Luke 24
24
1 នៅព្រឹកព្រលឹមនាថ្ងៃទីមួយនៃសប្ដាហ៍ ពួកគេក៏នាំយកគ្រឿងក្រអូបដែលពួកគេបានរៀបចំមកឯផ្នូរ
2 ពួកគេបានឃើញថ្មត្រូវបានប្រមៀលចេញពីផ្នូរ
3 ពេលពួកគេចូលទៅ មិនបានឃើញសពព្រះអម្ចាស់យេស៊ូទេ
4 ហើយកាលពួកគេកំពុងនឹកឆ្ងល់ពីហេតុការណ៍នេះ មើល៍មានបុរសពីរនាក់ស្លៀកពាក់ភ្លឺចែងចាំងបានឈរក្បែរពួកគេ។
5 ពួកគេក៏ប្រែជាភ័យខ្លាច ហើយក្រាបមុខដល់ដី ឯបុរសពីរនាក់នោះប្រាប់មកពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នារកមនុស្សរស់នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?
6 ដ្បិតព្រះអង្គបានរស់ឡើងវិញហើយ មិននៅទីនេះទេ! ចូរចាំព្រះអង្គមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងដូចម្ដេច កាលនៅស្រុកកាលីឡេ
7 គឺមានបន្ទូលថា កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់ពួកមនុស្សបាប រួចត្រូវគេឆ្កាង ប៉ុន្ដែនៅថ្ងៃទីបីនឹងរស់ឡើងវិញ»។
8 ពួកគេក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះអង្គ
9 ហើយពេលត្រលប់ពីផ្នូរមកវិញ ពួកគេបានប្រាប់ហេតុការណ៍ទាំងអស់នេះដល់សាវកទាំងដប់មួយ ព្រមទាំងអ្នកផ្សេងៗទៀត។
10 ពួកស្ដ្រីដែលបានប្រាប់ហេតុការណ៍ទាំងនោះដល់ពួកសាវក មាននាងម៉ារាអ្នកក្រុងម៉ាក់ដាឡា នាងយ៉ូអាណាន់ និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប ព្រមទាំងស្ដ្រីផ្សេងទៀតដែលនៅជាមួយពួកគេ។
11 ប៉ុន្ដែអ្នកទាំងនោះមិនជឿពួកនាងទេ ដ្បិតពាក្យសំដីរបស់ពួកនាងដូចជាផ្ដេសផ្ដាសសម្រាប់ពួកគេ។
12 លោកពេត្រុសបានក្រោកឡើងរត់ទៅឯផ្នូរ និងបានអោនមើល ក៏ឃើញតែក្រណាត់ទេសឯកប៉ុណ្ណោះ រួចគាត់ក៏ចាកចេញមកវិញដោយងឿងឆ្ងល់អំពីអ្វីដែលកើតឡើង។
13 ហើយមើល៍ នៅថ្ងៃដដែលនោះ មានពីរនាក់ក្នុងចំណោមពួកសិស្សកំពុងធ្វើដំណើរទៅភូមិមួយឈ្មោះភូមិអេម៉ោស ដែលមានចម្ងាយប្រហែលដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡិម
14 ហើយពួកគេនិយាយគ្នាអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង
15 ហើយពេលពួកគេកំពុងជជែកគ្នា ព្រះយេស៊ូក៏យាងមកជិតធ្វើដំណើរជាមួយពួកគេដែរ
16 តែភ្នែករបស់ពួកគេត្រូវបានខ្ទប់មិនឲ្យស្គាល់ព្រះអង្គទេ។
17 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើពួកអ្នកកំពុងដើរបណ្ដើរ និយាយគ្នាបណ្ដើរអំពីរឿងអ្វី?» ពួកគេក៏ឈរទាំងទឹកមុខស្រងូតស្រងាត់
18 ម្នាក់ឈ្មោះក្លេប៉ាសទូលតបទៅព្រះអង្គថា៖ «តើមានតែអ្នកម្នាក់ប៉ុណ្ណោះឬ ដែលនៅក្រុងយេរូសាឡិម ហើយមិនដឹងហេតុការណ៍ដែលបានកើតឡើងនៅក្នុងក្រុងប៉ុន្មានថ្ងៃនេះ?»
19 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើរឿងអ្វីទៅ?» ពួកគេទូលតបថា៖ «គឺអំពីលោកយេស៊ូ ជាអ្នកក្រុងណាសារ៉ែត លោកជាអ្នកនាំព្រះបន្ទូលម្នាក់ដ៏មានអំណាចទាំងនៅក្នុងពាក្យសំដី និងការប្រព្រឹត្ដិនៅចំពោះព្រះជាម្ចាស់ និងប្រជាជនទាំងអស់
20 ប៉ុន្ដែយ៉ាងដូចម្ដេចបានជាទាំងពួកសម្ដេចសង្ឃ និងពួកអាជ្ញាធររបស់យើងកាត់ទោសប្រហារជីវិតលោក គឺពួកគេបានឆ្កាងលោក
21 ហើយយើងសង្ឃឹមថា លោកជាព្រះមួយអង្គដែលនឹងសង្គ្រោះអ៊ីស្រាអែល ប៉ុន្ដែលើសពីនេះទៅទៀត នេះជាថ្ងៃទីបីហើយ តាំងពីហេតុការណ៍ទាំងនេះបានកើតឡើង។
22 មានពួកស្ដ្រីខ្លះនៅក្នុងចំណោមយើងបានធ្វើឲ្យយើងឆ្ងល់ដែរ គឺកាលពួកគេបានទៅឯផ្នូរពីព្រលឹម
23 មិនបានឃើញសពលោកទេ ពួកគេបានមកប្រាប់ទៀតថា បានឃើញពួកទេវតាលេចមកប្រាប់ថា លោកនៅរស់ទេ។
24 មានអ្នកខ្លះនៅក្នុងចំណោមពួកអ្នកនៅជាមួយយើងបានចេញដំណើរទៅឯផ្នូរ ហើយក៏ឃើញដូចជាស្ដ្រីទាំងនោះនិយាយមែន គឺពួកគេមិនបានឃើញលោកទេ»។
25 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ឱពួកមនុស្សល្ងីល្ងើ និងមានចិត្តមិនងាយជឿអស់ទាំងសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលបានថ្លែងទុកអើយ!
26 តើព្រះគ្រិស្ដមិនត្រូវរងទុក្ខវេទនាទាំងនោះទេឬ ដើម្បីចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ?»
27 រួចព្រះអង្គក៏ពន្យល់ប្រាប់ពួកគេគ្រប់សេចក្ដីដែលបានចែងអំពីព្រះអង្គនៅក្នុងបទគម្ពីរទាំងអស់ ចាប់ផ្ដើមពីគម្ពីរម៉ូសេរហូតដល់គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល។
28 កាលពួកគេធ្វើដំណើរមកជិតដល់ភូមិនោះហើយ ព្រះអង្គក៏ធ្វើជាយាងបង្ហួសទៅ
29 ប៉ុន្ដែពួកគេបានទទូចសុំព្រះអង្គយ៉ាងខ្លាំងថា៖ «សូមស្នាក់នៅជាមួយយើងសិន ព្រោះល្ងាចណាស់ហើយ» ព្រះអង្គក៏យាងចូលទៅស្នាក់នៅជាមួយពួកគេ។
30 កាលព្រះអង្គអង្គុយនៅតុអាហារជាមួយនឹងពួកគេ ព្រះអង្គបានយកនំប៉័ងមកប្រទានពរ រួចកាច់ឲ្យទៅពួកគេ
31 ពេលនោះភ្នែករបស់ពួកគេត្រូវបានបើកឡើង ហើយពួកគេក៏ស្គាល់ព្រះអង្គ ប៉ុន្ដែព្រះអង្គក៏បាត់ពីមុខពួកគេទៅ។
32 ពួកគេបាននិយាយគ្នាថា៖ «តើចិត្ដរបស់យើងមិនបានឆេះឆួលទេឬ កាលដែលព្រះអង្គបានមានបន្ទូលមកកាន់យើងនៅតាមផ្លូវ គឺនៅពេលព្រះអង្គបកស្រាយបទគម្ពីរប្រាប់យើង?»
33 ពេលនោះពួកគេក្រោកឡើងត្រលប់ទៅក្រុងយេរូសាឡិមវិញ ហើយពួកគេបានឃើញសាវកទាំងដប់មួយ និងពួកអ្នកដែលនៅជាមួយពួកគេកំពុងជួបជុំគ្នា
34 និយាយថា៖ «ព្រះអម្ចាស់បានរស់ឡើងវិញពិតមែន គឺព្រះអង្គបានលេចមកឲ្យលោកស៊ីម៉ូនឃើញ»។
35 ពួកគេក៏ពន្យល់ប្រាប់ពីហេតុការណ៍នៅតាមផ្លូវ និងពីរបៀបដែលពួកគេស្គាល់ព្រះអង្គនៅពេលកាច់នំប៉័ង។
36 ពេលពួកគេកំពុងប្រាប់អំពីហេតុការណ៍ទាំងនេះ ព្រះអង្គក៏ឈរនៅកណ្ដាលចំណោមពួកគេ និងមានបន្ទូលទៅពួកគេថា៖ «សូមអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ»
37 ពួកគេក៏ខ្លាចញ័ររន្ធត់ ព្រោះពួកគេគិតថាជួបខ្មោច។
38 ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាច្របូកច្របល់ដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តសង្ស័យដូច្នេះ?
39 ចូរមើលដៃ និងជើងរបស់ខ្ញុំចុះ ថាជាខ្ញុំ ហើយចូរមើល និងពាល់ខ្ញុំចុះ ព្រោះខ្មោចគ្មានសាច់គ្មានឆ្អឹងដូចជាអ្នករាល់គ្នាឃើញខ្ញុំនេះទេ»។
40 កាលព្រះអង្គមានបន្ទូលដូច្នេះហើយ ក៏បង្ហាញព្រះហស្ត និងបាទាឲ្យពួកគេឃើញ។
41 ប៉ុន្ដែដោយសេចក្ដីអំណរ និងការងឿងឆ្ងល់ ពួកគេនៅតែមិនទាន់ជឿ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមានអាហារនៅទីនេះដែរឬទេ?»
42 ពួកគេក៏ឲ្យត្រីអាំងមួយដុំដល់ព្រះអង្គ
43 ហើយព្រះអង្គក៏យកមកបរិភោគនៅចំពោះមុខពួកគេ
44 រួចក៏មានបន្ទូលទៅពួកគេថា៖ «ទាំងនេះជាពាក្យសំដីរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺបានប្រាប់ថា សេចក្ដីទាំងអស់ដែលបានចែងទុកអំពីខ្ញុំនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល និងទំនុកតម្កើងត្រូវតែសម្រេច»។
45 បន្ទាប់មកព្រះអង្គក៏បើកគំនិតរបស់ពួកគេឲ្យយល់បទគម្ពីរទាំងនោះ
46 ដោយមានបន្ទូលទៅពួកគេថា៖ «គឺមានសេចក្ដីចែងទុកដូច្នេះថា ព្រះគ្រិស្ដត្រូវរងទុក្ខវេទនា ហើយរស់ឡើងវិញនៅថ្ងៃទីបី
47 ហើយគេនឹងប្រកាសក្នុងព្រះនាមរបស់ព្រះអង្គអំពីការប្រែចិត្ដសម្រាប់ការលើកលែងទោសបាបដល់ជនជាតិទាំងអស់ចាប់ផ្ដើមពីក្រុងយេរូសាឡិមទៅ
48 ហើយអ្នករាល់គ្នាជាសាក្សីនៃហេតុការណ៍ទាំងនេះ
49 មើល៍ ខ្ញុំបានប្រគល់សេចក្ដីសន្យារបស់ព្រះវរបិតាខ្ញុំដល់អ្នករាល់គ្នាហើយ ប៉ុន្ដែចូរអ្នករាល់គ្នានៅក្នុងក្រុងរហូតដល់អ្នករាល់គ្នាបានគ្របដណ្ដប់ដោយអំណាចពីស្ថានលើ»។
50 ព្រះអង្គក៏នាំពួកគេចេញទៅក្រៅរហូតដល់ក្រុងបេថានី ហើយព្រះអង្គក៏លើកព្រះហស្ដប្រទានពរដល់ពួកគេ។
51 កាលព្រះអង្គកំពុងប្រទានពរឲ្យពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេទៅ គឺត្រូវបានលើកយកទៅឯស្ថានសួគ៌វិញ។
52 ពួកគេក៏ថ្វាយបង្គំព្រះអង្គ ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញដោយអំណរជាខ្លាំង
53 និងបាននៅក្នុងព្រះវិហារថ្វាយព្រះពរព្រះជាម្ចាស់ជានិច្ច។
Zvasarudzwa nguva ino
Luke 24: KCB
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi
Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.