យ៉ូប 7

7
លោក​យ៉ូប​រអ៊ូ‌រទាំ​នឹង​ព្រះ‌ជាម្ចាស់
1ជីវិត​របស់​មនុស្ស​នៅ​លើ​ផែនដី
មិន​ខុស​ពី​ជីវិត​របស់​អ្នក​ដែល​គេ​បង្ខំ
ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ទេ
ហើយ​អាយុ​ជីវិត​របស់​គេ ក៏​មិន​ខុស​ពី
អាយុ​ជីវិត​របស់​អ្នក​ស៊ី​ឈ្នួល​ដែរ។
2ទាសករ​ប្រាថ្នា​ជ្រក​ក្រោម​ម្លប់
ហើយ​អ្នក​ស៊ី​ឈ្នួល​ទន្ទឹង​រង់‌ចាំ​ប្រាក់​បៀវត្ស​យ៉ាង​ណា
3ខ្ញុំ​ក៏​ទទួល​ការ​ឈឺ​ចាប់​ជា​ច្រើន​ខែ
ហើយ​រង​ទុក្ខ​សោក​ជា​ច្រើន​យប់
យ៉ាង​នោះ​ដែរ។
4ពេល​ខ្ញុំ​ចូល​ដំណេក ខ្ញុំ​ពោល​ថា
“តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​បាន?”
ប៉ុន្តែ យប់​ពន្យារ​កាន់​តែ​យូរ
ហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួន រហូត​ដល់​ទៀប​ភ្លឺ។
5រូប​កាយ​របស់​ខ្ញុំ​មាន​សុទ្ធ​តែ​ដង្កូវ និង​ក្រមរ
ស្បែក​របស់​ខ្ញុំ​ប្រេះ ហើយ​រលួយ។
6អាយុ​ជីវិត​របស់​ខ្ញុំ​បោះ‌ពួយ​ទៅ​មុខ
លឿន​ជាង​ត្រល់​របស់​អ្នក​ត្បាញ​ទៅ​ទៀត!
ពេល​ណា​អស់​អំបោះ ត្រល់​នោះ​ក៏​ឈប់។
7សូម​ព្រះអង្គ​នឹក​ចាំ​ផង​ថា ជីវិត​របស់​ទូលបង្គំ
ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ
ទូលបង្គំ​ពុំ​អាច​ឃើញ​សុភមង្គល​ទៀត​ឡើយ។
8ព្រះអង្គ​ទត​មក​ទូលបង្គំ
តែ​លែង​ឃើញ​ទូលបង្គំ​ទៀត​ហើយ
ព្រះអង្គ​នឹង​ខំ​រក​មើល​ទូលបង្គំ
តែ​ទូលបង្គំ​បាត់​សូន្យ​ទៅ។
9ពពក​តែងតែ​រសាត់​បាត់​ទៅ
រីឯ​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់
ក៏​ពុំ​អាច​ឡើង​មក​វិញ​បាន​ដែរ។
10គេ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេ
ញាតិ‌សន្ដាន​ក៏​លែង​ស្គាល់​គេ​ទៀត​ដែរ។
11ហេតុ​នេះ ទូលបង្គំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ
ទូលបង្គំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្ត
ទូលបង្គំ​នឹង​ត្អូញ‌ត្អែរ​នៅ​ពេល​តាន‌តឹង​ក្នុង​ឱរា។
12តើ​ទូលបង្គំ​ជា​សមុទ្រ ឬ​ជា​សត្វ​ដ៏​សម្បើម
ដែល​រស់​នៅ​ក្នុង​សមុទ្រ​ឬ
បាន​ជា​ព្រះអង្គ​ដាក់​អ្នក​យាម‌ល្បាត
នៅ​ជុំ‌វិញ​ទូលបង្គំ​បែប​នេះ?
13ទូលបង្គំ​នឹក​ថា “បើ​ខ្ញុំ​ចូល​ដំណេក
នោះ​ខ្ញុំ​បាន​ល្ហែ រួច​ផុត​ពី​ការ​ឈឺ​ចាប់”
14ប៉ុន្តែ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុត
ដោយ​យល់​សប្ដិ​អាក្រក់
ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់
ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។
15ទូលបង្គំ​ចង់​អត់​ដង្ហើម​ស្លាប់
ជា​ជាង​រស់​ក្នុង​រូប​កាយ​ដែល​សល់​តែ​ឆ្អឹង​នេះ!
16ទូលបង្គំ​ឆ្អែត​ចិត្ត​ណាស់
ទូលបង្គំ​មិន​ចង់​រស់​រហូត​ទេ
សូម​ទុក​ទូលបង្គំ​ឲ្យ​នៅ​តែ​ឯង
ដ្បិត​ជីវិត​របស់​ទូលបង្គំ​គ្មាន​ន័យ​អ្វី​សោះ។
17 តើ​មនុស្ស​លោក​ជា​អ្វី
បាន​ជា​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ
យ៉ាង​ខ្លាំង​ដូច្នេះ?
18ព្រះអង្គ​ពិនិត្យ​មើល​គេ​រៀង​រាល់​ព្រឹក
ព្រះអង្គ​ល្បង‌ល​គេ​គ្រប់​ពេល​វេលា។
19តើ​ព្រះអង្គ​នៅ​តែ​ឃ្លាំ​មើល​ទូលបង្គំ
ដល់​កាល​ណា​ទៀត
សូម​ទុក​ឲ្យ​ទូលបង្គំ​មាន​ពេល
លេប​ទឹក​មាត់​ផង។
20ព្រះអង្គ​ដែល​ជា​ឆ្មាំ​យាម​មនុស្ស​លោក​អើយ
ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន
តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ព្រះអង្គ?
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទុក​ទូលបង្គំ
ដូច​ជា​ផ្ទាំង​ស៊ីប?
តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​រំខាន​ដល់​ព្រះអង្គ?
21តើ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ
និង​លុប​លាង​កំហុស​របស់​ទូលបង្គំ​បាន​ឬ​ទេ?
ដ្បិត​បន្តិច​ទៀត ទូលបង្គំ​នឹង​ទៅ​នៅ​ក្នុង​ផ្នូរ
ព្រះអង្គ​នឹង​រក​ទូលបង្គំ
តែ​ទូលបង្គំ​វិនាស​សូន្យ​បាត់​ទៅ​ហើយ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 7: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល