លូកា 17

17
1ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា នឹង​ធ្វើ​ឲ្យ​បាត់​ហេតុ​ដែល​នាំ​ឲ្យ​រវាត​ចិត្ត នោះ​មិន​បាន​ឡើយ តែ​វេទនា​ដល់​អ្នក​ណា​ដែល​បង្កើត​ហេតុ​នោះ​ឡើង 2បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទៅ​ចង​ក​អ្នក​នោះ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ ជា​ជាង​ទុក​ឲ្យ​នៅ​ធ្វើ​ហេតុ​នាំ​ឲ្យ​កូន​តូច​ណា​មួយ​នេះ​រវាត​ចិត្ត​វិញ 3ចូរ​ប្រយ័ត​ខ្លួន បើ​បង​ប្អូន​ធ្វើ​បាប​នឹង​អ្នក ត្រូវ​ឲ្យ​អ្នក​បន្ទោស​ដល់​គាត់ បើ​គាត់​ប្រែ​ចិត្ត​មក​វិញ នោះ​ចូរ​អត់​ទោស​ដល់​គាត់​ចុះ 4បើ​គាត់​ធ្វើ​បាប​នឹង​អ្នក​៧​ដង​ក្នុង​១​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​៧​ដង​ថា ខ្ញុំ​ប្រែ​ចិត្ត​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​អត់​ទោស​ដល់​គាត់​ជា​កុំ​ខាន 5ដូច្នេះ ពួក​សាវក​ទូល​ដល់​ព្រះ‌អម្ចាស់​ថា សូម​ទ្រង់​ចំរើន​សេចក្ដី​ជំនឿ​ដល់​យើង​ខ្ញុំ​ទៀត​ផង 6តែ​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​នឹង​និយាយ​ទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់​តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ 7ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​បាវ​កំពុង​តែ​ភ្ជួរ ឬ​ឃ្វាល​សត្វ លុះ​កាល​ណា​វា​វិល​មក​ពី​ចំការ តើ​នឹង​និយាយ​ទៅ​វា​ភ្លាម​ថា មក​អង្គុយ​ស៊ី​បាយ​សិន ឬ​អី 8គឺ​នឹង​ប្រាប់​វា​យ៉ាង​នេះ​វិញ​ទេ​តើ ថា ចូរ​រៀបចំ​អាហារ​ឲ្យ​អញ រួច​ក្រវាត់​ខ្លួន​មក​បំរើ​អញ​ដែល​កំពុង​តែ​ស៊ី រួច​សឹម​ឯង​ស៊ី​ជា​ក្រោយ​ចុះ 9តើ​ចៅហ្វាយ​ដឹង​គុណ​បាវ​នោះ ដោយ​ព្រោះ​វា​ធ្វើ​តាម​បង្គាប់​ឬ​ដូច​ម្តេច ខ្ញុំ​យល់​ថា មិន​មែន​ទេ 10ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ។
11កាល​ទ្រង់​កំពុង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ក៏​យាង​តាម​ព្រំ‌ដែន​ស្រុក​សាម៉ារី ហើយ​នឹង​ស្រុក​កាលី‌ឡេ 12លុះ​យាង​ចូល​ទៅ​ក្នុង​ភូមិ​១ ក៏​មាន​មនុស្ស​ឃ្លង់​១០​នាក់​មក​ជួប​នឹង​ទ្រង់ ឈរ​នៅ​ពី​ចំងាយ ស្រែក​ទូល​ថា 13ឱ​ព្រះ‌យេស៊ូវ ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង 14ទ្រង់​ទត​ឃើញ​គេ ហើយ​ក៏​មាន​បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ លុះ​គេ​កំពុង​តែ​ដើរ​ទៅ នោះ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា 15មាន​ម្នាក់ កាល​ឃើញ​ថា ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរ​ដំកើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង 16គាត់​ទំលាក់​ខ្លួន​ផ្កាប់​មុខ នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ផង អ្នក​នោះ​ជា​សាសន៍​សាម៉ារី 17ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ទាំង​១០​នោះ​មិន​បាន​ជា​ស្អាត​ទេ​ឬ​អី ចុះ​៩​នាក់​ឯ​ទៀត​នៅ​ឯ​ណា 18តើ​ឃើញ​មាន​តែ​សាសន៍​ដទៃ​១​នេះ វិល​មក​សរសើរ​ដំកើង​ដល់​ព្រះ​ទេ​ឬ 19រួច​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​ក្រោក​ឡើង​ទៅ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ។
20ឯ​ពួក​ផារិស៊ី គេ​ទូល​សួរ​ទ្រង់​ពី​នគរ​ព្រះ ដែល​ត្រូវ​មក​ដល់​នៅ​វេលា​ណា នោះ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា នគរ​ព្រះ​មិន​មែន​មក​បែប​ឲ្យ​មើល​ឃើញ​ទេ 21គ្មាន​អ្នក​ណា​នឹង​ថា មើល នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ​បាន​ឡើយ ដ្បិត​មើល នគរ​ព្រះ​ក៏​នៅ​កណ្តាល​អ្នក​រាល់​គ្នា​ហើយ។
22រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​អ្នក​រាល់​គ្នា​នឹង​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស តែ​មិន​ឃើញ​ទេ 23ហើយ​គេ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ចេញ​ទៅ​តាម​ឡើយ 24ដ្បិត​នៅ​ថ្ងៃ​របស់​កូន​មនុស្ស នោះ​លោក​នឹង​បាន​ដូច​ជា​ផ្លេក‌បន្ទោរ ដែល​ភ្លឺ‌ផ្លេកៗ ពី​ជើង​មេឃ​ម្ខាង ដល់​ជើង​មេឃ​ម្ខាង​ដូច្នោះ​ដែរ 25ប៉ុន្តែ​មុន​ដំបូង​ត្រូវ​ឲ្យ​លោក​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​ត្រូវ​មនុស្ស​ដំណ​នេះ បោះ​បង់​ចោល​លោក​ផង 26នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ 27ដ្បិត​នៅ​ជំនាន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ នោះ​ទឹក​ក៏​ជន់​មក​លិច​បំផ្លាញ​គ្រប់​គ្នា​ទៅ 28ក៏​ដូច​ជា​នៅ​ជំនាន់​លោក​ឡុត​ដែរ គេ​កំពុង​តែ​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ ហើយ​សង់​ផ្ទះ 29តែ​នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចេញ​ពី​ក្រុង​សូដុំម​មក នោះ​មាន​ភ្លៀង ជា​ភ្លើង នឹង​ស្ពាន់‌ធ័រ ធ្លាក់​ពី​លើ​មេឃ​មក បំផ្លាញ​គេ​ទាំង​អស់​គ្នា​បង់ 30នៅ​ថ្ងៃ​ដែល​កូន​មនុស្ស​លេច​មក នោះ​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ 31ថ្ងៃ​នោះ​ឯង បើ​អ្នក​ណា​នៅ​លើ​ដំបូល ហើយ​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ នោះ​កុំ​ឲ្យ​ចុះ​មក​យក​ឡើយ ឯ​អ្នក​ណា​ដែល​នៅ​ចំការ​ក៏​ដូច្នោះ​ដែរ កុំ​ឲ្យ​ត្រឡប់​មក​វិញ​ឲ្យ​សោះ 32ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​លោក​ឡុត 33អ្នក​ណា​ដែល​រក​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ ហើយ​អ្នក​ណា​ដែល​បាត់​ជីវិត នោះ​នឹង​បាន​គង់​នៅ​វិញ 34ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ នឹង​មាន​មនុស្ស​២​នាក់​ដេក​នៅ​ដំណេក​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ម្នាក់​ត្រូវ​ទុក​នៅ 35នឹង​មាន​ស្ត្រី​២​នាក់​កិន​ម្សៅ​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ម្នាក់​ត្រូវ​ទុក​នៅ 36នឹង​មាន​មនុស្ស​២​នាក់​នៅ​ចំការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ត្រូវ​ទុក​នៅ 37នោះ​គេ​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​នៅ​ឯ​ណា ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ខ្មោច​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​ទី​នោះ​ឯង។

தற்சமயம் தேர்ந்தெடுக்கப்பட்டது:

លូកា 17: ពគប

சிறப்புக்கூறு

பகிர்

நகல்

None

உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்