យ៉ូហាន 3
3
1រីឯនៅក្នុងពួកផារិស៊ី មានចៅហ្វាយសាសន៍យូដាម្នាក់ ឈ្មោះនីកូដេម 2លោកក៏មកឯព្រះយេស៊ូវទាំងយប់ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណាអាចនឹងធ្វើទីសំគាល់ ដែលលោកធ្វើទាំងនេះបានទេ លើកតែព្រះគង់នៅជាមួយប៉ុណ្ណោះ 3ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ 4លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ 5ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ 6របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ 7កុំឲ្យឆ្ងល់ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះឡើយ 8ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ 9លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចឲ្យការទាំងនេះកើតបាន 10ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នកជាគ្រូនៃសាសន៍អ៊ីស្រាអែល តែមិនដឹងការទាំងនេះទេឬ 11ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសេចក្ដីបន្ទាល់របស់យើងទេ 12បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីការដែលត្រូវខាងផែនដី តែអ្នករាល់គ្នាមិនជឿទៅហើយ នោះចំណង់បើខ្ញុំប្រាប់ពីការ ដែលត្រូវខាងស្ថានសួគ៌វិញ តើធ្វើដូចម្តេចនឹងឲ្យជឿទៅបាន 13គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯង 14ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ 15ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ 16ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ 17ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ ដើម្បីនឹងជំនុំជំរះលោកីយនោះទេ គឺឲ្យលោកីយបានសង្គ្រោះ ដោយសារទ្រង់វិញ 18ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ តែអ្នកណាដែលមិនជឿវិញ នោះត្រូវមានទោសហើយ ពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែ១របស់ព្រះ 19ហើយទោសនេះ គឺថា ពន្លឺបានមកក្នុងលោកីយ តែមនុស្សលោកចូលចិត្តនឹងសេចក្ដីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់ 20ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះតែងស្អប់ដល់ពន្លឺ ហើយមិនមកឯពន្លឺទេ ក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មាន បានបើកឲ្យឃើញ 21តែអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ នោះតែងមកឯពន្លឺ ដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្ត បានសំដែងមកឲ្យដឹងថា បានធ្វើដោយនូវព្រះ។
22ក្រោយនោះមក ព្រះយេស៊ូវ នឹងពួកសិស្សទ្រង់ក៏មកក្នុងស្រុកយូដា ទ្រង់គង់នៅទីនោះជាមួយនឹងគេ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកផង 23ឯយ៉ូហាន គាត់កំពុងតែធ្វើបុណ្យជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលិម ព្រោះនៅទីនោះមានទឹកច្រើន ហើយចេះតែមានគេមក ដើម្បីទទួលបុណ្យជ្រមុជទឹកផង 24ដ្បិតយ៉ូហានមិនទាន់ជាប់គុកនៅឡើយ 25វេលានោះ ពួកសិស្សយ៉ូហាន នឹងសាសន៍យូដាម្នាក់ កើតជជែកគ្នា ពីដំណើរលាងសំអាត 26រួចគេមកឯយ៉ូហានជំរាបថា លោកគ្រូ លោកនោះដែលនៅជាមួយនឹងលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់ឲ្យ មើល លោកក៏ធ្វើបុណ្យជ្រមុជដែរ ហើយបណ្តាមនុស្សទាំងប៉ុន្មាន គេទៅឯលោកវិញ 27យ៉ូហានឆ្លើយថា គ្មានមនុស្សណាអាចនឹងទទួលអ្វីបានទេ លើកតែបានប្រទានពីស្ថានសួគ៌មកឲ្យប៉ុណ្ណោះ 28ខ្លួនអ្នករាល់គ្នាជាទីបន្ទាល់ពីខ្ញុំ ដែលខ្ញុំថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ 29អ្នកណាដែលយកប្រពន្ធ នោះឈ្មោះថាជាប្ដីហើយ ឯពួកមិត្រសំឡាញ់ ដែលឈរស្តាប់គាត់ កំពុងដែលរៀបការ នោះក៏មានសេចក្ដីអំណរអរឡើង ដោយសារសំឡេងប្ដី គឺយ៉ាងនោះឯង ដែលសេចក្ដីអំណររបស់ខ្ញុំបានពោរពេញហើយ 30ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ 31ព្រះអង្គដែលមកពីស្ថានលើ នោះខ្ពស់លើសទាំងអស់ ឯមនុស្សដែលនៅផែនដី នោះកើតពីផែនដីមក ហើយក៏និយាយតាមរបៀបផែនដី តែព្រះអង្គដែលយាងមកពីស្ថានសួគ៌ នោះខ្ពស់លើសជាងទាំងអស់ 32ទ្រង់ធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញ ហើយឮ តែគ្មានអ្នកណាដែលទទួលសេចក្ដីបន្ទាល់របស់ទ្រង់ទេ 33អ្នកណាដែលទទួលសេចក្ដីបន្ទាល់របស់ទ្រង់ នោះបានបោះត្រា យល់ព្រមថា ព្រះទ្រង់ពិតត្រង់មែន 34ដ្បិតព្រះអង្គ ដែលព្រះបានចាត់ឲ្យមក ទ្រង់មានបន្ទូលតាមព្រះបន្ទូលនៃព្រះ ពីព្រោះព្រះទ្រង់មិនប្រទានព្រះវិញ្ញាណមក ដោយមានកំរិតទេ 35ឯព្រះវរបិតា ទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយបានប្រគល់គ្រប់ទាំងអស់ មកក្នុងព្រះហស្តទ្រង់ 36ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយ គឺសេចក្ដីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះឯង។
Nke Ahọpụtara Ugbu A:
យ៉ូហាន 3: ពគប
Mee ka ọ bụrụ isi
Kesaa
Mapịa
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fig.png&w=128&q=75)
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
© BFBS/UBS 1954, 1962. All Rights Reserved.