កិច្ចការ 3

3
លោក​ពេត្រុស​ប្រោស​អ្នក​ពិការ​សុំទាន​ម្នាក់​ឲ្យ​ជា
1ថ្ងៃ​មួយ នៅ​ពេល​ម៉ោង​បី​រសៀល ជា​ពេល​ដែល​ត្រូវ​អធិស្ឋាន លោក​ពេត្រុស និង​លោក​យ៉ូហាន បាន​ឡើង​ទៅ​ព្រះ‌វិហារ​ជាមួយ​គ្នា។ 2នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លម្អ មាន​បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក​ដាក់​នៅ​ទី​នោះ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។ 3ពេល​គាត់​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​ដើរ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ គាត់​ក៏​សុំ​ទាន។ 4លោក​ពេត្រុស និង​លោក​យ៉ូហាន​សម្លឹង​មើល​គាត់ រួច​ពោល​ថា៖ «ចូរ​មើល​មក​យើង!»។ 5គាត់​ក៏​ស្តាប់​តាម ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្វី​មួយ​ពី​ពួក​លោក។ 6ប៉ុន្ដែ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា៖ «ឯ​ប្រាក់ និង​មាស ខ្ញុំ​គ្មាន​ទេ តែអ្វី​ដែល​ខ្ញុំ​មាន ខ្ញុំ​សូម​ជូន​ដល់​អ្នក។ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ!»។ 7លោក​ក៏​ចាប់​ដៃ​ស្តាំ​គាត់ ហើយ​លើក​ឡើង។ រំពេច​នោះ ប្រអប់​ជើង និង​ភ្នែក​គោ​របស់​គាត់ក៏​មាន​កម្លាំង​ឡើង​ភ្លាម។ 8គាត់​ក៏​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ចាប់​ផ្ដើម​ដើរ​បាន។ គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ជា‌មួយ​អ្នក​ទាំង​ពីរ ទាំង​ដើរផង លោតផង ហើយ​សរសើរ​តម្កើង​ព្រះ។ 9ប្រ‌ជាជន​ទាំង​អស់បាន​ឃើញ​គាត់​ដើរ ទាំង​សរសើរ​តម្កើង​ព្រះ 10គេ​ស្គាល់​គាត់ ថា​ជា​អ្នក​ដែល​តែង​អង្គុយ​សុំ​ទាន នៅ​ត្រង់​មាត់​ទ្វារ​លម្អ​របស់​ព្រះ‌វិហារ។ គេ​មាន​សេចក្តី​អស្ចារ្យ ហើយ​ងឿង‌ឆ្ងល់​ពី​ការ​ដែល​កើត​មាន​ដល់​គាត់។
លោក​ពេត្រុស​មាន​ប្រសាសន៍​នៅ​ក្នុង​ថែវ​ព្រះបាទ​សាឡូ‌ម៉ូន
11កាល​គាត់​កំពុង​នៅ​ជាប់​ជា‌មួយ​លោក​ពេត្រុស និង​លោក​យ៉ូហាន ប្រជា‌ជន​ទាំង​អស់​ក៏​រត់​មកចោម​រោម​ពួក​គេ នៅ​ត្រង់​ថែវ មួយ ដែល​ហៅ​ថា ថែវ​ព្រះបាទ​សាឡូ‌ម៉ូន ទាំង​អស្ចារ្យ​ក្នុង​ចិត្ត។ 12ពេល​លោក​ពេត្រុស​ឃើញ​ដូច្នោះ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រ‌ជាជន​ថា៖ «ឱ​បង‌ប្អូន​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ងឿង​ឆ្ងល់​នឹង​ការ​នេះ? ហេតុអ្វី​បាន​ជា​សម្លឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​ចេស្ដា ឬ​គុណានុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ដូច្នេះ? 13ព្រះ​របស់​លោក​អ័ប្រា‌ហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង​រាល់​គ្នា ទ្រង់​បាន​តម្កើងព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​កាល​លោក​ពីឡាត់​សម្រេច​ថា​នឹង​លែង​ព្រះ‌អង្គ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ព្រះ‌អង្គ​ទៀត​ផង។ 14គឺ​អ្នក​រាល់​គ្នា​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត ក៏សុំ​ឲ្យ​លោកដោះ​លែង​ឃាតក ឲ្យ​អ្នក​រាល់​គ្នា​ទៅ​វិញ។ 15អ្នក​រាល់​គ្នា​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់​នៃ​ជីវិត តែ​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍នេះ។ 16ដោយ​សារ​ជំនឿ​ដល់​ព្រះ‌នាមព្រះ‌អង្គ នោះ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​បុរស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ មាន​កម្លាំង​ឡើង​វិញ គឺជា​ជំនឿ​ដល់​ព្រះ‌យេស៊ូវនេះ​ហើយ ដែលបាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ។
17ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា និង​ពួក​នាម៉ឺន​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​ដឹង​ខ្លួន។ 18ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ​សារ​មាត់​ហោរា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​ថា ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ត្រូវ​តែ​រង​ទុក្ខ​លំបាក នោះ​ព្រះ‌អង្គ​ក៏​បាន​សម្រេច​ដូច្នោះ​មែន។ 19ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មករក​ព្រះ​វិញ​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ 20ហើយ​ឲ្យ​មាន​ពេល​លំ​ហើយមក​ពី​ព្រះ​វត្តមាន​របស់​ព្រះ‌អម្ចាស់ និង​ឲ្យ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​បាន​តម្រូវ​ទុក​ជា​មុន មក​ឯ​អ្នក​រាល់​គ្នា គឺ​ព្រះ‌យេស៊ូវ 21ដែល​ត្រូវ​គង់​នៅ​ស្ថាន‌សួគ៌ រហូត​ដល់​គ្រប់​ទាំង​អស់​បាន​រៀប​ចំ​ឡើង​វិញ ដូច​សេចក្ដីដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ​សារ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ព្រះ‌អង្គ តាំង​ពី​ជំនាន់​ដើម​មក។ 22លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា "ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​លើក​ឲ្យ​មាន​ហោរា​ម្នាក់​ដូច​ខ្ញុំ ពី​ចំណោម​ពួក​បង‌ប្អូន​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ត្រូវ​ស្តាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​ប្រាប់​អ្នក​រាល់​គ្នា​ចុះ។ 23ចំណែក​អស់​អ្នក​ដែល​មិន​ព្រម​ស្តាប់​តាម​ហោ​រានោះ នឹង​ត្រូវ​វិនាស​បាត់​ពី​ចំណោម​ប្រជារាស្ត្រ​នេះ" ។ 24អស់​ទាំង​ហោរា​ដែល​បាន​ថ្លែង​ទុក​មក ចាប់​តាំង​ពី​លោក​សាំយូ‌អែល ព្រម​ទាំង​អ្នក​ក្រោយៗ​មក​ទៀត ក៏​បាន​ប្រកាស​ប្រាប់​ពី​គ្រា​នេះ​ដែរ។ 25អ្នក​រាល់​គ្នា​ជាកូន​ចៅ​របស់​ពួក​ហោរា និង​ជា​កូន​ចៅ​របស់​សេចក្ដីសញ្ញា ដែល​ព្រះ​បាន​តាំង​ជាមួយ​បុព្វ‌បុរស​អ្នករាល់​គ្នា ដោយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា "អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ពង្ស​របស់​អ្នក" ។ 26ក្រោយ​ពី​ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើង​ហើយ នោះ​ក៏​ចាត់​ព្រះ‌អង្គ​មកឯ​អ្នក​រាល់​គ្នា​ជាមុន ដើម្បី​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន»។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល