ទំនុកតម្កើង 20

20
ពាក្យអធិស្ឋាន​សូម​ឲ្យ​មាន​ជ័យ​ជម្នះ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
1សូម​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ដល់​ព្រះ​ករុណា
នៅ​ថ្ងៃ​មាន​ចលាចល
សូម​ព្រះ‌នាម​នៃ​ព្រះ​របស់​លោក​យ៉ាកុប
ការពារ​ព្រះ​ករុណា!
2សូម​ព្រះ‌អង្គ​បញ្ជូន​ជំនួយ​ពី​ទី​បរិសុទ្ធ
មក​ជួយ​ព្រះ​ករុណា
ហើយ​ចម្រើន​កម្លាំង​ព្រះ​ករុណា
ពី​ក្រុង​ស៊ីយ៉ូន​មក!
3សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​តង្វាយ​ទាំង​ប៉ុន្មាន
របស់​ព្រះករុណា
ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ‌បូជា
របស់​ព្រះករុណា​ផង! –បង្អង់
4៙ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន
តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ករុណា
ហើយសូម​ឲ្យ​គ​ម្រោង​ការ​ទាំង​ប៉ុន្មាន
របស់​ព្រះ‌ករុណា​បាន​សម្រេច!
5សូម​ឲ្យ​យើង​ខ្ញុំ​បាន​ស្រែក​ហ៊ោ​ដោយ​អំណរ
នឹង​ជ័យ​ជម្នះ​របស់​ព្រះ​ករុណា
ហើយ​លើក​ទង់​ជ័យ​ឡើង
ក្នុង​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង។
សូម​ព្រះ‌យេហូវ៉ា​សម្រេច​តាម
អស់​ទាំង​សំណូម​របស់​ព្រះ‌ករុណា​ផង។
6៙ ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌យេហូវ៉ា​នឹង
សង្គ្រោះ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង
ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ព្រះ​ករុណា​ពី​ស្ថាន‌សួគ៌
ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ដោយ​ឫទ្ធានុ‌ភាព​នៃ​ព្រះ‌ហស្ត​ស្តាំ
ដែល​តែង‌តែ​ជួយ។
7អ្នក​ខ្លះ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង
ខ្លះ​ទៀត​ទុក​ចិត្ត​នឹង​សេះ
តែ​យើង​ទុក​ចិត្ត​នឹង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​យើង​វិញ។
8អ្នក​ទាំង​នោះនឹងរំលំ ហើយ​ដួល​ចុះ
តែ​យើង​នឹង​ក្រោក​ឈរ​យ៉ាង​មាំ។
9៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជ័យ‌ជម្នះ
សូម​ព្រះ​ដ៏​ជា​មហាក្សត្រ
ឆ្លើយ​តប​មក​យើង​ខ្ញុំផង
ពេល​យើង​ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 20: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល