពេល​អ៊ីសា​មាន​ប្រសាសន៍។ 14គេ​នាំ​គ្នា​មក​ជម្រាប​អ៊ីសា​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់ តួន​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ គឺ​តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ​ដែល​គាប់​ចិត្ត​អុលឡោះ តាម​សេចក្ដី​ពិត។ តើ​ហ៊ូកុំ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធដារ​ជូន​ស្តេច​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ? តើ​យើង​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?»។ 15អ៊ីសា​ឈ្វេង​យល់​ពុត‌ត្បុត​របស់​គេ អ៊ីសា​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? សុំ​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។ 16គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​អ៊ីសា អ៊ីសា​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ស្តេអធិរាជ!»។ 17អ៊ីសា​ក៏​ប្រាប់​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ស្តេច​អធិរាជ ចូរ​ឲ្យ​ទៅ​ស្តេច​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​អុលឡោះ ចូរ​ជូន​ទៅ​អុលឡោះ​វិញ​ដែរ»។ គេ​ងឿង‌ឆ្ងល់​នឹង​អ៊ីសា​យ៉ាង​ខ្លាំង។
អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
18មាន​ពួក​ខាង​គណៈ​សាឌូស៊ី​ចូល​មក​ជួប​អ៊ីសា។ ពួក​សាឌូស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​សួរ​អ៊ីសា​ថា៖ 19«តួន! ម៉ូសា​បាន​ចែង​ហ៊ូកុំ​ទុក​ឲ្យ​យើង​ថា “បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ចោល​ប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”20ឧបមា​ថា មាន​បង​ប្អូន​ប្រុសៗ​ប្រាំ​ពីរ​នាក់។ បុរស​បង​បង្អស់​បាន​រៀប‌ការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។ 21ប្អូន​បន្ទាប់​រៀប‌ការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ​រួច​ស្លាប់​ទៅ ទាំង​ឥត​មាន​កូន រីឯ​ប្អូន​ទី​បី​ក៏​ដូច្នោះ​ដែរ។ 22បង​ប្អូន​ទាំង​ប្រាំ​ពីរ​នាក់​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត​នាង​ក៏​ស្លាប់​ទៅ​ដែរ។ 23លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​ត្រូវ​បាន​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា បើ​ប្រាំ​ពីរ​នាក់​សុទ្ធ​តែ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ?»។ 24អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​មិន​ស្គាល់​គីតាប ហើយ​មិន​ស្គាល់​អំណាច​របស់​អុលឡោះ​ផង។ 25ពេល​មនុស្ស​ស្លាប់ មាន​ជីវិត​រស់​ឡើង​វិញ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ម៉ាឡា‌អ៊ីកាត់​នៅ​សូរ៉កា។ 26ម៉ូសា​បាន​ចែង​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ក្នុង​អាយិត​ស្ដី​អំពី​គុម្ព​បន្លា តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ?។ អុលឡោះ​មាន​បន្ទូល​មក​ម៉ូសា​ថា “យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប”។ 27អុលឡោះ​មិន​មែន​ជា​ម្ចាស់​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ម្ចាស់​របស់​មនុស្ស​ដែល​មាន​ជីវិត។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​ហើយ!»។
ហ៊ូកុំ​សំខាន់​ជាង​គេ
28មាន​តួន​ម្នាក់​បាន​ឮ​ពួក​គេ​ជជែក​ជា​មួយ​អ៊ីសា ហើយ​ឃើញ​ថា​អ៊ីសា​បាន​ឆ្លើយ​ត្រឹម​ត្រូវ គាត់​ក៏​ចូល​ទៅ​ជិត​សួរ​អ៊ីសា​ថា៖ «ក្នុង​បណ្ដា​បទ‌បញ្ជា​ទាំង​អស់ តើ​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។ 29អ៊ីសា​ឆ្លើយ​ថា៖ «នេះ​ជា​បទ‌បញ្ជា​ទី​មួយៈ “អ៊ីស្រ‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង​មួយ​គត់ ដែល​ពិត​ជា​ម្ចាស់។ 30ត្រូវ​ស្រឡាញ់​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​គំនិត អស់​ពី​ស្មារតី អស់​ពី​ប្រាជ្ញា និង​អស់​ពី​កម្លាំង​កាយ”31រីឯ​បទ‌បញ្ជា​ទី​ពីរ​មាន​ចែង​ថា “ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង”។ គ្មាន​បទ‌បញ្ជា​ណា​សំខាន់​ជាង​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ទេ»។ 32តួន​នោះ​ជម្រាប​អ៊ីសា​ថា៖ «តួន​មាន​ប្រសាសន៍​ត្រូវ​ណាស់ ហើយ​ពិត​ផង។ មាន​អុលឡោះ​តែ​មួយ​គត់ ក្រៅ​ពី​អុលឡោះ គ្មាន​ម្ចាស់​ឯ​ណា​ទៀត​ឡើយ។ 33បើ​យើង​ស្រឡាញ់​អុលឡោះ​អស់​ពី​ចិត្ដ​គំនិត អស់​ពី​បញ្ញា និង​អស់​ពី​កម្លាំង​កាយ ហើយ​បើ​យើង​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​ប្រសើរ​ជាង​ធ្វើ​គូរបាន​ដុត និង​ជំនូន​ផ្សេងៗ​ទៅ​ទៀត»។ 34កាល​អ៊ីសា​ឮ​គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា​វាង‌វៃ​ដូច្នេះ អ៊ីសា​ប្រាប់​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​នគរ​របស់​អុលឡោះ​ទេ»។ បន្ទាប់​មក គ្មាន​នរណា​ហ៊ាន​ដេញ​ដោល​សួរ​អ៊ីសា​ទៀត​ឡើយ។
អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​លើ​ទត
35អ៊ីសា បង្រៀន​មនុស្ស‌ម្នា​នៅ​ក្នុង​ម៉ាស្ជិទ​ដោយ​មាន​ប្រសាសន៍​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​តួន​មាន​ប្រសាសន៍​ថា អាល់ម៉ា‌ហ្សៀស​ជា​ពូជ‌ពង្ស​របស់​ទត​ដូច្នេះ?។ 36រស​របស់​អុលឡោះ​បាន​បំភ្លឺ​ទត ឲ្យ​មាន​ប្រសាសន៍​ថាៈ
“អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់
អម្ចាស់​របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង
ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក
មក​ដាក់​ក្រោម​ជើង​របស់​អ្នក”
37បើ​ទត​ផ្ទាល់​ហៅ​អាល់ម៉ា‌ហ្សៀស​ថា “អម្ចាស់” ដូច្នេះ តើ​ឲ្យ​អាល់ម៉ា‌ហ្សៀស​ត្រូវ​ជា​ពូជ‌ពង្ស​របស់​ទត​ដូច​ម្ដេច​កើត?»។
ណាពី​អ៊ីសា​ប្រាប់​បណ្ដា‌ជន​ឲ្យ​ប្រយ័ត្ន​នឹង​ពួក​តួន
បណ្ដា‌ជន​ជា​ច្រើន​ចូល​ចិត្ដ​ប្រសាសន៍​របស់​អ៊ីសា​ណាស់។ 38អ៊ីសា​បង្រៀន​គេ​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​តួន​ឲ្យ​មែន​ទែន​អ្នក​ទាំង​នោះ​ចូល​ចិត្ដ​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង​ហើយ​ចូល​ចិត្ដ​ឲ្យ​គេ​គោរព​នៅ​តាម​ផ្សារ 39ព្រម​ទាំង​រើស​កន្លែង​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ និង​ចូល​ចិត្ដ​កន្លែង​កិត្ដិយស​នៅ​ពេល​ជប់‌លៀង។ 40គេ​តែង​នាំ​គ្នា​ឆ‌បោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ដ្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​ទូរអា​យ៉ាង​យូរ។ អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត​ជា​មិន​ខាន»។
ជំនូន​របស់​ស្ដ្រី​មេ‌ម៉ាយ
41អ៊ីសា​នៅ​មុខ​ហិប​ជំនូន អ៊ីសា​មើល​របៀប​ដែល​បណ្ដា‌ជន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប​នោះ។ អ្នក​មាន​ច្រើន​នាក់​ដាក់​ប្រាក់​ជា​ច្រើន។ 42មាន​ស្ដ្រី​មេ‌ម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់ នាង​យក​ប្រាក់​ពីរ‌សេន​ជា​ចំនួន​ដ៏​តិច​តួច​បំផុត ដាក់​ក្នុង​ហិប​ជំនូន​នោះ​ដែរ។ 43អ៊ីសា​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា ស្ដ្រី​មេ‌ម៉ាយ​ក្រី‌ក្រ​នេះ​បាន​ដាក់​ប្រាក់​ក្នុង​ហិប​ច្រើន​ជាង​គេ​ទាំង​អស់ 44ដ្បិត​ពួក​អ្នក​ទាំង​នោះ​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់។ រីឯ​ស្ដ្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​បាន​យក​ប្រាក់​ដែល​នាង​ត្រូវ​ការ​ជា​ចាំ‌បាច់​មក​ដាក់​ដែរ គឺ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត»។

Tya elembo

Kabola

Copy

None

Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo