អេសេគាល 33
33
អេសេគាលជាអ្នកយាមល្បាតអ៊ីស្រាអែល
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅសាសន៍អ្នកថា កាលណាយើងនាំដាវមកលើស្រុកណា ហើយបណ្ដាជននៅស្រុកនោះរើសយកម្នាក់ពីក្នុងពួកគេ តាំងឡើងជាអ្នកចាំយាម 3បើអ្នកនោះឃើញដាវមកលើស្រុក ក៏ផ្លុំត្រែដាស់បណ្ដាជន 4ហើយមានអ្នកណាឮសូរត្រែ តែមិនអើពើសោះ បើដាវមកពិត ហើយយកជីវិតគេទៅ នោះឈាមគេនឹងធ្លាក់ទៅលើក្បាលគេវិញ 5ព្រោះបានឮសូរត្រែ តែមិនអើពើសោះ ដូច្នេះ គេនឹងជាប់មានទោសចំពោះឈាមរបស់ខ្លួនវិញ ដ្បិតបើបានអើពើ នោះនឹងបានរួចជីវិត។ 6ប៉ុន្តែ បើអ្នកចាំយាមឃើញដាវមក ហើយមិនផ្លុំត្រែឲ្យបណ្ដាជនបានដឹង រួចដាវក៏មកដល់ យកជីវិតអ្នកណាចេញពីពួកគេទៅ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួន តែយើងនឹងទារឈាមរបស់អ្នកនោះពីដៃអ្នកចាំយាមវិញ។
7កូនមនុស្សអើយ គឺយ៉ាងនោះដែលយើងបានតាំងអ្នកឡើងឲ្យធ្វើជាអ្នកចាំយាមដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះ ចូរស្តាប់ពាក្យពីមាត់យើង ហើយប្រកាសប្រាប់គេ។ 8កាលណាយើងប្រាប់ដល់មនុស្សអាក្រក់ថា ឱមនុស្សអាក្រក់អើយ អ្នកនឹងត្រូវស្លាប់ជាពិត តែអ្នកមិនពន្យល់ប្រាប់មនុស្សអាក្រក់នោះ ឲ្យលះចោលផ្លូវរបស់ខ្លួនទេ ដូច្នេះ មនុស្សអាក្រក់នោះនឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែយើងនឹងទារឈាមវាពីដៃអ្នកវិញ។ 9ប៉ុន្តែ បើអ្នកពន្យល់ប្រាប់ដល់មនុស្សអាក្រក់ពីផ្លូវរបស់វា ឲ្យបានលះចោលផ្លូវនោះចេញ តែវាមិនបែរចេញពីផ្លូវរបស់ខ្លួនសោះ នោះវានឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់វា តែអ្នកបានដោះខ្លួនឲ្យរួចវិញ»។
សេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ព្រះ
10«កូនមនុស្សអើយ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា អ្នករាល់គ្នាពោលដូច្នេះថា "អំពើរំលង និងអំពើបាបរបស់យើង គ្របសង្កត់លើយើងហើយ យើងកំពុងតែរោយរៀវទៅក្នុងអំពើទាំងនោះ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងរស់នៅបាន?"។ 11ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាបានស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់ ចូរអ្នករាល់គ្នាបែរមក ចូរបែរពីផ្លូវអាក្រក់របស់ខ្លួនចុះ។ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់? 12ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកចៅនៃសាសន៍អ្នកថា សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងមិនដោះអ្នកនោះឲ្យរួច ក្នុងថ្ងៃដែលប្រព្រឹត្តអំពើរំលងវិញនោះឡើយ ហើយចំណែកអំពើអាក្រក់របស់មនុស្សអាក្រក់វិញ គេមិនបានដួល ដោយព្រោះអំពើទាំងនោះ ក្នុងថ្ងៃដែលបែរចេញពីអំពើអាក្រក់របស់ខ្លួនទេ ឯមនុស្សសុចរិតក៏មិនអាចនឹងរស់នៅ ដោយសារអំពើសុចរិតរបស់ខ្លួន ក្នុងថ្ងៃដែលប្រព្រឹត្តអំពើបាបវិញបានដែរ។ 13កាលណាយើងប្រាប់ដល់មនុស្សសុចរិតថា គេនឹងមានជីវិតរស់នៅ នោះបើគេពឹងដល់សេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះនឹងគ្មានអ្នកណានឹកចាំពីអំពើសុចរិតទាំងប៉ុន្មានរបស់អ្នកនោះទេ គឺគេនឹងស្លាប់ទៅក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះវិញ។ 14មួយទៀត បើកាលណាយើងប្រាប់ដល់មនុស្សអាក្រក់ថា អ្នកនឹងត្រូវស្លាប់ បើគេបែរចេញពីអំពើបាបរបស់ខ្លួន ទៅប្រព្រឹត្តសេចក្ដីដែលទៀងត្រង់ ហើយត្រឹមត្រូវវិញ 15គឺបើមនុស្សអាក្រក់នោះ នឹងប្រគល់របស់បញ្ចាំដល់ម្ចាស់វិញ ហើយប្រគល់របស់ដែលខ្លួនបានលួចទៅវិញដែរ ព្រមទាំងដើរតាមអស់ទាំងច្បាប់នៃជីវិតនេះ ឥតប្រព្រឹត្តទុច្ចរិតឡើយ នោះគេនឹងបានរស់ ឥតត្រូវស្លាប់ទេ។ 16ដូច្នេះ នឹងគ្មានអ្នកណានឹកចាំពីអំពើបាបទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ឲ្យទាស់នឹងខ្លួនទៀតឡើយ ដ្បិតគេបានប្រព្រឹត្តតាមសេចក្ដីទៀងត្រង់ត្រឹមត្រូវហើយ គេនឹងមានជីវិតរស់នៅ។
17ទោះបើយ៉ាងនោះ គង់តែពួកកូនចៅនៃសាសន៍អ្នកតែងថា ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ចំណែកខាងគេ គឺផ្លូវរបស់គេទេតើដែលមិនត្រឹមត្រូវ។ 18កាលណាមនុស្សសុចរិតបែរចេញពីសេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះគេនឹងត្រូវស្លាប់ដោយព្រោះអំពើនោះ។ 19កាលណាមនុស្សអាក្រក់បែរចេញពីសេចក្ដីអាក្រក់របស់ខ្លួន ទៅប្រព្រឹត្តតាមសេចក្ដីទៀតត្រង់ ហើយត្រឹមត្រូវវិញ នោះគេនឹងរស់នៅដោយសារអំពើនោះ។ 20ប៉ុន្តែ អ្នករាល់គ្នាថា: ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នាតាមផ្លូវរបស់អ្នករៀងខ្លួន»។
ក្រុងយេរូសាឡិមត្រូវដួលរលំ
21លុះដល់ថ្ងៃប្រាំ ខែទីដប់ ឆ្នាំទីដប់ពីរ ដែលគេបានចាប់យើងនាំទៅជាឈ្លើយ នោះមានម្នាក់ដែលរត់រួចពីក្រុងយេរូសាឡិម បានមកដល់ខ្ញុំប្រាប់ថា គេចាប់ទីក្រុងបានហើយ។ 22នៅពេលល្ងាច មុនដែលអ្នករត់រួចបានមកដល់ នោះព្រះហស្តនៃព្រះយេហូវ៉ាបានស្ថិតនៅលើខ្ញុំ ព្រះអង្គក៏បើកមាត់ខ្ញុំ ចាំតែអ្នកនោះមកដល់នៅពេលព្រឹក ដូច្នេះ មាត់ខ្ញុំបានបើកឡើង ហើយខ្ញុំមិននៅគទៀតទេ។
អ្នកដែលសល់នៅក្នុងស្រុកយូដា
23ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 24«កូនមនុស្សអើយ ពួកអ្នកដែលអាស្រ័យនៅកន្លែងបាក់បែក ក្នុងស្រុកអ៊ីស្រាអែល គេថា លោកអ័ប្រាហាំជាមនុស្សតែម្នាក់ទេ ហើយលោកបានទទួលស្រុកនេះទុកជាមត៌ក ឯយើងរាល់គ្នាមានគ្នាច្រើន ស្រុកនេះក៏បានប្រគល់មកយើងទុកជាមត៌កដែរ។ 25ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នករាល់គ្នាស៊ីសាច់ដែលជាប់ទាំងឈាម ក៏ងើបភ្នែកមើលទៅរូបព្រះទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយកម្ចាយឈាមផង ដូច្នេះ តើអ្នករាល់គ្នានឹងបានស្រុកនេះឬ? 26អ្នករាល់គ្នាពឹងតែដាវរបស់អ្នក ក៏ប្រព្រឹត្តការគួរស្អប់ខ្ពើម ហើយបង្ខូចប្រពន្ធរបស់អ្នកជិតខាងអ្នករៀងខ្លួន ដូច្នេះ តើអ្នករាល់គ្នានឹងបានស្រុកនេះឬ? 27អ្នកត្រូវប្រាប់ដល់គេដូច្នេះថា ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ នោះប្រាកដជាពួកអ្នកដែលអាស្រ័យនៅកន្លែងបាក់បែកនេះ នឹងដួលដោយដាវ ហើយអ្នកណាដែលនៅឯទីវាល យើងនឹងឲ្យសត្វព្រៃហែកស៊ី ហើយពួកអ្នកដែលនៅក្នុងទីមាំមួន និងក្នុងរអាងភ្នំ គេនឹងស្លាប់ដោយអាសន្នរោគ។ 28យើងនឹងធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង នោះសេចក្ដីឆ្មើងឆ្មៃនៃអំណាចវានឹងផុតទៅ ហើយភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល នឹងត្រូវចោលស្ងាត់នៅឥតមានអ្នកណាដើរកាត់ឡើយ។ 29គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិតក្នុងកាលដែលយើងបានធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង ដោយព្រោះអំពើគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តនោះ។
30មួយទៀត កូនមនុស្សអើយ ពួកកូនចៅរបស់សាសន៍អ្នក គេនិយាយគ្នាពីអ្នកនៅក្បែរកំផែង ហើយនៅមាត់ទ្វារផ្ទះ គេនិយាយគ្នា គឺគ្រប់គ្នានិយាយនឹងបងប្អូនខ្លួនថា ចូរយើងទៅស្តាប់ព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ាចុះ។ 31គេក៏មករកអ្នក ដូចជាបណ្ដាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខអ្នក ដូចជាប្រជារាស្ត្រយើង ក៏ស្តាប់អស់ទាំងពាក្យរបស់អ្នក តែមិនប្រព្រឹត្តតាមសោះ ដ្បិតបបូរមាត់គេសម្ដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញរកកម្រៃដល់ខ្លួនវិញ។ 32មើល៍! គេរាប់អ្នកទុកដូចជាបទចម្រៀងដ៏ពីរោះនៃមនុស្សមានសំឡេងល្អ ហើយចេះលេងភ្លេងយ៉ាងប្រសប់ប៉ុណ្ណោះ ដ្បិតគេស្តាប់អស់ទាំងពាក្យរបស់អ្នក ប៉ុន្តែ មិនប្រព្រឹត្តតាមទេ។ 33កាលណាការនេះកើតមក នោះគេនឹងដឹងថា មានហោរាបាននៅក្នុងពួកគេជាពិត»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 33: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies