២ ពេត្រុស 1

1
សេចក្ដី​ផ្ដើម
1ស៊ីម៉ូន-ពេ‌ត្រុស ជា​អ្នក​បម្រើ និង​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​អស់​អ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​ថ្លៃ​វិសេស ដូច​ជំនឿ​របស់​យើង​ខ្ញុំ​ដែរ តាម​រយៈ​សេចក្ដី​សុចរិត​របស់​ព្រះ និង​ព្រះ​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ 2សូម​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត បាន​ចម្រើន​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ព្រះ និង​ស្គាល់​ព្រះ‌យេ‌ស៊ូវ ជា​ព្រះ‌អម្ចាស់នៃ​យើង។
ព្រះ​ត្រាស់​ហៅ និង​ជ្រើស​រើស​គ្រីស្ទ‌បរិស័ទ
3ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ បាន​ប្រទាន​ឲ្យ​យើង​មានអ្វីៗ​ទាំង​អស់ខាង​ឯ​ជីវិត និង​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ តាម​រយៈ​ការ​ស្គាល់​ព្រះ‌អង្គ​ដែល​បានត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌ល្អ និង​សេចក្ដី​ល្អ​របស់​ព្រះ‌អង្គ 4ដោយ‌សារ​សេចក្ដី​ទាំង​នេះ ព្រះ‌អង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេស និង​ធំ​បំផុត​ដល់​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ​សារ​សេចក្ដី​នោះ​ឯង ទាំង​បាន​រួច​ផុត​ពី​សេចក្ដី​ពុក​រលួយដែល​នៅ​ក្នុង​លោកីយ៍​នេះ ដោយ​សារ​សេចក្តី​ប៉ង​ប្រាថ្នា។ 5ហេតុ​នេះ ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពីសមត្ថភាព ដើម្បី​បន្ថែម​កិរិយា​ល្អ​ពី​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ពីលើ​កិរិយាល្អ 6បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ពីលើ​ការ​ស្គាល់​ព្រះ បន្ថែម​សេចក្ដី​ខ្ជាប់​ខ្ជួន​ពី​លើ​ការ​គ្រប់​គ្រង​ចិត្ត បន្ថែម​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ពី​លើ​សេចក្ដី​ខ្ជាប់​ខ្ជួន 7បន្ថែម​ការ​រាប់​អាន​ជា​បង‌ប្អូន​ពីលើ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ និង​បន្ថែម​សេចក្ដី​ស្រឡាញ់​ពីលើ​ការ​រាប់​អាន​គ្នា​ជា​បង‌ប្អូន។ 8ដ្បិត​បើ​គុណ​សម្បត្តិ​ទាំងនេះ​មាន​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ចម្រើន​ឡើង គុណ​សម្បត្តិ​ទាំង​នោះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សកម្មភាព និង​បង្កើត​ផល​ខាងឯ​ការ​ស្គាល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ជា​ពិត។ 9ប៉ុន្ដែ បើ​អ្នក​ណា​ដែលគ្មាន​គុណ​សម្បត្តិ​ទាំង​នេះ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​ឆ្ងាយ​ទេ ទាំង​ភ្លេច​ថា ព្រះ​បាន​សម្អាត​អំពើ​បាប​របស់​ខ្លួន​កាល​ពី​ដើម​ទៀត​ផង។ 10ដូច្នេះ បង‌ប្អូន​អើយ ចូរមាន​ចិត្ត​សង្វាត​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ដែល​ព្រះ​រើស​តាំង​អ្នក​រាល់​គ្នា​បាន​ពិត​ប្រាកដ​ឡើង ព្រោះ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ដែល​ជំពប់​ដួល​ឡើយ។ 11ដ្បិត​យ៉ាង​នេះនឹង​មាន​ផ្លូវ​បើក​ចំហ​ឲ្យ​អ្នក​រាល់​គ្នា ចូល​ទៅ​ក្នុង​ព្រះរាជ្យ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង។
12ដូច្នេះ ខ្ញុំ​នឹង​រំឭក​ដាស់​តឿន​អ្នក​រាល់​គ្នាអំពី​គុណ​សម្បត្តិ​ទាំង​នេះ​ជា‌និច្ច ទោះ​បើ​អ្នក​រាល់​គ្នា​ដឹង ហើយ​បាន​តាំង​យ៉ាង​ខ្ជាប់​ខ្ជួន តាម​សេចក្ដី​ពិត​ដែល​អ្នក​រាល់​គ្នា​មាន​ហើយ​ក៏​ដោយ។ 13ដរាប​ណា​ខ្ញុំ​នៅ​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ ខ្ញុំ​គិត​ថា ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​ត្រូវរំឭក​ដាស់‌តឿន​អ្នក​រាល់​គ្នា​ឲ្យ​ភ្ញាក់​ឡើង 14ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​រូប​កាយ​របស់​ខ្ញុំ​ចេញ គឺ​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ ដូច​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​បង្ហាញ​ខ្ញុំ។ 15ខ្ញុំ​នឹង​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ឃើញ​សេចក្ដី​ទាំង​នេះ​រាល់​ពេល​វេលា ក្រោយ​ពី​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ។
បន្ទាល់​ដែល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​អំពី​សិរី‌ល្អ​របស់​ព្រះ‌គ្រីស្ទ
16ដ្បិត​យើង​ខ្ញុំ​មិន​បាន​យក​រឿង​ព្រេង​ប្រឌិត មក​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់អំពី​ព្រះ‌ចេស្តា និង​ការ​យាង​មក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​នោះ​ទេ គឺ​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់ ដែល​បាន​ឃើញព្រះ​ចេស្ដា​របស់​ព្រះ‌អង្គផ្ទាល់​នឹង​ភ្នែក។ 17ដ្បិត​ព្រះ‌អង្គ​បាន​ទទួល​កិត្តិ‌នាម និង​សិរី‌ល្អ​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា នៅ​ពេល​មាន​សំឡេងចេញ​ពី​សិរី‌ល្អ​ដ៏​ប្រសើរ​ឧត្តម មក​កាន់​ព្រះ‌អង្គ​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»។ 18យើង​ខ្ញុំ​បាន​ឮ​សំឡេង​នោះ​មក​ពី​លើ​មេឃ​ដោយ​ផ្ទាល់ កាល​យើង​នៅ​លើ​ភ្នំ​បរិសុទ្ធ ជា​មួយ​ព្រះ‌អង្គ។ 19យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដែល​ពិត​ប្រាកដ ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ឲ្យ​បានល្អ ទុក​ដូច​ជា​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា 20ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​បក​ស្រាយ​បាន​តាម​តែ​គំនិត​របស់​មនុស្ស​ឡើយ 21ដ្បិត​សេចក្ដី​ទំនាយ​មិន​ដែល​ចេញ​មក​ពី​បំណង​របស់​មនុស្ស​ទេ គឺ​មនុស្ស​ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះ តាម​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បណ្ដាល។

ទើបបានជ្រើសរើសហើយ៖

២ ពេត្រុស 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល