ផ្ដាច់ខ្លួនឱ្យមានសេរីភាពចេញពីការប្រៀបធៀប - គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយអ្នកស្រី អេណា ឡែថ (Anna Light)គំរូ
តើការប្រៀបធៀបនោះជាអ្វី?
ការប្រៀបធៀបនោះគឺជាទម្រង់ ឬការបង្ហាញចេញពីទង្វើអសន្តិសុខ។ វាចេញមកពីភាពខ្វះចន្លោះ។ គឺខ្វះខាងអត្តសញ្ញាណ។ គឺខ្វះគោលបំណង។ គឺខ្វះនូវទំនុកចិត្តថាខ្លួនជានរណា និងជីវិតដែលខ្លួនទទួលបាន។
អសន្តិសុខកើតមកពីការជឿទៅលើសេចក្ដីកុហក ហើយមិនយល់ដឹង ឬក៏មិនជឿទៅលើអត្តសញ្ញាណពិតរបស់ខ្លួន។ ដូច្នេះ នៅពេលដែលយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ នោះជាក់ណាស់ គឺយើងកំពុងតែនិយាយថា៖ «ខ្ញុំមិនដឹង ឬជឿថាខ្លួនខ្ញុំជានរណានោះទេ ហើយខ្ញុំក៏មិនដឹង ឬជឿថាព្រះជានរណានោះដែរ»។
យើងប្រៀបធៀបដោយសារតែយើងកំពុងតែស្វែងរកអត្ថន័យនៃសុខសុវត្ថិភាព ដែលមាននៅខាងក្រៅរូបយើងផ្ទាល់។ មិនថាជាយើងដឹងឬក៏អត់នោះទេ គឺយើងតែងតែស្វែងរកទីណាដែលយើងអាចទម្លាក់ខ្លួនទៅក្នុងស្រទាប់វណ្ណៈមួយនៃជីវិត។ យើងចង់ដឹងថាខ្លួនយើងអាចធ្លាក់ទៅត្រង់ទីណាក្នុងជីវិត ដែលកន្លែងនោះជាទីយើងអាចឈរ និងអាចវាស់ផ្ទឹមទៅនឹងអ្នកដទៃ ដោយសារតែយើងពុំមានអារម្មណ៍សុខសន្តិភាព។ ហើយអារម្មណ៍នេះមានប្រភពចេញមកពីខាងក្នុងចិត្ត។
ពិតមែន មនុស្សយើងខ្លះប្រៀបធៀបដោយសារតែការខ្វះទំនុកចិត្ត។ មនុស្សដែលពិបាកក្នុងរឿងប្រៀបធៀប ប្រហែលជាមិនអាចយល់ថាខ្លួនមានពរប៉ុណ្ណា មានអំណោយទានប៉ុណ្ណា និងមានទេពកោសល្យប៉ុណ្ណាទេ ដោយសារតែគេផ្ដោតតែទៅលើអ្នកដទៃភាគច្រើន។ មានអ្នកដទៃជាច្រើនទៀត ដែលគេអាចចូលចិត្តប្រៀបធៀប ដោយសារតែធម្មជាតិនៃការប៉ិនប្រឡងប្រជែង និងភាពចង់បានល្អឥតខ្ចោះរបស់គេ។ មនុស្សដែលមានចរិតលក្ខណៈ ប្រភេទ A គឺជាមនុស្សបែបមានការជំរុញពីធម្មជាតិ។ ដូច្នេះជារឿយៗ គេប៉ិនខាងកិច្ចការងារជាច្រើន។ គេគឺជាអ្នកដឹកនាំដែលមនុស្សចូលចិត្តទៅរក។ គេគឺជាមេកើយចម្បង សម្រាប់ក្រុម ឬសហគមន៍របស់គេ។ ហេតុដូច្នេះហើយ ឧបនិស្ស័យ (ទង្វើលំអៀង) របស់គេ នោះគឺប្រាថ្នាធ្វើយ៉ាងម៉េចឱ្យតែបាននៅខ្ពស់ជាងអ្នកដទៃ។ ភាពស្ថិតនៅទីដ៏ល្អប្រសើរបំផុតនេះ ផ្ដល់ឱ្យគេមានអារម្មណ៍សន្តិសុខ ប៉ុន្តែសន្តិសុខនេះ ពុំស្ថិតស្ថេរជាដរាបឡើយ។ មិនថាជាយើងប្រៀបធៀបដោយហេតុផលបែបណានោះទេ យើងត្រូវតែទទួលស្គាល់ថាការប្រៀបធៀបពុំដែលដឹកនាំយើងឱ្យទៅកាន់ភាពចេះបន្ទាបខ្លួនពិតប្រាកដឡើយ -- ទាំងការបន្ទាបខ្លួននោះ នាំឱ្យព្រះសព្វព្រះទ័យ។
ការប្រៀបធៀបគឺជាចោរ។ អ្នកប្រហែលជាធ្លាប់ឮ៖ "ការប្រៀបធៀបសម្លាប់រាល់ដួងចិត្តស្កប់ស្កល់"។ "ការប្រៀបធៀបគឺជាចោរលួចអំណរ"។ "ការប្រៀបធៀបសម្លាប់ឥទ្ធិពលប៉ះពាល់របស់អ្នក"។
ការប្រៀបធៀប លួច សម្លាប់ និងបំផ្លាញ ដួងចិត្តនិងគំនិតរបស់យើង។ ដោយសារតែអញ្ចឹង យើងមើលឃើញថាការប្រៀបធៀប នោះគឺជាឧបករណ៍របស់មារសត្រូវ។ សត្រូវរបស់អ្នក វាស្អប់រូបអ្នក ហើយវានឹងមិនឈប់ឡើយ ដរាបណាវាពន្លត់រាល់ពន្លឺជីវិតដែលព្រះបានដាក់នៅក្នុងអ្នក ដែលនោះគឺជាជីវិតពេញបរិបូរដែលព្រះបានសន្យាប្រទានដល់អ្នក។ នៅពេលណាដែលយើងចុះចូលចំពោះការប្រៀបធៀប នោះយើងឱ្យទីដល់មារសត្រូវសម្រាប់ឱ្យវាអាចឈរនៅក្នុងជីវិតរបស់យើង ហើយយើងបែរជាមិនអាចទទួលបាននូវបទពិសោធន៍ដែលព្រះមានសម្រាប់រូបយើងវិញ។
យើងប្រហែលជាមិនមានចេតនាប្រៀបធៀបខ្លួននោះទេ ប៉ុន្តែសេចក្ដីល្បួងនិងគ្រោះថ្នាក់នៃការប្រៀបធៀបតែងតែនៅពីមុខយើង ដោយសារតែការប្រៀបធៀបនោះគឺជាអំពើបាបមួយ។ ប៉ុន្តែប្រៀបដូចជាអំពើបាបទាំងឡាយ យើងត្រូវតែប្ដេជ្ញាចិត្តខ្លួនឯងក្នុងរបៀបរស់នៅ ដែលរត់ចាកចេញឆ្ងាយពីបាប ហើយនៅឱ្យឆ្ងាយពីការប្រៀបធៀប។
តើអ្នកធ្វើការប្រៀបធៀបដោយសារតែខ្វះទំនុកចិត្ត ឬចេញពីអារម្មណ៍ក្លែងក្លាយក្នុងអារម្មណ៍សន្តិសុខ ដែលគិតថាខ្លួនល្អបំផុតជាងគេ?
ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមសារភាពថាវាជាឧបនិស្ស័យមួយរបស់ទូលបង្គំ ដែលចូលចិត្តធ្វើការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ។ មានពេលខ្លះទូលបង្គំបានប្រព្រឹត្តទាំងពុំដឹងខ្លួនទៀតផង។ ទូលបង្គំចង់ស្គាល់ថាព្រះអង្គជានរណា ហើយក៏ចង់ស្គាល់ថាទូលបង្គំជានរណា ដោយយល់ពីព្រះអង្គជាអម្ចាស់នៃជីវិត។ ទូលបង្គំប៉ងប្រាថ្នា ចង់បានទំនុកចិត្តពីខាងក្នុង ដែលបានមកពីទំនាក់ទំនងរបស់ទូលបង្គំជាមួយនឹងព្រះអង្គ។ សូមឆែកមើលចិត្តរបស់ទូលបង្គំ ហើយបង្ហាញដល់ទូលបង្គំពីឫសគល់ដែលជាហេតុធ្វើឱ្យទូលបង្គំមានវិបត្តិជាមួយនឹងទង្វើប្រៀបធៀប ហើយសូមដោះលែងឱ្យទូលបង្គំមានសេរីភាព នៅក្នុងព្រះនាមព្រះយេស៊ូវ!
អំពីគម្រោងអាននេះ
តើអ្នកដឹងទេថាព្រះជាម្ចាស់ចង់ផ្ដល់ដល់អ្នកនូវជីវិតដ៏ពេញបរិបូរជាជាងជីវិតដែលអ្នកកំពុងតែរស់នៅសព្វថ្ងៃនេះ? ប៉ុន្តែមានរឿងដ៏សោកសៅកើតឡើង ដោយហេតុថាមានទង្វើប្រៀបធៀប ដែលរារាំងអ្នកមិនឱ្យអ្នកទៅកាន់ជីវិតនៅក្នុងកម្រិតមួយបន្ទាប់។ នៅក្នុងគម្រោងអាននេះ អ្នកស្រី អេណា ឡែថ (Anna Light) លាតត្រដាងពីគំហើញគំនិត ដែលនឹងធ្វើឱ្យគម្របនៃការប្រៀបធៀបបែកខ្ចាយ ព្រោះវាធ្លាប់បានគ្របនៅពីលើសមត្ថភាពរបស់អ្នក ហើយនឹងជួយអ្នកឱ្យរស់នៅដោយមានសេរីភាព និងមានជីវិតពេញបរិបូរ ដូចព្រះបានតាក់តែងឱ្យសម្រាប់អ្នកវិញ។
More