តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?គំរូ
តើឱ្យខ្ញុំអាចយកឈ្នះលើសង្គ្រាមខាងវិញ្ញាណប្រឆាំងនឹងមារសាតាំងបានដោយរបៀបណា?
អារក្សសាតាំងមានប្រាកដមែន ប៉ុន្តែវាត្រូវបានបរាជ័យរួចស្រេចបាត់ទៅហើយ។
ព្រះយេស៊ូវបានយាងមកលើផែនដី ដើម្បីបំផ្លាញនូវកិច្ចការរបស់មារកំណាច (១ យ៉ូហាន ៣៖៨)។ នៅពេលដែលព្រះអម្ចាស់នៃយើង ទ្រង់បានសុគតនៅលើឈើឆ្កាង បាបក៏បានស្លាប់ទៅដែរ។ នៅពេលដែលព្រះអង្គមានព្រះជន្មពីសុគតឡើងវិញ នោះសេចក្ដីស្លាប់ក៏បានត្រូវបរាជ័យ។ នៅថ្ងៃមួយ អារក្សសាតាំងនឹងត្រូវបោះទម្លាក់ទៅក្នុងបឹងភ្លើង ដើម្បីទទួលរងនូវទុក្ខវេទនា ទាំងថ្ងៃទាំងយប់ អស់កល្បជានិច្ច (វិវរណៈ ២០៖១០)។ មារសាតាំងនឹងមិនគ្រងរាជ្យលើស្ថាននរកឡើយ—វានឹងត្រូវទទួលរងការផ្ដន្ទាទោសនៅទីនោះ អស់កល្បជានិច្ច។
អារក្សសាតាំងវាកំពុងជាប់ក្នុងសង្គ្រាមជាមួយនឹងព្រះវរបិតានៃយើង ហើយយើងក៏ស្ថិតនៅតាមជំរុំនៃសមរភូមិ ដែលជាកន្លែងវិបត្តិបញ្ហាកើតមានឡើងយ៉ាងសន្ធោសន្ធៅ។ អារក្សវាមិនអាចវាយបកលើព្រះជាម្ចាស់បាន ហេតុដូច្នេះហើយ វាវាយប្រហារកូនៗរបស់ព្រះវិញ។ វាដឹងថា របៀបដែលនាំឱ្យព្រះរងរបួស ឈឺចាប់ នោះគឺជាការវាយប្រហារទៅលើកូនៗរបស់ព្រះ។
នៅក្នុងសង្គ្រាមខាងវិញ្ញាណរបស់យើង ជាមួយនឹងសត្រូវនេះ តើយើងអាចយកឈ្នះវាបានដោយរបៀបណា?
ចំណុចទី ១ គឺយើងប្រឆាំងទាស់នឹងវា ដោយកម្លាំងរបស់ព្រះជាម្ចាស់។
«ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន» (យ៉ាកុប ៤៖៧)។ នៅគ្រាណាដែលអ្នកត្រូវរងការល្បួង ចូរថ្វាយនូវបញ្ហានោះទៅដល់ព្រះជាម្ចាស់ ហើយជ្រើសរើសប្រឆាំងទាស់នឹងវា៖ «កុំឲ្យអារក្សមានឱកាសឲ្យសោះ» (អេភេសូរ ៤៖២៧)។ វាងាយនឹងបដិសេធចំពោះអំពើបាបក្នុងពេលវាលេចចេញមកក្នុងគំនិតឬដួងចិត្តរបស់អ្នកនៅគ្រាដំបូង ជាជាងពេលក្រោយៗ។
ចំណុចទី ២ គឺចូរឱ្យអ្នកប្រកាសពីជ័យជម្នះក្នុងចេស្ដានៃព្រះ។
ព្រះបិតារបស់អ្នកសន្យាថាព្រះអង្គមិនអនុញ្ញាតឱ្យមានសេចក្ដីល្បួងណា ដោយមិនផ្ដល់ឱ្យអ្នកនូវកម្លាំង ដើម្បីយកឈ្នះលើវានោះឡើយ (១ កូរិនថូស ១០៖១៣)។ នៅគ្រាណាដែលសត្រូវលេចចេញមកក្នុងជីវិតរបស់អ្នក ចូរអ្នកឈរនៅលើសេចក្ដីសន្យានោះ។ ចូរអ្នកសន្មតថាអ្នកមានជ័យជម្នះ តាមសេចក្ដីសន្យារបស់ព្រះ។
ចំណុចទី ៣ គឺចូរបំពាក់គ្រឿងសឹកនៃព្រះវិញ្ញាណបរិសុទ្ធ។
អេភេសូរ ៦ ដាស់តឿនដល់យើងថា៖ «ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។ ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ» (ខទី ១០ ដល់ ១២)។
"គ្រឿងសឹក" ខាងវិញ្ញាណនេះ មានរួមទាំង សេចក្ដីពិតនៃព្រះ ក្ដីសុចរិត ដំណឹងល្អ ជំនឿ សេចក្ដីសង្គ្រោះ អត្ថបទគម្ពីរ និងសេចក្ដីអធិស្ឋាន (ខទី ១៤-១៨)។ ចូរឈរនៅលើសេចក្ដីទាំងនោះ។ ចូរអនុវត្តតាមសេចក្ដីទាំងនោះ។ ចូរទុកចិត្តលើសេចក្ដីទាំងនោះ ដូចអ្នកទុកចិត្តលើអំណាចចេស្តានៃព្រះ នៅក្នុងជីវិតរបស់អ្នក។ ហើយសេចក្ដីទាំងនោះនឹងបានក្លាយជាជ័យជម្នះរបស់អ្នក។
ដូច្នេះ ចូរអ្នករំពឹងចុះ ថាអ្នកនឹងទទួលរងការល្បួង ដោយមហាសត្រូវរបស់អ្នក។
សត្វសិង្ហវាអាចក្រហឹមបានតែពេលវាវាយប្រហារទេ។ ចូរឈរលើកម្លាំងនៃព្រះជាម្ចាស់ នៅក្នុងថ្ងៃនេះ។ នៅពេលណាដែលអ្នកបរាជ័យ ចូរចូលទៅដល់ព្រះជាម្ចាស់ ទាំងទូលសូមការអត់ឱនទោស ព្រះគុណ និងជ័យជម្នះ។
ហើយនៅពេលក្រោយដែលមារកំណាចវារំឭកអ្នកអំពីអតីតកាលរបស់អ្នក នោះចូរអ្នករំឭកវា ពីអនាគតរបស់វាវិញទៅ។
អំពីគម្រោងអាននេះ
តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែច្បាំងនឹងអំពើបាបនោះដដែលៗអញ្ចឹង?» សូម្បីតែ លោកសាវ័ក ប៉ុល ក៏បានថ្លែងយ៉ាងច្រើនក្នុងគម្ពីរ រ៉ូម ៧៖១៥ ដែរថា៖ «ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ»។ តើឱ្យយើងអាចបញ្ឈប់បាប ដើម្បីកុំឱ្យវាមកបញ្ឈប់ជីវិតខាងឯវិញ្ញាណរបស់យើង បានដោយរបៀបណា? តើវាអាចទៅរួចដែរឬទេ? តោះ ចូរយើងមកពិភាក្សាពីអំពើបាប ពីសេចក្ដីល្បួង ពីអារក្សសាតាំង និងពីក្ដីស្រឡាញ់នៃព្រះជាម្ចាស់ (អរគុណព្រះដែលយើងមិនជជែកតែពីរឿងអាប់អួ)។
More