ម៉ាថាយ 4:1-11
ម៉ាថាយ 4:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវទៅទីរហោស្ថាន ដើម្បីឲ្យអារក្សល្បួង។ ក្រោយពីបានតមសែសិបថ្ងៃ សែសិបយប់មក ទ្រង់ក៏ឃ្លាន។ មេល្បួងក៏ចូលមក ហើយទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន ចូរបង្គាប់ឲ្យដុំថ្មទាំងនេះក្លាយជានំបុ័ងទៅ!»។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "មនុស្សមិនមែនរស់ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋរបស់ព្រះមកដែរ"» ។ បន្ទាប់មក អារក្សក៏នាំព្រះអង្គទៅកាន់ក្រុងបរិសុទ្ធ ហើយដាក់ព្រះអង្គលើកំពូលព្រះវិហារ ទូលថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ព្រះអង្គនឹងបង្គាប់ពួកទេវតារបស់ព្រះអង្គពីដំណើរអ្នក" ហើយថា "ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម"» ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «មានសេចក្តីចែងទុកដូច្នេះទៀតថា "កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ"» ។ មួយទៀត អារក្សបាននាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយបង្ហាញអស់ទាំងនគរក្នុងពិភពលោក និងសិរីល្អរបស់នគរទាំងនោះ ថ្វាយព្រះអង្គទត រួចវាទូលព្រះអង្គថា៖ «ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់របស់ទាំងនេះដល់អ្នក»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «សាតាំង ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ"» ។ ពេលនោះ អារក្សក៏ថយចេញពីព្រះអង្គទៅ ហើយរំពេចនោះ ស្រាប់តែមានពួកទេវតាចូលមកបម្រើព្រះអង្គ។
ម៉ាថាយ 4:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះវិញ្ញាណនាំព្រះយេស៊ូទៅវាលរហោស្ថានឲ្យមារ*សាតាំងល្បួង បន្ទាប់ពីបានតមអាហារអស់រយៈពេលសែសិបថ្ងៃ សែសិបយប់មក ព្រះអង្គក៏ឃ្លាន។ មេល្បួងចូលមកជិតព្រះអង្គ ពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មទាំងនេះទៅជានំប៉័ងមើល៍!»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា “មនុស្សមិនមែនរស់ដោយសារតែអាហារ ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ” »។ ពេលនោះ មារនាំព្រះអង្គទៅក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ* ដាក់ព្រះអង្គលើកំពូលព្រះវិហារ* ហើយពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតក្នុងគម្ពីរមានចែងថា “ព្រះជាម្ចាស់នឹងបញ្ជាឲ្យទេវតា*ចាំទ្រលោក មិនឲ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ” »។ ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «ក្នុងគម្ពីរមានចែងទៀតថា “កុំល្បងលព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយ” »។ មារក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោក ព្រមទាំងឲ្យព្រះអង្គឃើញភោគទ្រព្យរបស់នគរទាំងនោះផង។ មារទូលព្រះអង្គថា៖ «ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងប្រគល់សម្បត្តិនេះឲ្យ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «សាតាំងអើយ! ចូរថយចេញទៅ ដ្បិតក្នុងគម្ពីរមានចែងថា “អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គប៉ុណ្ណោះ” »។ ពេលនោះ មារក៏ចាកចេញពីព្រះអង្គទៅ ហើយមានពួកទេវតា*នាំគ្នាចូលមកគាល់ និងបម្រើព្រះអង្គ។
ម៉ាថាយ 4:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវ ទៅឯទីរហោស្ថាន ដើម្បីឲ្យត្រូវអារក្សល្បួង កាលទ្រង់បានតម៤០ថ្ងៃ៤០យប់ហើយ ក្រោយមកទ្រង់ឃ្លាន រួចមេល្បួងក៏មកទូលទ្រង់ថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រឡប់ជានំបុ័ងទៅ តែទ្រង់មានបន្ទូលតបថា មានសេចក្ដីចែងទុកមកដូច្នេះ «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។ នោះអារក្សក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធ ដាក់លើកំពូលព្រះវិហារ ទូលថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លួនទៅក្រោមចុះ ដ្បិតមានសេចក្ដីចែងទុកមកថា «ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នក ទេវតានឹងទ្រអ្នកដោយដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម» ព្រះយេស៊ូវមានបន្ទូលទៅវាថា មានសេចក្ដីចែងទុកដូច្នេះទៀត «កុំឲ្យឯងល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ»។ មួយទៀត អារក្សបាននាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ ក៏បង្ហាញអស់ទាំងនគរក្នុងលោកីយ នឹងសិរីលំអរបស់នគរទាំងនោះថ្វាយទ្រង់ទត រួចទូលថា បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក នោះព្រះយេស៊ូវមានបន្ទូលតបថា នែ សាតាំង ចូរឯងថយចេញពីអញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ» ដូច្នេះ អារក្សក៏ថយចេញពីទ្រង់ទៅ រួចមានពួកទេវតាមកបំរើទ្រង់។