លូកា 21
21
1នោះទ្រង់ក្រឡេកព្រះនេត្រទតទៅ ឃើញពួកអ្នកមាន កំពុងតែដាក់ប្រាក់ដង្វាយក្នុងឃ្លាំង 2ទ្រង់ក៏ឃើញស្រីមេម៉ាយក្រម្នាក់ ដាក់ថ្វាយតែ២ស្លឹងគត់ 3រួចទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយទ័លក្រនេះបានដាក់ដង្វាយលើសជាងគេទាំងអស់ 4ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីរបស់សំណល់ខ្លួនមកថ្វាយ តែឯស្ត្រីនេះ នាងបានយកពីសេចក្ដីកំសត់របស់ខ្លួនមកថ្វាយវិញ គឺនាងបានថ្វាយរបស់ទាំងប៉ុន្មាន ដែលមានសំរាប់នឹងចិញ្ចឹមជីវិតខ្លួនផង។
5កាលអ្នកខ្លះកំពុងតែនិយាយពីព្រះវិហារ ដែលធ្វើនឹងថ្មយ៉ាងល្អ ហើយតាក់តែងដោយដង្វាយទាំងប៉ុន្មាន នោះទ្រង់មានបន្ទូលថា 6ឯរបស់ទាំងនេះ ដែលអ្នករាល់គ្នាកំពុងតែមើល នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មនៅត្រួតលើថ្មទៀត ឥតត្រូវទំលាក់ចុះនោះទេ 7នោះគេទូលសួរទ្រង់ថា លោកគ្រូ តើកាលណាការទាំងនេះនឹងកើតឡើង តើមានទីសំគាល់ណា ឲ្យដឹងក្នុងកាលដែលការទាំងនេះជិតមកដល់ 8ទ្រង់មានបន្ទូលថា ចូរប្រយ័ត ក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា គឺខ្ញុំនេះហើយ ក៏នឹងថា វេលាជិតដល់ហើយ ដូច្នេះ កុំឲ្យទៅតាមគេឡើយ 9កាលណាអ្នករាល់គ្នាឮនិយាយពីចំបាំង នឹងចលាចល នោះកុំឲ្យភ័យស្លុតឡើយ ដ្បិតការទាំងនោះត្រូវតែមកជាមុន តែនោះពុំទាន់ដល់ចុងបំផុតជាឆាប់ម៉្លេះទេ។
10ទ្រង់ក៏មានបន្ទូលទៅគេថា សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ ហើយនគរ១ទាស់នឹងនគរ១ 11ក៏នឹងមានកក្រើកដីជាខ្លាំង នឹងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ នឹងទីសំគាល់យ៉ាងធំពីលើមេឃផង 12តែមុនការទាំងនោះ គេនឹងចាប់អ្នករាល់គ្នាធ្វើទុក្ខ បញ្ជូនទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច នឹងចៅហ្វាយខេត្ត ដោយព្រោះឈ្មោះខ្ញុំផង 13ប៉ុន្តែការនោះនឹងត្រឡប់ប្រែជាឱកាស ឲ្យអ្នករាល់គ្នាធ្វើបន្ទាល់វិញ 14ដូច្នេះ ចូរសំរេចក្នុងចិត្តថា អ្នករាល់គ្នានឹងមិនគិតជាមុន អំពីពាក្យដែលត្រូវដោះសាទេ 15ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ហើយនឹងប្រាជ្ញាវិញ ដែលពួកអ្នកតតាំងពុំអាចនឹងឆ្លើយឆ្លង ឬទទឹងទាស់បានឡើយ 16ប៉ុន្តែទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្រសំឡាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយនឹងសំឡាប់អ្នករាល់គ្នាខ្លះដែរ 17មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ 18តែសូម្បីសក់១សរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង 19អ្នករាល់គ្នានឹងបានជីវិតគង់នៅវិញ ដោយមានចិត្តខ្ជាប់ខ្ជួន។
20ប៉ុន្តែកាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ 21គ្រានោះ ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញទៅឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ 22ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសំរេចតាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមក 23ឯពួកស្រីៗដែលមានផ្ទៃពោះ ហើយពួកដែលបំបៅកូន នៅគ្រានោះ នឹងវេទនាណាស់ ដ្បិតនឹងមានសេចក្ដីវេទនាជាខ្លាំងនៅក្នុងស្រុក ហើយនឹងសេចក្ដីក្រោធដល់បណ្តាជននេះ 24គេនឹងដួលនៅក្រោមមុខដាវ ហើយនឹងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច។
25កាលណោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ នឹងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្ដីលំបាកនៅគ្រប់ទាំងសាសន៍ នឹងសេចក្ដីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ នឹងរលក 26មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី ដ្បិតអស់ទាំងអំណាចនៅលើមេឃ នឹងត្រូវកក្រើករំពើក 27នោះគេនឹងឃើញកូនមនុស្សមកលើពពក មានទាំងព្រះចេស្តា នឹងសិរីល្អជាខ្លាំង 28កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ។
29រួចទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូច ទៅគេថា ចូរមើលដើមល្វា នឹងអស់ទាំងដើមឈើចុះ 30កាលណាវាលាស់ឡើង នោះអ្នករាល់គ្នាយល់ឃើញដោយខ្លួនឯងថា រដូវក្តៅជិតដល់ហើយ 31កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា នគរព្រះជិតដល់ហើយយ៉ាងដូច្នោះដែរ 32ខ្ញុំក៏ប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការទាំងនេះបានកើតមក 33ឯផ្ទៃមេឃ នឹងផែនដី នោះនឹងកន្លងបាត់ទៅ តែឯពាក្យខ្ញុំ មិនដែលកន្លងបាត់ឡើយ 34ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម 35ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី 36ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង។
37នៅពេលថ្ងៃ ទ្រង់តែងបង្រៀនក្នុងព្រះវិហារ លុះដល់ពេលយប់ ទ្រង់តែងតែយាងចេញទៅស្នាក់នៅលើភ្នំ ដែលហៅថា ភ្នំដើមអូលីវ 38ព្រលឹមៗឡើង បណ្តាជនក៏មកស្តាប់ទ្រង់នៅក្នុងព្រះវិហារជានិច្ច។
ទើបបានជ្រើសរើសហើយ៖
លូកា 21: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.