អេសាយ 42
42
អ្នកបម្រើរបស់ព្រះអម្ចាស់
1 ព្រះអម្ចាស់មានព្រះបន្ទូលថា:
លោកនេះហើយជាអ្នកបម្រើ
ដែលយើងគាំទ្រ
ជាអ្នកដែលយើងបានជ្រើសរើស
និងជាទីគាប់ចិត្តរបស់យើង។
យើងដាក់វិញ្ញាណរបស់យើងលើលោក។
លោកនឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ
ស្គាល់ការវិនិច្ឆ័យ។
2លោកមិនស្រែក ឬគំហកកំហែង
ដាក់នរណាឡើយ
ហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។
3លោកនឹងមិនកាច់ផ្ដាច់ដើមត្រែងណា
ដែលទក់ហើយនោះទេ
ហើយលោកក៏មិនផ្លុំពន្លត់ភ្លើង
ដែលហៀបនឹងរលត់នោះដែរ
លោកនឹងនាំមកនូវការវិនិច្ឆ័យពិតមែន!
4លោកនឹងមិនទន់ខ្សោយឡើយ
លោកអង់អាចជានិច្ច
រហូតទាល់តែធ្វើឲ្យមានការវិនិច្ឆ័យ
នៅលើផែនដី
ហើយមនុស្សនៅតាមកោះនានានាំគ្នា
រង់ចាំទទួលវិន័យពីលោក។
5 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះដែលបានបង្កើត និងលាតផ្ទៃមេឃ
ព្រះអង្គបានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗ
ទាំងអស់កកើតឡើង។
ព្រះអង្គបានប្រទានដង្ហើមចេញចូលឲ្យ
សត្វលោកទាំងឡាយនៅលើផែនដី
ហើយប្រទានជីវិតឲ្យអស់អ្នកដែល
ចរយាត្រានៅលើផែនដីនេះ។
6 យើងនេះហើយជាព្រះអម្ចាស់!
យើងបានហៅអ្នកមក
ស្របតាមសេចក្ដីសុចរិតរបស់យើង។
យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក
ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី
សម្រាប់ប្រជាជន
ឲ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា
7ប្រោសមនុស្សខ្វាក់ឲ្យភ្លឺ
នាំជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំង
ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុង
ភាពងងឹត ឲ្យបានចេញរួចផង។
8យើងមាននាមថា ព្រះអម្ចាស់
យើងមិនប្រគល់សិរីរុងរឿងរបស់យើង
ទៅឲ្យព្រះណាផ្សេងទៀតឡើយ!
យើងក៏មិនឲ្យព្រះក្លែងក្លាយណា
ទទួលការសរសើរតម្កើងជំនួសយើងដែរ!
9មើលចុះ! ហេតុការណ៍ផ្សេងៗដែលកើតមាន
នៅគ្រាដំបូង បានសម្រេចជារូបរាងអស់ហើយ
យើងក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹង
នូវហេតុការណ៍ឯទៀតៗដែលនឹងកើតមាន
គឺយើងប្រាប់ឲ្យអ្នករាល់គ្នាដឹងមុន
ហេតុការណ៍ទាំងនោះកកើតជារូបរាង។
បទចម្រៀងថ្មី
10អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដី
អស់អ្នកដែលធ្វើដំណើរតាមសមុទ្រ
និងអ្វីៗទាំងអស់ដែលនៅក្នុងសមុទ្រ
កោះទាំងឡាយ
ព្រមទាំងអស់អ្នកដែលរស់នៅតាមកោះអើយ
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់
ចូរសរសើរតម្កើងព្រះអង្គ!
11អស់អ្នកដែលរស់នៅតាមវាលរហោស្ថាន
និងតាមភូមិនានាក្នុងវាលរហោស្ថានអើយ
ចូរនាំគ្នាបន្លឺសំឡេងឡើង!
អស់អ្នកដែលរស់នៅភូមិរបស់កុលសម្ព័ន្ធកេដារ
និងអ្នកក្រុងសេឡាអើយ
ចូរនាំគ្នាស្រែកហ៊ោរំពងឡើង!
អស់អ្នកដែលរស់នៅតាមកំពូលភ្នំអើយ
ចូរនាំគ្នាស្រែកអបអរសាទរ!
12ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ហើយសរសើរតម្កើងព្រះអង្គ
នៅតាមកោះទាំងឡាយ!
13 ព្រះអម្ចាស់ស្រឡាញ់ប្រជាជន
របស់ព្រះអង្គយ៉ាងខ្លាំង
ព្រះអង្គយាងចេញទៅដូចវីរជន
ដូចអ្នកចម្បាំងដ៏ចំណាន
ព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លា
ហើយយកជ័យជម្នះលើខ្មាំងសត្រូវ។
14 ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ
យើងនៅសម្ងំ យើងខំទប់ចិត្ត
ឥឡូវនេះ យើងស្រែកដង្ហក់
ដូចស្ត្រីស្រែកថ្ងូរ នៅពេលសម្រាលកូន!
15យើងនឹងកម្ទេចទាំងភ្នំធំ ទាំងភ្នំតូច
យើងនឹងធ្វើឲ្យរុក្ខជាតិក្រៀមស្វិត
យើងនឹងធ្វើឲ្យទន្លេក្លាយទៅជាដីគោក
ហើយឲ្យបឹងបួរីងហួតហែង។
16យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ
ដែលគេពុំស្គាល់
យើងនឹងដឹកដៃគេដើរតាមផ្លូវ
ដែលគេពុំធ្លាប់ដើរ
យើងនឹងប្ដូរភាពងងឹត
ឲ្យទៅជាពន្លឺនៅមុខពួកគេ
ហើយធ្វើឲ្យផ្លូវរដិបរដុប
ប្រែទៅជាផ្លូវរាបស្មើ។
យើងពិតជាធ្វើដូច្នោះមែន
គឺយើងនឹងសម្រេចការទាំងនោះពុំខាន។
17រីឯអស់អ្នកដែលផ្ញើជីវិតលើព្រះក្លែងក្លាយ
ហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួន
មុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។
18មនុស្សថ្លង់អើយ ចូរស្ដាប់ឮឡើង!
មនុស្សខ្វាក់អើយ ចូរបើកភ្នែក
ហើយមើលឃើញទៅ!
19តើនរណាជាមនុស្សខ្វាក់ គឺអ្នកបម្រើរបស់យើង
តើនរណាថ្លង់ដូចអ្នកនាំពាក្យ
ដែលយើងចាត់ឲ្យមក?
តើនរណាខ្វាក់ដូចអ្នកដែលយើង
ស្រោចស្រង់ឡើងវិញ
គឺខ្វាក់ដូចអ្នកបម្រើរបស់ព្រះអម្ចាស់?
20អ្នកបានឃើញហេតុការណ៍ជាច្រើន
តែអ្នកពុំបានយកចិត្តទុកដាក់ចងចាំទេ
អ្នកផ្ទៀងត្រចៀកស្ដាប់ តែពុំឮអ្វីសោះឡើយ។
21ដោយព្រះអម្ចាស់សុចរិត
ព្រះអង្គសព្វព្រះហឫទ័យធ្វើឲ្យក្រឹត្យវិន័យរបស់
ព្រះអង្គបានថ្កុំថ្កើងរុងរឿង។
22ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់
ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ
ត្រូវធ្លាក់ទៅក្នុងអន្ទាក់
ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។
ខ្មាំងសត្រូវបានប្លន់ពួកគេ
តែគ្មាននរណារំដោះពួកគេឡើយ
ខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេ
តែគ្មាននរណាអើពើទាមទាររបស់ទាំងនោះ
ឲ្យពួកគេវិញដែរ។
23ក្នុងចំណោមអ្នករាល់គ្នា តើមាននរណា
ត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ?
ទៅអនាគត តើមាននរណា
យកចិត្តទុកដាក់ស្ដាប់?
24តើនរណាបានប្រគល់ពូជពង្សលោកយ៉ាកុប
ទៅឲ្យខ្មាំងរឹបអូស?
តើនរណាបានប្រគល់កូនចៅអ៊ីស្រាអែល
ទៅឲ្យខ្មាំងប្លន់ដូច្នេះ?
គឺព្រះអម្ចាស់ដែលធ្វើដូច្នេះ
ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ
យើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គ
ហើយមិនព្រមស្ដាប់ក្រឹត្យវិន័យរបស់ព្រះអង្គទេ។
25ហេតុនេះហើយបានជាព្រះអង្គជះព្រះពិរោធ
មកលើស្រុកអ៊ីស្រាអែល
ដោយធ្វើឲ្យភ្លើងសង្គ្រាមផ្ទុះឡើង
ឆេះរាលដាលគ្រប់ទិសទី។
ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី
ក៏ពួកគេពុំបានភ្ញាក់ខ្លួន
ហើយទោះបីគេហិនហោចយ៉ាងនេះក្ដី
ក៏គេពុំអើពើដែរ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 42: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.