តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?គំរូ
តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួង មែនឬ?
នៅក្នុងគម្ពីរ ១ សាំយូអែល ១៣៖១៤ នោះព្យាការី សាំយូអែល ថ្លែងប្រាប់ សូល ជាស្ដេចនៃពួកអ៊ីស្រាអែល ថាគាត់នឹងត្រូវប្ដូរជំនួស ដោយព្រោះ "ព្រះជាអម្ចាស់រកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យព្រះអង្គ ហើយព្រះអង្គបានតាំងអ្នកនោះ ឱ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះអង្គវិញ"។
តែទោះជាយ៉ាងនេះក្ដី ប៉ុន្មានជាទស្សវត្សក្រោយមក បុរសដែល "ត្រូវនឹងព្រះហឫទ័យនៃព្រះ" ធ្លាក់ទៅក្នុងទង្វើផិតក្បត់ជាមួយនឹងស្រ្តីដែលមានប្ដីហើយ ទាំងបង្កឱ្យនាងមានផ្ទៃពោះ រួច បានសម្រេចគ្រោងការអាក្រក់ ដោយសម្លាប់ប្ដីនាង ដើម្បីឱ្យគាត់អាចយកស្រ្តីនោះ ធ្វើជាភរិយារបស់គាត់ផង។
នៅក្នុងព្រឹត្តិការណ៍តែមួយនេះ ស្ដេច ដាវីឌ បានប្រព្រឹត្តល្មើស ដល់ទៅ ៩ ករណី នៃបញ្ញត្តិទាំង ១០ ប្រការ៖
បញ្ញត្តិទី ១០៖ គាត់បានល្មោភចង់បានប្រពន្ធរបស់អ្នកជិតខាងរបស់គាត់។
បញ្ញត្តិទី ៩៖ គាត់បានកុហកអំពីអំពើបាបរបស់គាត់។
បញ្ញត្តិទី ៨៖ គាត់បានលួចស្រ្តីនោះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
បញ្ញត្តិទី ៧៖ គាត់បានប្រព្រឹត្តអំពើផិតក្បត់។
បញ្ញត្តិទី ៦៖ គាត់បានសម្លាប់ប្ដីរបស់ស្រ្តីនោះ។
បញ្ញត្តិទី ៥៖ គាត់បានមើលងាយ ដោយមិនគោរពឪពុកម្ដាយរបស់គាត់។
បញ្ញត្តិទី ២៖ គាត់បានយកនាងបាតសេបា តាំងដូចជារូបសំណាក់ព្រះ។
បញ្ញត្តិ ១ និង ៣៖ គាត់បានបន្ទាបព្រះជាម្ចាស់និងព្រះនាមរបស់ព្រះអង្គ។
យ៉ាងហោចណាស់ ដាវីឌ មិនបានប្រព្រឹត្តខុសចំពោះថ្ងៃសប្ប័ទទេ—តាមតែអ្វីយើងដឹងកន្លងមក។
ហេតុអ្វីបានជាបុរសដែលត្រូវនឹងព្រះហឫទ័យនៃព្រះ ហ៊ានធ្វើយ៉ាងដូច្នេះ?
ហេតុអ្វីបានជាយើងប្រព្រឹត្តបាប? តើឱ្យយើងអាចយកឈ្នះលើបាបដោយរបៀបណា? តើយើងធ្វើអ្វី នៅពេលដែលយើងមិនព្រមចង់យកឈ្នះលើវានោះ?
នេះជាអ្វីដែលយើងនឹងពិភាក្សាគ្នា ក្នុងរយៈពេល ៤ ថ្ងៃជាបន្តបន្ទាប់ខាងមុខ។
អ្នកអាចរំពឹងទៅថា អ្នកនឹងរងនូវសេចក្ដីល្បួង
នៅពេលដែលព្រះយេស៊ូវបានយកឈ្នះលើការវាយប្រហាររបស់មារសាតាំង នោះខ្មាំងសត្រូវនៃព្រះ "បានថយចេញពីព្រះអង្គទៅ រហូតដល់ពេលមានឱកាស" (លូកា ៤៖១៣)។ ប្រសិនបើព្រះអម្ចាស់នៃយើង ទ្រង់បានរងនូវការល្បួង នោះយើងក៏នឹងត្រូវរងដូចគ្នាដែរ។
អារក្សវាពិតជាមានមែន ហើយវាស្អប់រូបអ្នក។ អ្នកគឺជាសត្រូវរបស់វា។ ព្រះយេស៊ូវបានព្រមានដល់យើងថា អារក្សវាគឺជា "ឃាតករតាំងពីដើមរៀងមក" ហើយវាក៏ជា "ជនកុហក និងជាបិតានៃសេចក្ដីកុហក" (យ៉ូហាន ៨៖៤៤)។ វាគឺជា "សត្វសិង្ហដែលតែងដើរក្រវែលរកអ្នកណាម្នាក់ ដែលវាអាចនឹងត្របាក់លេបបាន" (១ ពេត្រុស ៥៖៨)។ វាល្បួងល និងបោកបញ្ឆោតរាល់មនុស្សគ្រប់គ្នា។
នេះឯងដែលជាហេតុផល៖ «រួចកាលណាបំណងប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាអំពើបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់» (យ៉ាកុប ១៖១៥)។
ចូរកត់ត្រាវាទុក៖ អំពើបាបតែងតែនាំអ្នកឱ្យទៅមុខហួសពីអ្វីដែលអ្នកចង់ទៅ។ វាបន្តទុកអ្នកឱ្យនៅត្រង់ចំណុចណាមួយយូរជាងការដែលអ្នកចង់នៅ។ ហើយវាឱ្យអ្នកបង់ថ្លៃទៅលើអ្វី ដែលលើសពីអ្វីដែលអ្នកចង់ចំណាយ។
គឺតែងតែដូច្នោះ។
សួរតែ ស្ដេច ដាវីឌ ទៅ ដឹងហើយ។ ចូរអាន ២ សាំយូអែល ១២ ដែលថ្លែងអំពីផលវិបត្តិដ៏ហិនហោចទាំងនោះចុះ។
អំពីគម្រោងអាននេះ
តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែច្បាំងនឹងអំពើបាបនោះដដែលៗអញ្ចឹង?» សូម្បីតែ លោកសាវ័ក ប៉ុល ក៏បានថ្លែងយ៉ាងច្រើនក្នុងគម្ពីរ រ៉ូម ៧៖១៥ ដែរថា៖ «ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ»។ តើឱ្យយើងអាចបញ្ឈប់បាប ដើម្បីកុំឱ្យវាមកបញ្ឈប់ជីវិតខាងឯវិញ្ញាណរបស់យើង បានដោយរបៀបណា? តើវាអាចទៅរួចដែរឬទេ? តោះ ចូរយើងមកពិភាក្សាពីអំពើបាប ពីសេចក្ដីល្បួង ពីអារក្សសាតាំង និងពីក្ដីស្រឡាញ់នៃព្រះជាម្ចាស់ (អរគុណព្រះដែលយើងមិនជជែកតែពីរឿងអាប់អួ)។
More