២ របា‌ក្សត្រ 20

20
ការ​វាយ​លុក​ចូល​ពីស្រុកខាង​កើត
1ក្រោយការ​នោះ​មក ពួក​កូន​ចៅ​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន ព្រម​ទាំង​ពួក​ម៉ាអូន​ខ្លះ ក៏​លើក​គ្នា​មក​ច្បាំង​នឹង​ព្រះ​បាទ​យេ‌ហូសា‌ផាត។ 2មាន​ពួក​អ្នក​នាំ​សារមក​ទូល​ព្រះ​បាទ​យេ‌ហូសា‌ផាត​ថា៖ «មាន​កង‌ទ័ព​យ៉ាង​សន្ធឹកពី​ស្រុកអេដុម មក​ទាស់​នឹងព្រះ​ករុណា មក​ពី​នាយ​សមុទ្រ ហើយ​មើល៍ គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ» (នោះ​គឺ ស្រុក​អេន-កេឌី)។ 3ព្រះ​បាទ​យេ‌ហូសា‌ផាត​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា 4ហើយ​ពួក​យូដា​ក៏​មូល​គ្នា​មក​រក​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា គឺ​គេ​ចេញ​ពី​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា​មក ដើម្បី​ស្វះ‌ស្វែង​រក​ព្រះ។
ការ​អធិស្ឋាន និងជ័យ​ជម្នះ​របស់​ព្រះ​បាទ​យេហូសាផាត
5ព្រះបាទ​យេ‌ហូសា‌ផាត​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចំ​មុខ​ទី‌លាន​ថ្មី នៅ​កណ្ដាល​ជំនុំ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ទូល​ថា៖ 6«ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ​ឬ? តើ​ព្រះ‌អង្គ​មិន​គ្រប់‌គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ? ហើយ​នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ​ដែរ បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ទល់​នឹង​ព្រះ‌អង្គ​បាន​ឡើយ។ 7ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ព្រះ‌អង្គ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នេះ​ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ចេញ ហើយ​ប្រទាន​ដល់​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​មិត្ត​របស់​ព្រះ‌អង្គ ជា​ដរាប​ត​ទៅ​ទេ​ឬ? 8គេ​បាន​អាស្រ័យ​នៅ ហើយ​ក៏​បាន​ស្អាង​ទី​បរិសុទ្ធ​នៅ​ស្រុក​នេះ សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ពាក្យ​ថា 9ប្រសិន‌បើ​មាន​សេចក្ដី​អាក្រក់​ណា​មក​សង្កត់​លើ​យើង​រាល់​គ្នា ទោះ​បើ​ជា​ដាវ ឬ​ទុក្ខ​ទោស អាសន្ន‌រោគ ឬ​អំណត់​ក្តី បើ​យើង​រាល់​គ្នា​ឈរ​នៅ​មុខ​ព្រះ‌វិហារ​នេះ ហើយ​នៅ​ចំពោះ​ព្រះ‌អង្គ (ដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ) ហើយ​យើង​រាល់​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ ក្នុង​សេចក្ដី​វេទនា​របស់​យើង ព្រះ‌អង្គ​នឹង​ព្រម​ទទួល ហើយ​នឹង​ជួយ​សង្គ្រោះ​យើង។ 10ឥឡូវ​នេះ មើល៍ មាន​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​ព្រះ‌អង្គ​មិន​បើក​ឲ្យ​អ៊ីស្រា‌អែល​ទន្ទ្រាន​ចូល​ស្រុក​គេ ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​ឲ្យ​ដើរ​វាង​ពី​គេ ឥត​បំផ្លាញ​គេ​ឡើយ 11សូម​មើល​បែប​យ៉ាង​ណា​ដែល​គេ​សង​គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា គឺ​គេ​មក​ចង់​បណ្តេញ​យើង​ខ្ញុំ​រាល់​គ្នា ចេញ​ពី​កេរ‌អាករ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក ទុក​ជា​មត៌ក​ដល់​យើង​ខ្ញុំ។ 12ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​កាត់​ទោស​ដល់​គេ ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​គ្មាន​កម្លាំង​នឹង​ទប់‌ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​ខ្ញុំរាល់​គ្នា​នេះ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែ ភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ព្រះ‌អង្គ​ទេ»។
13ពួក​យូដា​ទាំង​អស់​គ្នា​ក៏​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មាន​ទាំង​កូន​តូចៗ និង​ប្រពន្ធ ហើយ​ក្មេងៗ​នៅ​ជា‌មួយ​ផង។ 14គ្រា​នោះ យ៉ាហា‌សៀល ជា​កូន​សាកា‌រី ដែល​ជា​កូន​បេន​ណាយ៉ា បេន​ណាយ៉ា​ជា​កូន​យីអែល យីអែល​ជា​កូន​ម៉ាថានា ដែល​ជា​ពួក​លេវី ខាង​ពួក​កូន​ចៅ​អេសាភ លោក​នៅ​កណ្ដាល​ក្រុម​ជំនុំ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​លោក 15រួច​លោក​ពោល​ថា៖ «ឱ​ពួក​យូដា​ទាំង​អស់​គ្នា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ព្រះ‌ករុណា​យេ‌ហូសា‌ផាត​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ដូច្នេះ​ថា កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ស្រយុត​ចិត្ត​ចំពោះ​ពួកមនុស្ស​ច្រើន​នេះ​ដែរ ដ្បិត​ចម្បាំង​នេះ​មិន​មែន​ស្រេច​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ។ 16ស្អែក​ឡើង ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទាស់​នឹង​គេ​ចុះ មើល៍ គេ​កំពុង​តែ​ឡើង​មក​តាម​ផ្លូវ​ភ្នំ​ស៊ីស អ្នក​រាល់​គ្នា​នឹង​ជួប​គេ​នៅ​ចុង​ច្រក​ភ្នំ ទល់​មុខ​នឹង​ទី​រហោ‌ស្ថាន​យេរួល។ 17អ្នក​រាល់​គ្នា​មិន​បាច់​នឹង​តស៊ូ​ក្នុង​ចម្បាំង​នេះ​ទេ គ្រាន់​តែ​តម្រៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ឱ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ស្រយុត​ចិត្ត​ដែរ ស្អែក​នេះ ចូរ​ចេញ​ទៅ​ទាស់​នឹង​គេ​ចុះ ព្រោះ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ហើយ»។
18ពេល​នោះ ព្រះបាទ​យេ‌ហូសា‌ផាត​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី ហើយ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។ 19ឯ​ពួក​លេវី ខាង​ពួក​កូន​ចៅ​កេហាត់ និង​ពួក​កូន​ចៅ​កូរេ គេ​ឈរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដោយ​សំឡេង​យ៉ាង​ខ្លាំង​ក្រៃ‌លែង។
20ស្អែក​ឡើង គេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ​នោះ ព្រះបាទ​យេ‌ហូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​មាន​ជំនឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ព្រះ‌អង្គ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកបដោយ​សេចក្ដី​ចម្រើន»។ 21ពេល​ស្ដេច​បាន​ពិគ្រោះ​នឹង​បណ្ដា‌ជន​ហើយ ទ្រង់​ក៏​តម្រូវ​ឲ្យ​មាន​ពួក​អ្នក​ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា៖ «ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច»។ 22ដូច្នេះ គេ​ចាប់ផ្ដើម​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់។ 23ដ្បិត​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ គេ​លើក​គ្នា​បំផ្លាញ​ពួក​អ្នក​នៅ​ស្រុក​ភ្នំ​សៀរ​អស់​រលីង រួច​កាល​គេ​បាន​បំផ្លាញ​ពួក​នោះ​អស់​ហើយ នោះ​ក៏​ព្រួត​គ្នា​បំផ្លាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។
24ពេល​ពួក​យូដា​មក​ដល់​ប៉ម​ចាំ​យាម នៅ​ត្រង់​ទី​រហោ‌ស្ថាន គេ​មើល​ទៅ​ពួក​ធំ​នោះ ឃើញ​សុទ្ធ​តែ​ខ្មោច​ដេក‌រដូក​នៅ​ដី គ្មាន​អ្នក​ណា​មួយ​បាន​រួច​ជីវិត​ឡើយ។ 25កាល​ព្រះបាទ​យេ‌ហូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច​បាន​ទៅ​ដល់ ដើម្បី​រឹប​អូស​យកជ័យ‌ភណ្ឌ នោះ​គេ​ឃើញ​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សន្ធឹក មាន​ទាំង​របស់​ទ្រព្យ សម្លៀក‌បំពាក់ និង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ហើយ​គេ​ប្រមូល​ទុក​សម្រាប់​ខ្លួន រហូត​ទាល់​តែ​យក​មិន​រួច។ គេ​នាំ​គ្នា​ប្រមូល​អស់​រយៈ​ពេល​បី​ថ្ងៃ ព្រោះ​ជ័យ‌ភណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក។ 26នៅ​ថ្ងៃ​ទី​បួន គេ​ប្រជុំ​គ្នា​នៅជ្រលង​ភ្នំ​បេរ៉ា‌កា ព្រោះ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​ព្រះពរ​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ហៅ​ទី​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។ 27បន្ទាប់​មក ពួក​យូដា និង​អស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា មាន​ទាំង​ព្រះបាទ​យេ‌ហូសា‌ផាត​យាង​នាំ​មុខ​គេ ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​អំណរ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ពី​ដំណើរ​ពួក​ខ្មាំង​សត្រូវ​របស់​គេ។ 28គេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដោយ​លេង​ពិណ ស៊ុង ហើយ​ផ្លុំ​ត្រែ​ផង។ 29កាល​ពួក​នគរ​ដែល​នៅ​អស់​ទាំង​ស្រុក​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​អ៊ីស្រា‌អែល​ដូច្នោះ គេ​ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ព្រះ​ទាំង​អស់​គ្នា។ 30ដូច្នេះ នគរ​របស់​ព្រះបាទ​យេ‌ហូសា‌ផាត​បាន​សុខ‌សាន្ត ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំ‌វិញ។
ចុង​រជ្ជ‌កាល​របស់​ព្រះបាទ​យេ‌ហូសា‌ផាត
31ព្រះបាទ​យេ‌ហូសា‌ផាត​សោយ‌រាជ្យ​នៅ​ស្រុក​យូដា ពេល​ទ្រង់​ឡើង​សោយ‌រាជ្យ​នោះ មាន​ព្រះ‌ជន្ម​សាមសិប​ប្រាំ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃប្រាំ​ឆ្នាំ មាតា​ព្រះ‌នាម​ថា អ័ស៊ូ‌បា ជា​បុត្រី​ស៊ីល‌ហ៊ី។ 32ទ្រង់​ដើរ​តាម​ផ្លូវ​របស់​អេសា ជា​បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ ក៏​ប្រព្រឹត្ត​អំពើ​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ 33ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ឡើយ ហើយ​ពួក​បណ្ដា‌ជន​ក៏​មិន​ទាន់​បាន​តាំង​ចិត្ត​ដល់​ព្រះ​នៃ​បុព្វ‌បុរស​គេ​នៅ​ឡើយ​ដែរ។
34រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ព្រះបាទ​យេ‌ហូសា‌ផាត​បាន​ធ្វើ ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ​ជា​កូន​ហាណា‌នី​បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល​ក្នុង​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។
35ក្រោយ​មក ព្រះបាទ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ក៏​ចូល​ហ៊ុន​ជា‌មួយ​នឹង​អ័ហា‌ស៊ីយ៉ា ស្តេច​អ៊ីស្រា‌អែល ដែល​ជា​អ្នក​ប្រព្រឹត្តអំពើ​អាក្រក់។ 36ទ្រង់​ចូល​ហ៊ុន​គ្នា ដើម្បី​ធ្វើ​នាវា​ទៅ​ស្រុក​តើស៊ីស គេ​ក៏​ធ្វើ​នាវា​ទាំង​នោះ​នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ។ 37គ្រា​នោះ អេលា‌ស៊ើរ ជា​កូន​ដូដា‌វ៉ា អ្នក​ស្រុក​ម៉ារី‌សា លោក​ថ្លែងទំនាយ​ទាស់​នឹង​ព្រះបាទ​យេ‌ហូសា‌ផាត​ថា៖ «ដោយ​ព្រោះ​ព្រះ‌ករុណា​បាន​ចូល​ហ៊ុន​នឹង​អ័ហា‌ស៊ីយ៉ា នោះ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ការ ដែល​ព្រះ‌ករុណា​បាន​ធ្វើ​នេះ​ទាំង​អស់»។ ឯ​នាវា​នោះ​ក៏​ត្រូវ​បាក់​បែកអស់ មិន​អាចទៅដល់​ស្រុក​តើស៊ីស​ឡើយ។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 20: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល