១ សាំ‌យូ‌អែល 4

4
1លោក​សាំ‌យូអែល​ប្រកាសព្រះ​បន្ទូល​ប្រាប់​សាសន៍​អ៊ី‌ស្រាអែល​ទាំង​មូល។
ហិប​សញ្ញា​របស់​ព្រះ​ត្រូវ​គេ​ដណ្តើម​យក
សាសន៍​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​ភីលី‌ស្ទីន ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ ឯ​ពួក​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​ត្រង់​អាផែក។ 2ពួក​ភីលី‌ស្ទីន​តម្រៀប​ទ័ព​ប្រឈម​នឹង​អ៊ីស្រា‌អែល ហើយ​ពេល​គេ​ចូល​ប្រឡូក​ត​ដៃ​គ្នា គឺ​ពួក​អ៊ីស្រា‌អែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សម្លាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​បួន​ពាន់​នាក់។ 3នៅ​ពេល​ពួក​ពល​ទាហាន​បាន​ចូល​មក​ក្នុង​ទី​តាំង​វិញ នោះ​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​បណ្ដាយ​ឲ្យ​យើង​បរាជ័យ​នៅ​មុខ​ពួក​ភីលី‌ស្ទីន​ដូច្នេះ? ចូរ​យើង​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពី​ស៊ីឡូរ​មក​នៅ​កណ្ដាល​ពួក​យើង ដើម្បី​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ»។ 4ដូច្នេះ គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ីឡូរ ហើយ​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ដែល​នៅ​កណ្ដាល​ចេរូ‌ប៊ីម។ កូន​ប្រុស​លោកអេលី​ទាំង​ពីរ គឺ​ហុបនី និង​ភីនេ‌ហាស​ក៏​នៅ​ទី​នោះ​ជា‌មួយ​ហិប​សញ្ញា​របស់​ព្រះ​ដែរ។
5ពេល​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ទី​បោះ​ទ័ព​ហើយ នោះ​ស្រាប់​តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ស្រែក​ឡើង​ជា​ខ្លាំង រហូត​ដល់​ឮ​ខ្ទរ​ផែនដី។ 6កាល​ពួក​ភីលី‌ស្ទីន​បាន​ឮ​សូរ​សម្រែក​ដូច្នោះ ក៏​សួរ​គ្នា​ថា៖ «តើ​សូរ​សម្រែក​អ្វី​ខ្លាំង​ដល់​ម៉្លេះ នៅ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​ហេព្រើរ?» ពេល​គេ​យល់​ឃើញ​ថា ហិប​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ទី​បោះ​ទ័ព​ហើយ 7ពួក​ភីលី‌ស្ទីន​មាន​សេចក្ដី​ភ័យ ដោយ​ពោល​ថា៖ «ព្រះ បាន​យាង​មក​ក្នុង​ជំរំ​ទ័ព​ហើយ» រួច​ក៏​និយាយ​ទៀត​ថា៖ «វេទនា​ដល់​យើង​ហើយ! ដ្បិត​ពី​ដើម​មិន​ដែល​មាន​ដូច្នេះ​ទេ។ 8វេទនា​ដល់​យើង​ហើយ! តើ​មាន​អ្នក​ណា​អាច​ជួយ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ព្រះ​ដ៏​ខ្លាំង​ពូកែ​នេះ? គឺ​ព្រះ​ទាំង​នោះ​ហើយ ដែល​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ​នៅ​ទី​រហោ‌ស្ថាន ដោយ​សេចក្ដី​វេទនា​គ្រប់​យ៉ាង 9ឱ​ពួក​ភីលី‌ស្ទីន​អើយ ចូរ​ក្លាហាន​ឡើង ធ្វើ​ជា​មនុស្ស​អង់​អាច ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ធ្លាក់​ទៅ​ជា​អ្នក​បម្រើ​របស់​ពួក​ហេព្រើរ ដូច​ជា​គេ​បាន​ធ្វើ​ជា​អ្នក‌បម្រើ​យើង​នោះ​ឡើយ ចូរ​មាន​ចិត្ត​អង់​អាច ហើយ​ត​ដៃ​នឹង​គេ​ចុះ»។
10ដូច្នេះ ពួក​ភីលី‌ស្ទីន​ក៏​ចូល​ត​ដៃ​គ្នា ហើយ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ចាញ់ រត់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ក៏​មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក គឺ​ពួក​ពល​ថ្មើរ​ជើង​ខាង​អ៊ីស្រា‌អែល​បាន​ដួល​ស្លាប់​អស់​ចំនួន​បី​ម៉ឺន​នាក់។ 11ឯ​ហិប​របស់​ព្រះ គេ​ក៏​ចាប់​នាំ​យក​ទៅ ចំណែក​ហុបនី និង​ភីនេ‌ហាស ជា​កូន​លោកអេលី​ទាំង​ពីរ​ក៏​ស្លាប់​ដែរ។
សង្ឃ​អេលី​ទទួល​មរណ‌ភាព
12នៅ​ថ្ងៃ​នោះ មាន​បុរស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​រត់​ពី​សមរភូមិ​ទៅ​ស៊ីឡូរ ទាំង​សម្លៀក‌បំពាក់​ដាច់​រហែក ហើយ​មាន​ដី​នៅ​លើ​ក្បាល​ផង។ 13ពេល​គាត់​ចូល​ទៅ​ដល់ លោកអេលី​កំពុង​អង្គុយ​ទន្ទឹង​ចាំ​នៅ​មាត់​ផ្លូវ ដ្បិត​លោក​មាន​ចិត្ត​ភ័យ​ញ័រ​ជា​ខ្លាំង ដោយ​ព្រោះ​ហិប​របស់​ព្រះ កាល​អ្នក​នោះ​បាន​ចូល​មក​ប្រាប់​ដំណឹង​ដល់​ពួក​ទី​ក្រុង​ហើយ គេ​ក៏​ស្រែក​ឡើង​ទាំង​អស់​គ្នា។ 14ពេល​អេលី​បាន​ឮ​សូរ​សម្រែក​នោះ​ហើយ គាត់​សួរ​ថា៖ «តើ​សូរ​អឺង‌កង​នេះ​ជា​អ្វី?» អ្នក​នោះ​ក៏​ចូល​ជា​ប្រញាប់​ទៅ​ជម្រាប​ដល់​លោកអេលី។ 15អេលី​មាន​អាយុ​កៅសិប​ប្រាំបី​ឆ្នាំ​ហើយ ភ្នែក​លោក​ក៏​មើល​អ្វី​មិន​សូវ​ឃើញ។ 16បុរស​នោះ​ជម្រាប​ថា៖ «គឺ​ខ្ញុំ​នេះ​ដែល​ចេញ​មក​ពី​ទី​ចម្បាំង ខ្ញុំ​បាន​រត់​រួច​នៅ​ថ្ងៃ​នេះ» អេលី​សួរ​ថា៖ «តើ​យ៉ាង​ម៉េច​ទៅ​ហើយ​កូន​អើយ?» 17អ្នក​នាំ​ដំណឹង​នោះ​ក៏​ឆ្លើយ​ថា៖ «ពួក​អ៊ីស្រា‌អែល​បាន​រត់​ពី​ពួក​ភីលី‌ស្ទីន មាន​ពល‌ទ័ព​ខាង​យើង​ស្លាប់​អស់​សន្ធឹក ហុបនី និង​ភីនេ‌ហាស កូន​លោក​ទាំង​ពីរ​នាក់​ក៏​ស្លាប់​ដែរ ហើយ​ហិប​នៃ​ព្រះ ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​បាត់»។ 18ពេល​អ្នក​នោះ​ដំណាល​ពី​ហិប​នៃ​ព្រះ​ដូច្នោះ​ហើយ នោះ​ស្រាប់​តែ​លោក​អេលី​ធ្លាក់​ចុះ​ពី​ជើង‌ម៉ា ផ្ងារ​ក្រោយ នៅ​កន្លែង​ដែល​លោក​អង្គុយ​ត្រង់​មាត់​ទ្វារ​នោះ បាក់​ក​ស្លាប់​ទៅ ព្រោះ​លោក​ចាស់​ណាស់​ហើយ ក៏​ធ្ងន់​ផង លោក​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។
19រីឯ​កូន​ប្រសា​លោក ជា​ប្រពន្ធ​ភីនេ‌ហាស នាង​មាន​ទម្ងន់​ជិត​សម្រាល​ហើយ ពេល​ឮ​ដំណឹង​ថា​គេ​ចាប់​យក​ហិប​នៃ​ព្រះ ឪពុក​ក្មេក និង​ប្តី​ខ្លួន​បាន​ស្លាប់​ដូច្នោះ នោះ​ស្រាប់​តែ​នាង​ចាប់​ឈឺ​ពោះ ហើយ​ឱន​ខ្លួន​សម្រាល​កូន​មក​ភ្លាម។ 20ខណៈ​ដែល​នាង​ជិត​ផុត​ជីវិត​នោះ មាន​ពួក​ស្រីៗ​ដែល​ឈរ​នៅ​ជិត​នាង​ប្រាប់​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ នាង​បាន​កូន​ប្រុស​ហើយ» តែ​នាង​មិន​បាន​ឆ្លើយ ឬ​យក​ចិត្ត​ទុក​ដាក់​អ្វី​សោះ។ 21នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីកាបូឌ ដែល​មានន័យ​ថា៖ «សិរី‌ល្អ​បាន​ចេញ​ពី​ពួក​អ៊ីស្រា‌អែល​បាត់​ហើយ» គឺ​ដោយ​ព្រោះ​គេ​បាន​ចាប់​យក​ហិប​នៃ​ព្រះ​ទៅ ហើយ​ព្រោះ​ឪពុក​ក្មេក និង​ប្តី​នាង​ផង។ 22នាង​និយាយ​ថា៖ «សិរី‌ល្អ​បាន​ចេញ​ពី​ពួក​អ៊ីស្រា‌អែល​បាត់​ហើយ ដ្បិត​គេ​បាន​ចាប់​យក​ហិប​នៃ​ព្រះ​ទៅ»។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល