ហូសេ 13

13
ការ​ជំនុំ​ជម្រះ​ឥត​ឈប់​ឈរ​ធ្លាក់​មក​លើ​អ៊ីស្រា‌អែល
1ពី​ដើម​កាល​អេប្រាអិម​និយាយ
មនុស្ស​រន្ធត់​ញាប់‌ញ័រ
គេ​បាន​ថ្កើង​ឡើង​ក្នុង​ពួក​អ៊ីស្រា‌អែល
តែ​គេ​មាន​ទោស​ពី​ដំណើរ​ព្រះ​បាល
ហើយ​ក៏​ស្លាប់​ទៅ។
2ឥឡូវ​នេះ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប
គេ​សិត​ធ្វើ​រូប​សម្រាប់​ខ្លួន​គេ
គឺ​គេ​យក​ប្រាក់​របស់​គេ​មក​សិត​ធ្វើ​រូប
តាម​ទេព​កោសល្យ​របស់​ខ្លួន
ដែល​រូប​ទាំង​នោះ សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ពួក​ជាង
ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា
"ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា
មក​ថើប​រូប​កូន​គោ​នេះ​ទៅ!"។
3ហេតុ​នេះ គេ​នឹង​បាន​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម
ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​សូន្យ​បាត់​យ៉ាង​ឆាប់
ដូច​ជា​អង្កាម​ដែល​ខ្យល់​កួច​ផាត់​ចេញ​ពី​លាន​ស្រូវ
ក៏​ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ជើង​ក្រាន។
4ប៉ុន្ដែ យើង​ជា​ព្រះ‌យេហូវ៉ា
ជា​ព្រះ​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីព្ទ
អ្នក​មិន​ស្គាល់​ព្រះ​ណា​ក្រៅ​ពី​យើង​ឡើយ
ហើយ​ក្រៅ​ពី​យើង ក៏​គ្មាន​ព្រះ‌សង្គ្រោះ​ណា​ដែរ។
5គឺ​យើង​នេះ​ហើយ​ដែល​ថែ​ទាំ​អ្នក​នៅ​ទី​រហោ‌ស្ថាន
គឺ​នៅ​លើ​ទឹក​ដី​ហួត‌ហែង
6តែ​ពេល​គេមក​ដល់​កន្លែង​សម្បូណ៌​សប្បាយ
គេ​ក៏​បាន​បរិភោគ​ឆ្អែត​ឆ្អន់
ហើយ​កាល​គេ​បាន​ស្កប់​ស្កល់​ហើយ
គេ​ក៏​មាន​ចិត្ត​ប៉ោង​ឡើង
ហេតុ​នេះ​ហើយ​បាន​ជា​គេ​បំ​ភ្លេច​យើង។
7ដូច្នេះ យើង​នឹង​ត្រឡប់​ដូច​ជា​សិង្ហ​ដល់​គេ
យើង​នឹង​លប​ចាំ​តាម​ផ្លូវ​ដូច​ជា​ខ្លា​រខិន។
8យើង​នឹង​សង្រ្គុប​លើ​គេ ដូច​ខ្លា​ឃ្មុំ​ដែល​ព្រាត់​កូន
យើង​នឹង​ហែក​ស្រោម​បេះ​ដូង​របស់​គេ
នៅ​ទី​នោះ យើង​នឹង​ត្របាក់​ស៊ី​គេ ដូច​សិង្ហ​ញី
គឺ​នឹង​ហែក​គេ ដូច​សត្វ​ព្រៃ​ហែក​ចំណី។
9ឱ​អ៊ីស្រា‌អែល​អើយ យើង​នឹង​បំផ្លាញ​អ្នក
ដ្បិត​អ្នក​ទាស់​ប្រឆាំង​នឹង​យើង
គឺ​ប្រឆាំង​នឹង​អ្នក​ដែល​ជួយ​សង្គ្រោះ​អ្នក។
10ឥឡូវ​នេះ តើ​ស្តេច​របស់​អ្នក​នៅ​ឯណា
ម្ដេច​មិន​ឃើញ​គេ​ជួយ​សង្គ្រោះ​អ្នក
នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ផង​ទៅ?
តើ​ពួក​មេ​ដឹក​នាំ​របស់​អ្នក
គឺ​អស់​អ្នក​ដែល​អ្នក​បាន​ពោល​ទៅ​គេ​ថា
"សូម​ឲ្យ​យើង​មាន​ស្តេច និង​ពួក​មេ​ដឹក​នាំមក៍"
នោះ​នៅ​ឯណា?
11យើង​បាន​ឲ្យ​អ្នក​មាន​ស្តេច ទាំង​ចិត្ត​យើង​ខឹង
ហើយ​ក៏​បាន​ដក​ស្តេច​នោះ​ចេញ
ទាំង​ចិត្ត​យើង​ក្រេវ​ក្រោធ។
12អំពើ​ទុច្ចរិត​របស់​អេប្រាអិម​បាន​ខ្ចប់​ទុក​ហើយ
ឯ​អំពើ​បាប​របស់​គេ​ក៏​បាន​សន្សំ​ទុក​ដែរ។
13ការ​ឈឺ​ចាប់​ដូច​ស្រ្ដី​សម្រាល​កូន បាន​មក​ដល់​គេ​ហើយ
គេ​ជា​កូន​ដែល​អាប់​ឥត​ប្រាជ្ញា
ដ្បិត​ដល់​ពេល​កើត វា​មិន​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ។
14តើ​យើង​ត្រូវ​ដោះ​គេ​ចេញ​ពី​អំណាច
នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឬ?
តើ​យើង​ត្រូវ​លោះ​គេឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ឬ?
ឱ​សេចក្ដី​ស្លាប់​អើយ
តើទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា?
ឱ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ
តើ​ការ​ហិន​វិនាស​របស់​ឯង​នៅ​ឯ​ណា?
សេចក្ដី​អាណិត​អាសូរ​ពួន​បាត់
ពី​ភ្នែក​របស់​យើង​ហើយ។
15ទោះ​បើ​គេ​បាន​ចម្រុង​ចម្រើន
នៅ​ក្នុង​ចំណោម​ពួក​បង‌ប្អូន​របស់​ខ្លួន​ក៏​ដោយ
ក៏​ខ្យល់​ពី​ទិស​ខាង​កើត​នឹង​បក់​មក
គឺ​ជា​ខ្យល់​របស់​ព្រះ‌យេហូវ៉ា
ដែល​បក់​មក​ពី​ទី​រហោ‌ស្ថាន
នោះ​ក្បាល​ទឹក​គេ​នឹង​រីង​ស្ងួត
រន្ធ​ទឹក​របស់​គេ​នឹង​ហួត‌ហែង​ទៅ
ខ្យល់​នោះ​នឹង​បក់​ផាត់​ទ្រព្យ​ដ៏​មាន​តម្លៃ
ទាំង​ប៉ុន្មាន​ពី​ឃ្លាំង​របស់​គេ​អស់។
16 សាម៉ារី​នឹង​ត្រូវ​រង​ទ្រាំ​ទោស​របស់​ខ្លួន
ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន
គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ
កូន​តូចៗ​របស់​គេ​នឹង​ត្រូវ​សត្រូវ​បោក​ខ្ទេច​ខ្ចី
ហើយ​ស្ដ្រី​ដែល​មាន​ទម្ងន់​នឹង​ត្រូវ​វះ​ពោះ។

ទើបបានជ្រើសរើសហើយ៖

ហូសេ 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល