រ៉ូម 9
9
អ៊ីស្រាអែលជាមនុស្សរើសតាំងរបស់ព្រះ
1ខ្ញុំនិយាយសេចក្តីពិតក្នុងព្រះគ្រីស្ទ ខ្ញុំមិនកុហកទេ មនសិការបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំ ដោយព្រះវិញ្ញាណបរិសុទ្ធថា 2ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចាប់នៅក្នុងចិត្តជានិច្ច។ 3ដ្បិតខ្ញុំសុខចិត្តឲ្យខ្លួនខ្ញុំត្រូវបណ្តាសា ហើយកាត់ចេញពីព្រះគ្រីស្ទ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងសាច់ឈាម 4គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន 5គេមានពួកបុព្វបុរស ហើយព្រះគ្រីស្ទបានកើតពីពួកគេខាងសាច់ឈាម។ សូមឲ្យព្រះដែលខ្ពស់លើសទាំងអស់ មានព្រះពរអស់កល្បជានិច្ច។ អាម៉ែន។
6ប៉ុន្តែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះមិនបានសម្រេចនោះទេ ដ្បិតមិនមែនសាសន៍អ៊ីស្រាអែលទាំងអស់ សុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ 7ហើយក៏មិនមែនកូនលោកអ័ប្រាហាំទាំងអស់ សុទ្ធតែជាពូជពង្សពិតប្រាកដរបស់លោកដែរ តែមានសេចក្តីចែងទុកមកថា «អស់អ្នកដែលមានឈ្មោះជាពូជពង្សរបស់អ្នក នឹងរាប់ពីអ៊ីសាក» ។ 8នេះមានន័យថា មិនមែនកូនដែលកើតពីសាច់ឈាមទេ ដែលជាកូនរបស់ព្រះ គឺកូនដែលកើតពីសេចក្តីសន្យាវិញ ទើបរាប់ជាពូជពង្ស។ 9ដ្បិតព្រះបានសន្យាដូច្នេះថា៖ «យើងនឹងមកវិញក្នុងពេលដដែលនេះ ហើយសារ៉ានឹងមានកូន» ។ 10មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយដូច្នោះដែរ គឺលោកអ៊ីសាក ជាបុព្វបុរសរបស់យើង 11ទោះជាកូនទាំងពីរមិនទាន់កើត ហើយមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់នៅឡើយក៏ដោយ (ដើម្បីឲ្យគម្រោងការជ្រើសរើសរបស់ព្រះបានជាប់នៅ 12មិនមែនដោយការប្រព្រឹត្ត គឺដោយសារការត្រាស់ហៅរបស់ព្រះអង្គ) ដ្បិតព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា៖ «កូនច្បងនឹងត្រូវបម្រើកូនប្អូន» ។ 13ដូចមានសេចក្តីចែងទុកមកថា៖ «យើងបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវ» ។
14ដូច្នេះ តើយើងត្រូវនិយាយដូចម្តេច? តើព្រះអយុត្តិធម៌ឬ? មិនមែនដូច្នោះទេ! 15ដ្បិតព្រះអង្គមានព្រះបន្ទូលទៅលោកម៉ូសេថា៖ «យើងនឹងមេត្តាករុណាដល់អ្នកណាដែលយើងមេត្តាករុណា ហើយយើងនឹងក្តួលអាណិត ដល់អ្នកណាដែលយើងក្តួលអាណិត» ។ 16ដូច្នេះ មិនមែនស្រេចលើបំណង ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចលើព្រះ ដែលទ្រង់មេត្តាករុណាវិញ។ 17ដ្បិតមានបទគម្ពីរថ្លែងទៅកាន់ផារ៉ោនថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញចេស្ដារបស់យើងតាមរយៈអ្នក ដើម្បីឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញផែនដីទាំងមូល» ។ 18ដូច្នេះ ព្រះអង្គមេត្តាករុណាដល់អ្នកណាតាមតែព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គធ្វើឲ្យអ្នកណាមានចិត្តរឹងទទឹង ក៏តាមតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
សេចក្តីក្រោធ និងព្រះហឫទ័យមេត្តាករុណា
19ដូច្នេះ អ្នកនឹងសួរខ្ញុំថា៖ «ចុះហេតុអ្វីបានជាព្រះអង្គនៅតែប្រកាន់ទោសទៀត? ដ្បិតតើអ្នកណាអាចតតាំងនឹងព្រះហឫទ័យរបស់ព្រះអង្គបាន?» 20ប៉ុន្តែ ឱមនុស្សអើយ! តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ? តើរបស់ដែលជាងស្មូនបានសូន និយាយទៅជាងស្មូនថា៖ «ហេតុអ្វីបានជាអ្នកធ្វើឲ្យខ្ញុំមានរូបរាងដូច្នេះ» ដែរឬ? 21តើជាងស្មូនគ្មានសិទ្ធិលើដីឥដ្ឋ ដើម្បីយកដុំដីដដែលទៅសូន មួយធ្វើជាវត្ថុថ្លៃថ្នូរ ហើយមួយទៀតជាវត្ថុធម្មតាទេឬ? 22ចុះបើព្រះចង់បង្ហាញសេចក្តីក្រោធ ហើយសម្ដែងព្រះចេស្តារបស់ព្រះអង្គ ចំពោះវត្ថុដែលគួរទទួលសេចក្ដីក្រោធ ដែលរៀបចំឡើងសម្រាប់បំផ្លាញ តែទ្រង់បានអត់ធ្មត់ជាខ្លាំង 23ហើយចុះបើព្រះអង្គចង់សម្ដែងសិរីល្អដ៏បរិបូររបស់ព្រះអង្គចំពោះវត្ថុដែលគួរទទួលសេចក្តីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុនសម្រាប់សិរីល្អ 24គឺយើងរាល់គ្នាដែលព្រះអង្គបានត្រាស់ហៅ មិនត្រឹមតែពីសាសន៍យូដាប៉ុណ្ណោះ គឺពីសាសន៍ដទៃថែមទៀតផង នោះតើដូចម្តេចទៅវិញ? 25ដូចព្រះអង្គមានព្រះបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅអស់អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង ថាជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងហៅសាសន៍ដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងា 26ឯត្រង់កន្លែងណាដែលបានពោលទៅគេថា "អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ" កន្លែងនោះនឹងត្រូវបានគេហៅថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់វិញ »។
27ឯហោរាអេសាយស្រែកប្រកាសពីសាសន៍អ៊ីស្រាអែលថា៖ «ទោះជាកូនចៅអ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ ក៏មានតែអ្នកនៅសល់ប៉ុណ្ណោះដែលនឹងបានសង្គ្រោះ 28ដ្បិតព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គយ៉ាងឆាប់នៅលើផែនដី ឥតបង្អង់ឡើយ »។ 29ដូចលោកអេសាយបានថ្លែងទុកជាមុនថា៖ «ប្រសិនបើព្រះអម្ចាស់នៃពួកពលបរិវារ មិនបានបន្សល់ពូជទុកឲ្យយើងទេ នោះយើងនឹងវិនាសដូចជាក្រុងសូដុម ហើយដូចជាក្រុងកូម៉ូរ៉ាមិនខាន» ។
អ៊ីស្រាអែល និងដំណឹងល្អ
30ដូច្នេះ តើយើងត្រូវនិយាយដូចម្តេច? សាសន៍ដទៃដែលមិនបានស្វះស្វែងរកសេចក្តីសុចរិត បានទទួលសេចក្តីសុចរិត ជាសេចក្តីសុចរិតដោយសារជំនឿ 31តែសាសន៍អ៊ីស្រាអែលវិញ ដែលស្វះស្វែងរកសេចក្ដីសុចរិតដោយអាងក្រឹត្យវិន័យ មិនបានសម្រចតាមក្រឹត្យវិន័យឡើយ។ 32ហេតុអ្វី? ព្រោះគេអាងលើការប្រព្រឹត្ត មិនមែនអាងលើជំនឿ។ គេបានជំពប់នឹងថ្មដែលនាំឲ្យជំពប់នោះ 33ដូចមានសេចក្តីចែងទុកមកថា៖ «មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ដែលធ្វើឲ្យគេជំពប់ដួល ជាថ្មដាដែលធ្វើឲ្យគេរវាតចិត្ត ហើយអ្នកណាដែលជឿដល់ថ្មនោះ នឹងមិនត្រូវខ្មាសឡើយ» ។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies