Logo ya YouVersion
Elilingi ya Boluki

ម៉ាកុស 13

13
ណាពី​អ៊ីសា​មាន​ប្រសាសន៍​អំពី​ការ​បំផ្លាញ​ម៉ាស្ជិ
1ពេល​អ៊ីសា​ចេញ​ពី​ម៉ាស្ជិទ​ទៅ មាន​សិស្ស​ម្នាក់​ជម្រាប​អ៊ីសា​ថា៖ «តួន សូម​មើល​ថ្ម​នុ៎ះ​ស្អាត​ណាស់! សំណង់​ទាំង​នេះ​ល្អ​វិសេស‌វិសាល​បំផុត»។ 2អ៊ីសា​ប្រាប់​ទៅ​សិស្ស​នោះ​វិញ​ថា៖ «ថ្ងៃ​ក្រោយ សំណង់​ដ៏​ស្កឹម‌ស្កៃ​ដែល​អ្នក​ឃើញ​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់ លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។
ហេតុ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ
3អ៊ីសា​នៅ​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​ម៉ាស្ជិទ។ ពេត្រុស យ៉ាកកូប យ៉ូហាន និង​លោក​អន‌ទ្រេ សួរ​អ៊ីសា​ដាច់​ឡែក​ពី​គេ​ថា៖ 4«សូម​តួន​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សំគាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ព្រឹត្ដិ‌ការណ៍​ទាំង​នេះ​នឹង​ដល់​ទី​បញ្ចប់?»។ 5អ៊ីសា​ប្រាប់​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​បាន​ឡើយ 6ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​នាម​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​អាល់ម៉ា‌ហ្សៀស!”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ 7កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា​មាន​សង្គ្រាម​ផ្ទុះ​ឡើង មិន​ត្រូវ​ជ្រួល​ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង ប៉ុន្ដែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។ 8ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​ត‌ទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​ត‌ទល់​នឹង​ប្រទេស​មួយ​ទៀត។ នៅ​កន្លែង​ខ្លះ​នឹង​មាន​រញ្ជួយ​ផែនដី ព្រម​ទាំង​មាន​កើត​ទុរ្ភិក្ស​ផង។ ហេតុ‌ការណ៍​ទាំង​នេះ​ប្រៀប​បាន​នឹង​ការ​ឈឺ​ចាប់​ដើម​ដំបូង​របស់​ស្ដ្រី ដែល​ហៀប​នឹង​សំរាល​កូន។ 9ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កន្លែង​កាត់​ទោស គេ​នឹង​យក​រំពាត់​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ គេ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្ដែ ជា​ឱកាស​សម្រាប់​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខី‌ភាព​ឲ្យ​គេ​ដឹង​ឮ។ 10ត្រូវ​ប្រកាស​ដំណឹង‌ល្អ​ឲ្យ​មនុស្ស​គ្រប់​ជាតិ​គ្រប់​សាសន៍​បាន​ឮ​ជា​មុន​សិន។ 11ពេល​គេ​ចាប់​អ្នក​រាល់​គ្នា​បញ្ជូន​ទៅ​កាត់​ទោស កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ ត្រូវ​និយាយ​តាម​តែ​អុលឡោះ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​នៅ ពេល​នោះ​ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​រស​របស់​អុលឡោះ​ទេ​តើ ដែល​នឹង​និយាយ។ 12បង​ប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ​ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ 13មនុស្ស​គ្រប់​គ្នា​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្ដែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អុលឡោះ​នឹង​សង្គ្រោះ​អ្នក​នោះ»។
គ្រា​មាន​ទុក្ខ​លំបាក​វេទនា
14«ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ជន​ចង្រៃ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​ត្រូវ​ឈរ - សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ - ពេល​នោះ អស់​អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។ 15រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​របស់​អ្វី​ដែល​នៅ​ក្នុង​ផ្ទះ​ឡើយ 16ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។ 17គ្រា​នោះ​ស្ដ្រី​មាន​ផ្ទៃ​ពោះ និង​ស្ដ្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន។ 18ចូរ​ទូរអា‌អង្វរ​អុលឡោះ សូម​កុំ​ឲ្យ​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​នៅ​រដូវ​ត្រជាក់​ឡើយ 19ដ្បិត​ពេល​នោះ ជា​ពេល​មាន ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក គឺ​ចាប់​ពី​ពេល​ដែល​អុលឡោះ​បង្កើត​អ្វីៗ​ទាំង​អស់ មក​ទល់​សព្វ​ថ្ងៃ​ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ20ប្រសិន​បើ​អុលឡោះ‌ជាអម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​បាន​រួច​ជីវិត​ឡើយ ប៉ុន្ដែ អុលឡោះ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ដោយ​យោគ‌យល់​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ជ្រើស‌រើស។ 21ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អាល់ម៉ា‌ហ្សៀស​នៅ​ទី​នេះ​ឬ​នៅ​ទី​នោះ”កុំ​ជឿ​គេ​ឡើយ 22ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​អាល់ម៉ា‌ហ្សៀស ព្រម​ទាំង​មាន​ណាពី​ក្លែង‌ក្លាយ នាំ​គ្នា​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​អំណាច​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​អុលឡោះ​ជ្រើស‌រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។ 23ចូរ​ប្រុង​ប្រយ័ត្ន ដ្បិត​ខ្ញុំ​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន សព្វ​គ្រប់​ហើយ»។
បុត្រា​មនុស្ស​នឹង​មក​វិញ
24«លុះ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ នៅ​គ្រា​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ 25រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ26ពេល​នោះ គេ​នឹង​ឃើញ បុត្រា​មនុស្ស​មក​ក្នុង​ពពក ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំង​ក្លា និង​ដោយ​សិរី‌រុង‌រឿង។ 27គាត់​នឹង​ចាត់​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​គាត់​ឲ្យ​ទៅ​ទិស​ទាំង​បួន ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​អុលឡោះ​បាន​ជ្រើស‌រើស»។
28«ចូរ​អ្នក​រាល់​គ្នា​យក​ពាក្យ​ប្រស្នា ស្ដី​អំពី​ដើម​ឧទុម្ពរ​ទៅ​រិះ‌គិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។ 29ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្ដិ‌ការណ៍​ទាំង​នោះ​កើត​ឡើង​ត្រូវ​ដឹង​ថា បុត្រា​មនុស្ស​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​គាត់​មក​ជិត​បង្កើយ​ហើយ។ 30ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​នៅ​ឡើយ។ 31ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ។ 32រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ម៉ាឡា‌អ៊ីកាត់​នៅ​សូរ៉កា ឬ​បុត្រា​របស់​អុលឡោះ​ក៏​ពុំ​ដឹង​ដែរ មាន​តែ​អុលឡោះ​ជា​បិតា​ប៉ុណ្ណោះ​ដែល​ដឹង។ 33អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពេល​ណា​ជា​ពេល​កំណត់​ទេ ដូច្នេះ​ចូរ​ប្រុង​ប្រយ័ត្ន ប្រុង​ស្មារតី​ឲ្យ​មែន​ទែន 34ដ្បិត​ពេល​កំណត់​នោះ​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ គាត់​ទុក​ឲ្យ​ពួក​អ្នក​បម្រើ​មើល​ខុស​ត្រូវ​ក្នុង​ផ្ទះ ដោយ​ចែក​មុខ‌ងារ​ឲ្យ​រៀងៗ​ខ្លួន ព្រម​ទាំង​បង្គាប់​ឲ្យ​អ្នក​យាម​ផ្ទះ​ប្រុង​ស្មារតី​ផង។ 35អ្នក​រាល់​គ្នា​ក៏​ត្រូវ​ប្រុង​ស្មារតី​ដូច្នោះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ម្ចាស់​ផ្ទះ​នឹង​វិល​មក​វិញ​នៅ​ពេល​ណា​ឡើយ មិន​ដឹង​ជា​យប់ ពាក់​កណ្ដាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​ទេ 36ក្រែង​លោក​ត្រឡប់​មក​វិញ ដោយ​មិន​បាន​ឲ្យ​ដំណឹង​មុន ហើយ​ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់។ 37ពាក្យ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​នេះ ខ្ញុំ​ក៏​ចង់​ប្រាប់​អ្នក​ឯ​ទៀតៗ​គ្រប់​គ្នា​ដែរ គឺ​ថា ចូរ​ប្រុង​ស្មារតី!»។

Tya elembo

Kabola

Copy

None

Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo