ទំនុកដំកើង 103

103
ទំនុក​នៃ​ស្តេច​ដាវីឌ។
1ឱ​ព្រលឹង​អញ​អើយ
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញ
ចូរ​សរសើរ​ដល់​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ
2ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ
ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះ‌គុណ​ណា​មួយ​របស់​ទ្រង់​ឡើយ
3ដែល​ទ្រង់​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​ទុច្ចរិត​របស់​ឯង
ទ្រង់​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​ជា
4ក៏​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ
ហើយ​យក​សេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្តា‌ករុណា
បំពាក់​ជា​មកុដ​ឲ្យ​ឯង​វិញ
5ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​សំបក​កាយ​នៃ​ឯង
បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ
ប្រយោជន៍​ឲ្យ​វ័យ​ក្មេង​ឯង បាន​កែ​ឡើង​ជា​ថ្មី ដូច​ជា​ឥន្ទ្រី
6ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​កិច្ច‌ការ​ដ៏​សុចរិត
ហើយ​នឹង​សេចក្ដី​យុត្តិ‌ធម៌
ចំពោះ​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន
7ទ្រង់​បាន​សំដែង​ឲ្យ​ម៉ូសេ​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​ទ្រង់
ហើយ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ស្គាល់​អស់​ទាំង​កិច្ច‌ការ
របស់​ទ្រង់​ដែរ
8ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា
ហើយ​នឹង​សេចក្ដីអាណិត‌អាសូរ
ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ
9ទ្រង់​នឹង​មិន​បន្ទោស​ជា​ដរាប
ក៏​មិន​ប្រកាន់​ជា​រៀង​រាប​ត​ទៅ​ដែរ
10ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើង
តាម​អំពើ​បាប​របស់​យើង​ទេ
ក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ
11ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា
សេចក្ដី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ
ចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់
12ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា
ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង
ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ
13ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អាណិត​ដល់​អស់​អ្នក
ដែល​កោត‌ខ្លាច​ទ្រង់
ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ
14ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង
ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ
15ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅ
គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល
16ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅ
ហើយ​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត
17តែ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ស្ថិត‌ស្ថេរ​នៅ
តាំង​ពី​អស់‌កល្ប​ដរាប​ដល់​អស់​‌កល្ប​ជានិច្ច
ចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់
សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​នៅ​រហូត​ដល់​កូន​ចៅ​គេ​ត​ទៅ
18គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា​ទ្រង់
នឹង​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ទ្រង់
ដើម្បី​នឹង​ប្រព្រឹត្ត​តាម
19ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថាន‌សួគ៌
ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់‌គ្រង​លើ​ទាំង​អស់
20ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ទេវតា
របស់​ទ្រង់​អើយ ជា​អ្នក​ដែល​មាន​ឥទ្ធិ‌ឫទ្ធិ​ខ្លាំង
ហើយ​ក៏​ប្រតិ‌បត្តិ​តាម​បង្គាប់​ទ្រង់
ដោយ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​ទ្រង់
21ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ពល‌បរិវារ
របស់​ទ្រង់​អើយ
ជា​ពួក​អ្នក​បំរើ​ទ្រង់​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ
22អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​អើយ
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
នៅ​គ្រប់​ទី​កន្លែង​ដែល​ទ្រង់​មាន​អំណាច
ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 103: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល