ទំនុកតម្កើង 102

102
ពាក្យ​អធិស្ឋាន​សុំ​ជំនួយពី​ព្រះ​មហាក្សត្រ​ដ៏​គង់​នៅ​អស់​កល្ប
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​វេទនា នៅ​ពេល​អស់​សង្ឃឹម ហើយ​គេ​ទូល​អង្វរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។
1ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់
ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ
សូម​ឲ្យ​សម្រែក​ដែល​ទូល‌បង្គំ​អំពាវ‌នាវ
បាន​ឮ​ដល់​ព្រះ‌អង្គ
2សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ពី​ទូល‌បង្គំ
ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ឡើយ!
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ
ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​អង្វរ
សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​កុំ​ខាន!
3៙ ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូល‌បង្គំ
រសាត់​ទៅ​ដូច​ជា​ផ្សែង
ហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ
ក៏​ឆេះ​ក្តៅ​ដូចរងើក​ភ្លើង។
4ចិត្ត​ទូល‌បង្គំ​ទ្រោម​ចុះ​ដូច​ជា​ស្មៅ
ហើយ​ក៏​ស្រពោន​ទៅ
ទូល‌បង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​ទៀត​ផង។
5ដោយ​ព្រោះ​សម្រែក​ដែល​ទូល‌បង្គំ​ថ្ងូរ
ស្បែក​ទូល‌បង្គំ​នៅ​ជាប់​នឹង​ឆ្អឹងទៅ​ហើយ។
6ទូល‌បង្គំ​ប្រៀប​ដូច​ជា​សត្វទីទុយ​នៅ​ទី​រហោ‌ស្ថាន
គឺ​ដូច​ជាសត្វ​ទីទុយ​នៅ​ទី​ស្មសាន។
7ទូល‌បង្គំ​នៅទន្ទឹង​រង់​ចាំ ដូច​ជា​សត្វ​ចាប​គ្មាន​គូ
នៅ​លើ​ដំបូល​ផ្ទះ។
8ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
ចំអក​ឡក​ឡឺយ​ទូល‌បង្គំ​រាល់​ថ្ងៃ
ហើយ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ
គេ​យក​ឈ្មោះ​ទូល‌បង្គំ​ទៅ​ដាក់​បណ្ដាសា។
9ទូល‌បង្គំ​ទទួល​ទាន​ផេះ​ដូច​ជា​អាហារ
ហើយ​ទូល‌បង្គំ​ផឹក​លាយ​ជាមួយ​ទឹក​ភ្នែក
10ព្រោះ​តែ​សេចក្ដី​ថ្នាំង‌ថ្នាក់
និង​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង
ហើយ​បោះ​ចោល។
11ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ
ប្រៀប​ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច
ហើយ​ទូល‌បង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។
12៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​តាំង‌រាជ្យអស់‌កល្ប​ជា‌និច្ច
ហើយ​មនុស្ស​គ្រប់​ជំនាន់
នឹក​ចាំ​ពី​ព្រះ‌អង្គ​ត​រៀង​ទៅ។
13ព្រះ‌អង្គ​នឹង​ក្រោក​ឡើង
ហើយ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូន
ដ្បិត​ដល់​ពេល​ប្រណី​សន្ដោស​ក្រុង​នេះ​ហើយ
អើ ពេល​កំណត់​បាន​មក​ដល់​ហើយ។
14ដ្បិត​ពួក​អ្នក​បម្រើរបស់​ព្រះ‌អង្គ
ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ
ហើយ​ក៏​ស្រណោះ​នឹង​ធូលី​ដី
នៃ​ការ​ខូច​បង់​របស់​ក្រុង​នេះ​ដែរ។
15ជាតិ​សាសន៍​ទាំង​ឡាយ
នឹង​កោត​ខ្លាចព្រះ‌នាម​ព្រះ‌យេហូវ៉ា
ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី
នឹង​កោត​ខ្លាចសិរី‌ល្អ​របស់​ព្រះ‌អង្គ។
16ដ្បិត​ព្រះ‌យេហូវ៉ា​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ
ព្រះ‌អង្គ​នឹង​លេច​មក​ក្នុង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។
17ព្រះ‌អង្គ​ទទួលពាក្យ​អធិស្ឋាន​របស់​មនុស្ស​វេទនា
ហើយ​មិន​មើល‌ងាយ​ពាក្យ​ទូល​អង្វរ
របស់​គេ​ឡើយ។
18៙ សូម​ឲ្យ​សេចក្ដី​ទាំង​នេះ​បាន​កត់​ត្រា​ទុក
សម្រាប់​មនុស្សជំនាន់​ក្រោយ
ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​មួយ​ដែល​នឹង​កើត​ឡើង
បាន​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា។
19ដ្បិត​ព្រះ‌អង្គ​បាន​ទតមើល​ពី​ទី​បរិសុទ្ធ
របស់​ព្រះ‌អង្គ​នៅ​ស្ថានដ៏​ខ្ពស់
គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌
មើល​មក​ផែនដី
20ដើម្បី​ស្តាប់​សំឡេងស្រែក​ថ្ងូរ​របស់​ពួក​ឈ្លើយ
ហើយ​ដោះ​លែង​អស់​អ្នក
ដែល​គេ​កាត់​ទោស​ឲ្យ​ស្លាប់
21ប្រយោជន៍​ឲ្យ​គេ​បាន​ប្រកាស​ព្រះ‌នាម
របស់​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​ស៊ីយ៉ូន
ហើយ​សរសើរតម្កើង​ព្រះ‌អង្គ
នៅ​ក្រុង​យេរូ‌សាឡិម
22នៅ​ពេល​ជាតិ​សាសន៍​នានា
និង​នគរ​ទាំង​ប៉ុន្មាន​ជួប​ជុំ​គ្នា
ដើម្បី​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា។
23៙ ព្រះ‌អង្គ​បានបំបាក់​កម្លាំង​ខ្ញុំ​នៅ​កណ្ដាល​ទី
ព្រះ‌អង្គ​បាន​បង្រួញ​ថ្ងៃ​អាយុ​របស់​ខ្ញុំ។
24ទូល‌បង្គំ​ទូល​ថា «ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​ស្ថិត‌ស្ថេរ
ជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ
សូម​កុំ​ដក​ជីវិត​ទូល‌បង្គំ
នៅ​ពាក់​កណ្ដាល​អាយុ​ឡើយ»។
25កាល​ដើម​ដំបូង ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី
ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ត
របស់​ព្រះ‌អង្គ​ដែរ។
26ផ្ទៃ​មេឃ និង​ផែន​ដី នឹង​វិនាស​សូន្យ​ទៅ
តែ​ព្រះ‌អង្គ​នឹង​គង់​នៅ​ស្ថិត‌ស្ថេរ
ផ្ទៃ​មេឃ និង​ផែន​ដី នឹង​រិចរឹល​ទៅ
ដូច​សម្លៀក‌បំពាក់។
ព្រះ‌អង្គ​នឹង​ផ្លាស់​វា ដូច​ផ្លាស់​អាវ
ហើយ​វា​នឹងបាត់​សូន្យ​ទៅ
27ប៉ុន្ដែ ចំពោះ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នៅ​តែ​ដដែល
ហើយ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ
គ្មាន​ទី​បញ្ចប់​ឡើយ។
28កូន​ចៅ​របស់​ពួក​អ្នក​បម្រើព្រះ‌អង្គ
នឹង​រស់​នៅ​ដោយសុខ​សាន្ត
ហើយ​ពូជ‌ពង្ស​របស់​គេ
នឹង​តាំង​នៅជាប់​ចំពោះ​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 102: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល