អេ‌សេ‌គាល 33

33
អេសេគាល​ជា​អ្នក​យាម​ល្បាត​អ៊ីស្រា‌អែល
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​សាសន៍​អ្នក​ថា កាល​ណា​យើង​នាំ​ដាវ​មក​លើ​ស្រុក​ណា ហើយ​បណ្ដា‌ជន​នៅ​ស្រុក​នោះ​រើស​យក​ម្នាក់​ពី​ក្នុង​ពួក​គេ តាំង​ឡើង​ជា​អ្នក​ចាំ​យាម 3បើ​អ្នក​នោះ​ឃើញ​ដាវ​មក​លើ​ស្រុក ក៏​ផ្លុំ​ត្រែ​ដាស់​បណ្ដា‌ជន 4ហើយ​មាន​អ្នក​ណា​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ បើ​ដាវ​មក​ពិត ហើយ​យក​ជីវិត​គេ​ទៅ នោះ​ឈាម​គេ​នឹង​ធ្លាក់​ទៅ​លើ​ក្បាល​គេ​វិញ 5ព្រោះ​បាន​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ ដូច្នេះ គេ​នឹង​ជាប់​មាន​ទោស​ចំពោះ​ឈាម​របស់​ខ្លួន​វិញ ដ្បិត​បើ​បាន​អើពើ នោះ​នឹង​បាន​រួច​ជីវិត។ 6ប៉ុន្តែ បើ​អ្នក​ចាំ​យាម​ឃើញ​ដាវ​មក ហើយ​មិន​ផ្លុំ​ត្រែ​ឲ្យ​បណ្ដា‌ជន​បាន​ដឹង រួច​ដាវ​ក៏​មក​ដល់ យក​ជីវិត​អ្នក​ណា​ចេញ​ពី​ពួក​គេ​ទៅ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន តែ​យើង​នឹង​ទារ​ឈាម​របស់​អ្នក​នោះ​ពី​ដៃ​អ្នក​ចាំ​យាម​វិញ។
7កូន​មនុស្ស​អើយ គឺ​យ៉ាង​នោះ​ដែល​យើង​បាន​តាំង​អ្នក​ឡើង​ឲ្យ​ធ្វើ​ជា​អ្នក​ចាំ​យាម​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ដូច្នេះ ចូរ​ស្តាប់​ពាក្យ​ពី​មាត់​យើង ហើយ​ប្រកាស​ប្រាប់​គេ។ 8កាល​ណា​យើង​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឱ​មនុស្ស​អាក្រក់​អើយ អ្នក​នឹង​ត្រូវ​ស្លាប់​ជា​ពិត តែ​អ្នក​មិន​ពន្យល់​ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ​ចោល​ផ្លូវ​របស់​ខ្លួន​ទេ ដូច្នេះ មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​យើង​នឹង​ទារ​ឈាម​វា​ពី​ដៃ​អ្នក​វិញ។ 9ប៉ុន្តែ បើ​អ្នក​ពន្យល់​ប្រាប់​ដល់​មនុស្ស​អាក្រក់​ពី​ផ្លូវ​របស់​វា ឲ្យ​បាន​លះ​ចោល​ផ្លូវ​នោះ​ចេញ តែ​វា​មិន​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​សោះ នោះ​វា​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​វា តែ​អ្នក​បាន​ដោះ​ខ្លួន​ឲ្យ​រួច​វិញ»។
សេចក្ដី​យុត្តិធម៌ និងសេចក្ដី​មេត្តាករុណា​របស់​ព្រះ
10«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​ថា "អំពើ​រំលង និង​អំពើ​បាប​របស់​យើង គ្រប​សង្កត់​លើ​យើង​ហើយ យើង​កំពុង​តែ​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទាំង​នោះ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រស់​នៅ​បាន?"។ 11ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​មិន​រីក‌រាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់ ចូរ​អ្នក​រាល់​គ្នា​បែរ​មក ចូរ​បែរ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ។ ដ្បិត​ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់? 12ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​ចៅ​នៃ​សាសន៍​អ្នក​ថា សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​នឹង​មិន​ដោះ​អ្នក​នោះ​ឲ្យ​រួច ក្នុង​ថ្ងៃ​ដែល​ប្រព្រឹត្ត​អំពើ​រំលង​វិញ​នោះ​ឡើយ ហើយ​ចំណែក​អំពើ​អាក្រក់​របស់​មនុស្ស​អាក្រក់​វិញ គេ​មិន​បាន​ដួល ដោយ​ព្រោះ​អំពើ​ទាំង​នោះ ក្នុង​ថ្ងៃ​ដែល​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ទេ ឯ​មនុស្ស​សុចរិត​ក៏​មិន​អាច​នឹង​រស់​នៅ ដោយ‌សារ​អំពើ​សុចរិត​របស់​ខ្លួន ក្នុង​ថ្ងៃ​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ​បាន​ដែរ។ 13កាល​ណា​យើង​ប្រាប់​ដល់​មនុស្ស​សុចរិត​ថា គេ​នឹង​មាន​ជីវិត​រស់​នៅ នោះ​បើ​គេ​ពឹង​ដល់​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​ទេ គឺ​គេ​នឹង​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​វិញ។ 14មួយ​ទៀត បើ​កាល​ណា​យើង​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា អ្នក​នឹង​ត្រូវ​ស្លាប់ បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ 15គឺ​បើ​មនុស្ស​អាក្រក់​នោះ នឹង​ប្រគល់​របស់​បញ្ចាំ​ដល់​ម្ចាស់​វិញ ហើយ​ប្រគល់​របស់​ដែល​ខ្លួន​បាន​លួច​ទៅ​វិញ​ដែរ ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ច្បាប់​នៃ​ជីវិត​នេះ ឥត​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ នោះ​គេ​នឹង​បាន​រស់ ឥត​ត្រូវ​ស្លាប់​ទេ។ 16ដូច្នេះ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀង​ត្រង់​ត្រឹម‌ត្រូវ​ហើយ គេ​នឹង​មាន​ជីវិត​រស់​នៅ។
17ទោះ​បើ​យ៉ាង​នោះ គង់​តែ​ពួក​កូន​ចៅ​នៃ​សាសន៍​អ្នក​តែង​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ ចំណែក​ខាង​គេ គឺ​ផ្លូវ​របស់​គេ​ទេ​តើ​ដែល​មិន​ត្រឹម​ត្រូវ។ 18កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ព្រោះ​អំពើ​នោះ។ 19កាល​ណា​មនុស្ស​អាក្រក់​បែរ​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀត​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ នោះ​គេ​នឹង​រស់​នៅ​ដោយ‌សារ​អំពើ​នោះ។ 20ប៉ុន្តែ អ្នក​រាល់​គ្នា​ថា: ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា​តាម​ផ្លូវ​របស់​អ្នក​រៀង​ខ្លួន»។
ក្រុង​យេរូ‌សាឡិម​ត្រូវ​ដួល​រលំ
21លុះ​ដល់​ថ្ងៃ​ប្រាំ ខែ​ទី​ដប់ ឆ្នាំ​ទីដប់​ពីរ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡិម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា គេ​ចាប់​ទី​ក្រុង​បាន​ហើយ។ 22នៅ​ពេល​ល្ងាច មុន​ដែល​អ្នក​រត់​រួច​បាន​មក​ដល់ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​លើ​ខ្ញុំ ព្រះ‌អង្គ​ក៏​បើក​មាត់​ខ្ញុំ ចាំ​តែ​អ្នក​នោះ​មក​ដល់​នៅ​ពេល​ព្រឹក ដូច្នេះ មាត់​ខ្ញុំ​បាន​បើក​ឡើង ហើយ​ខ្ញុំ​មិន​នៅ​គ​ទៀត​ទេ។
អ្នក​ដែល​សល់​នៅ​ក្នុង​ស្រុក​យូដា
23ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 24«កូន​មនុស្ស​អើយ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​កន្លែង​បាក់​បែក ក្នុង​ស្រុក​អ៊ីស្រា‌អែល គេ​ថា លោក​អ័ប្រា‌ហាំ​ជា​មនុស្ស​តែ​ម្នាក់​ទេ ហើយ​លោក​បាន​ទទួល​ស្រុក​នេះ​ទុក​ជា​មត៌ក ឯ​យើង​រាល់​គ្នា​មាន​គ្នា​ច្រើន ស្រុក​នេះ​ក៏​បាន​ប្រគល់​មក​យើង​ទុក​ជា​មត៌ក​ដែរ។ 25ដូច្នេះ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​ស៊ី​សាច់​ដែល​ជាប់​ទាំង​ឈាម ក៏​ងើប​ភ្នែក​មើល​ទៅ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​កម្ចាយ​ឈាម​ផង ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ? 26អ្នក​រាល់​គ្នា​ពឹង​តែ​ដាវ​របស់​អ្នក ក៏​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម ហើយ​បង្ខូច​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​អ្នក​រៀង​ខ្លួន ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ? 27អ្នក​ត្រូវ​ប្រាប់​ដល់​គេ​ដូច្នេះ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​កន្លែង​បាក់​បែក​នេះ នឹង​ដួល​ដោយ​ដាវ ហើយ​អ្នក​ណា​ដែល​នៅ​ឯ​ទី​វាល យើង​នឹងឲ្យ​សត្វ​ព្រៃ​ហែក​ស៊ី ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំ‌មួន និង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ។ 28យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រា‌អែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ។ 29គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត​ក្នុង​កាល​ដែល​យើង​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត​នោះ។
30មួយ​ទៀត កូន​មនុស្ស​អើយ ពួក​កូន​ចៅ​របស់​សាសន៍​អ្នក គេ​និយាយ​គ្នា​ពី​អ្នក​នៅ​ក្បែរ​កំផែង ហើយ​នៅ​មាត់​ទ្វារ​ផ្ទះ គេ​និយាយ​គ្នា គឺ​គ្រប់​គ្នា​និយាយ​នឹង​បង‌ប្អូន​ខ្លួន​ថា ចូរ​យើង​ទៅ​ស្តាប់​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ចុះ។ 31គេ​ក៏​មក​រក​អ្នក ដូច​ជា​បណ្ដា‌ជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​អ្នក ដូច​ជា​ប្រជា‌រាស្ត្រ​យើង ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អ្នក តែ​មិន​ប្រព្រឹត្ត​តាម​សោះ ដ្បិត​បបូរ​មាត់​គេ​សម្ដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​រក​កម្រៃ​ដល់​ខ្លួន​វិញ។ 32មើល៍! គេ​រាប់​អ្នក​ទុក​ដូច​ជា​បទ​ចម្រៀង​ដ៏​ពី​រោះ​នៃ​មនុស្ស​មាន​សំឡេង​ល្អ ហើយ​ចេះ​លេង​ភ្លេង​យ៉ាង​ប្រសប់​ប៉ុណ្ណោះ ដ្បិត​គេ​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អ្នក ប៉ុន្តែ មិន​ប្រព្រឹត្ត​តាម​ទេ។ 33កាល​ណា​ការ​នេះ​កើត​មក នោះ​គេ​នឹង​ដឹង​ថា មាន​ហោរា​បាន​នៅ​ក្នុង​ពួក​គេ​ជា​ពិត»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 33: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល