យ៉ូប 42
42
លោកយ៉ូបត្រូវបាក់មុខ និងឆ្អែតចិត្ត
1ពេលនោះ លោកយ៉ូបទូលឆ្លើយប្រាប់
ព្រះយេហូវ៉ាថា៖
2«ទូលបង្គំដឹងថាព្រះអង្គធ្វើទាំងអស់កើត
ហើយឃាត់ព្រះតម្រិះព្រះអង្គណាមួយមិនបាន
3តើអ្នកណាដែលបង្អាប់ព្រះតម្រិះ
ដោយឥតប្រាជ្ញាដូច្នេះ
គឺទូលបង្គំនេះឯងបានពោលពាក្យ
ដែលទូលបង្គំមិនបានយល់
ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ
ដែលទូលបង្គំមិនបានស្គាល់ឡើយ
4"ចូរស្តាប់ចុះ យើងនឹងនិយាយសិន
យើងនឹងសួរឯង ចូរឯងឆ្លើយប្រាប់យើង"
5កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែ
ឮថ្លែងពីព្រះអង្គប៉ុណ្ណោះ
តែឥឡូវនេះ ភ្នែកទូលបង្គំ
បានឃើញព្រះអង្គជាក់វិញ
6បានជាទូលបង្គំខ្ពើមដល់ខ្លួន
ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី
ហើយនឹងផេះ»។
មិត្តសម្លាញ់លោកយ៉ូបត្រូវអាប់មុខ
7ក្រោយដែលព្រះយេហូវ៉ាមានព្រះបន្ទូលពាក្យទាំងនេះដល់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលដល់អេលីផាស ជាសាសន៍ថេម៉ានថា៖ «យើងមានកំហឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំងពីរនេះដែរ ដ្បិតអ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដូចជាយ៉ូប ជាអ្នកបម្រើយើងទេ។ 8ដូច្នេះ ចូរអ្នករាល់គ្នាយកគោឈ្មោលប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើងឥឡូវ រួចថ្វាយតង្វាយដុតសម្រាប់ខ្លួន។ ពេលនោះ យ៉ូបជាអ្នកបម្រើយើងនឹងអធិស្ឋានសម្រាប់អ្នករាល់គ្នា ដ្បិតយើងនឹងទទួល ក្រែងយើងប្រព្រឹត្តនឹងអ្នករាល់គ្នាតាមអំពើចម្កួតរបស់អ្នក ព្រោះអ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដូចជាយ៉ូបជាអ្នកបម្រើយើងឡើយ»។ 9ដូច្នេះ អេលីផាស សាសន៍ថេម៉ាន ប៊ីលដាឌ សាសន៍ស៊ូអា និងសូផារ សាសន៍ណាអាម៉ា ក៏ទៅធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយព្រះអង្គក៏ទទួលព្រមតាមយ៉ូប។
លោកយ៉ូបទទួលបានធន់ធានទ្វេជាពីរដង
10កាលលោកយ៉ូបបានអធិស្ឋានឲ្យពួកមិត្តសម្លាញ់រួចហើយ នោះព្រះយេហូវ៉ាប្រោសឲ្យលោករួចពីចំណង ហើយព្រះអង្គប្រទានឲ្យមានលើសជាងដើមមួយជាពីរផង។ 11គ្រានោះ ពួកបងប្អូនប្រុសស្រីរបស់លោក និងអ្នកទាំងប៉ុន្មានដែលលោកបានស្គាល់កាលពីដើម គេមកសួរលោក ក៏បរិភោគនៅក្នុងផ្ទះជាមួយលោក គេសម្ដែងសេចក្ដីអាសូរដល់លោក ហើយក៏ជួយកម្សាន្តចិត្តពីគ្រប់ទាំងការអាក្រក់ ដែលព្រះយេហូវ៉ាបានឲ្យកើតដល់លោក គ្រប់គ្នាក៏ឲ្យប្រាក់មួយដួង និងកងមាសមួយវង់ៗដល់លោក។ 12ព្រះយេហូវ៉ាបានប្រទានពរដល់យ៉ូប នៅពេលក្រោយនេះ លើសជាងមុនទៅទៀត លោកក៏មានចៀមមួយម៉ឺនបួនពាន់ អូដ្ឋប្រាំមួយពាន់ គោមួយពាន់នឹម និងលាញីមួយពាន់។ 13លោកក៏បង្កើតបានកូនប្រុសប្រាំពី កូនស្រីបីទៀត 14កូនស្រីទីមួយ ឈ្មោះយេមីម៉ា ទីពីរឈ្មោះកេស៊ីយ៉ា ហើយទីបីឈ្មោះកេរេន-ហាពូក។ 15នៅគ្រប់ស្រុកនោះ គ្មានស្ត្រីណាដែលមានរូបឆោមស្រស់ដូចជាកូនស្រីរបស់លោកយ៉ូបនោះទេ ហើយឪពុកក៏បែងចែកមត៌កដល់កូនស្រីទាំងនោះ ដូចជាដល់បងប្អូនប្រុសដែរ។ 16ក្រោយមក លោកយ៉ូបរស់នៅបានមួយរយសែសិបឆ្នាំទៀត លោកក៏ឃើញកូនចៅខ្លួនតទៅដល់បួនតំណ។ 17លោកយ៉ូបស្លាប់ទៅ ដោយមានអាយុជាយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតរបស់លោក។:៚
ទើបបានជ្រើសរើសហើយ៖
យ៉ូប 42: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies