ផ្ដាច់ខ្លួនឱ្យមានសេរីភាពចេញពីការប្រៀបធៀប - គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយអ្នកស្រី អេណា ឡែថ (Anna Light)គំរូ

Break Free From Comparison a 7 Day Devotional by Anna Light

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

នៅគ្រាផ្ដើមនៃគម្រោងអាន នោះយើងបានយល់ដឹងថាការប្រៀបធៀប គឺមានប្រភពមកពីភាពខ្វះចន្លោះ។ វាជាកង្វះនៃការយល់ដឹងថាព្រះជានរណា និងមិនដឹងថាយើងជានរណា បន្ទាប់ពីយើងបានយល់ពីព្រះ។ 

ខ្ញុំជឿជាក់ថាការអសមត្ថភាពរបស់យើង ដោយមិនអាចនៅស្ថិតជាប់នឹងព្រះអង្គជាប្រចាំថ្ងៃ នោះគឺដោយសារតែយើងពុំបានយល់ដឹងឱ្យបានពេញលេញពីធម្មជាតិពិតរបស់ព្រះ។ ព្រះជាម្ចាស់មិនមែនជាព្រះដែលចង់សម្លាប់អំណរ ដោយកំហឹង តែងតែសម្លឹងមើលយើងពីស្ថានសួគ៌ ទាំងរង់ចាំចាប់កំហុសនៅពេលដែលយើងប្រព្រឹត្តទាស់នឹងព្រះអង្គនោះឡើយ។ ព្រះអង្គមិនមែនចាំតែរករឿងយើងនោះទេ។ ព្រះអង្គមិនចាំតែវិនិច្ឆ័យទោសយើង ចោទប្រកាន់យើង ឬទម្លាក់រាល់អារម្មណ៍អាក្រក់ឆ្ពោះមកយើងដែរ។ ព្រះអង្គជាព្រះពេញដោយក្ដីស្រឡាញ់។ ព្រះអង្គចង់មានទំនាក់ទំនងជិតស្និទ្ធផ្ទាល់មួយនឹងយើង គឺប្រៀបដូចជាចង្វាក់នៅក្នុងបេះដូងរបស់យើងអញ្ចឹង។

ព្រះអង្គក៏ជាព្រះពេញបរិបូរយ៉ាងអស់កល្បជានិច្ច។ ព្រះអង្គមិនមានការខ្វះខាតអ្វីសោះឡើយ។ កិច្ចការដែលព្រះយេស៊ូវបានធ្វើនៅលើឈើឆ្កាង បានអនុញ្ញាតឱ្យយើងមានព្រះវិញ្ញាណនៃព្រះ ដើម្បីគង់នៅក្នុងរូបយើងរាល់គ្នា។ ហេតុដូច្នេះហើយ ពួកយើងពុំខ្វះអ្វីសោះដែរ។

នៅពេលយើងនិយាយពីការប្រៀបធៀប នោះយើងត្រូវតែនឹកចាំយ៉ាងដូច្នេះថា៖ យើងម្នាក់ៗសុទ្ធសឹងតែជាសេចក្ដីបញ្ចេញនិងបង្ហាញអំពីធម្មជាតិនៃព្រះ—ជាចរិតលក្ខណៈនៃរូបអង្គរបស់ព្រះ ដែលព្រះសព្វព្រះទ័យចង់ឱ្យពិភពលោកបានដឹង។ 

តើអ្នកដឹងថាអ្នកមានចរិតលក្ខណៈណា ដែលព្រះអម្ចាស់សព្វព្រះទ័យចង់បើកសម្ដែង តាមរយៈអ្នក ដែរឬទេ? 

តើអ្នកជា៖

មនុស្សមានសណ្ដាប់ធ្នាប់ មានក្ដីមេត្តាករុណា ចេះមានទំនួលខុសត្រូវ មានភាពច្នៃប្រឌិត ជាមនុស្សមានសេរីភាពដោយព្រោះព្រះវិញ្ញាណ ចេះមានវិន័យ កំប្លែង ឆ្លាត មាំទាំ ស្ងប់ស្ងាត់ ជាអ្នកប៉ិនស្ដាប់ ចេះបណ្ដុះអប់រំ ចូលចិត្តប្រឡងប្រជែង មិនសូវខ្វល់ ក្លៀវក្លា… ដូចព្រះបានដាក់នៅក្នុងរូបអ្នក ដើម្បីបានជាចរិតលក្ខណៈមួយរបស់ព្រះអង្គផ្ទាល់ដែរទេ។ ព្រះជាម្ចាស់ប៉ិនប្រសព្វណាស់! ព្រះអង្គតម្រូវឱ្យមនុស្សជាតិទាំងមូល បង្ហាញថារូបអង្គទ្រង់ជានរណា តាមរយៈរូបយើង!

ការដឹងថាខ្លួនអ្នកជានរណា និងការជ្រាបយល់ពីលក្ខណៈដ៏ពិសេស ដែលព្រះបានប្រទានដល់អ្នក នឹងជួយឱ្យអ្នកមានទំនុកចិត្ត ដើម្បីឱ្យអ្នកធ្វើអ្វីដែលត្រឹមត្រូវ នៅពេលដែលអ្នកជួបការល្បួងចង់ទៅប្រៀបធៀបនោះ។ ចូរសួរខ្លួនឯង៖ «តើម្នាក់នេះកំពុងតែបង្ហាញដល់ខ្ញុំអំពីព្រះដែរឬទេ?» 

តាមអ្វីដែលគេចែករំលែកនៅលើបណ្ដាញសង្គម ចូរសួរ៖ «តើមានចរិតលក្ខណៈណា ដែលខ្ញុំអាចមើលឃើញនៅក្នុងរូបម្នាក់នោះ?» 

នៅក្នុងការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយអ្នកដទៃ ចូរសួរ៖ «តើព្រះកំពុងតែបង្ហាញដល់ខ្ញុំពីអ្វី តាមរយៈការប្រាស្រ័យទាក់ទងនេះ?» 

នៅពេលអ្នកទទួលអារម្មណ៍ថាអន់ ឬខ្សោយ ដោយព្រោះតែទេពកោសល្យ ឬភាពជោគជ័យរបស់អ្នកដទៃ ចូរសួរ៖ «តើឱ្យខ្ញុំអាចអបអរនូវអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើនៅក្នុងជីវិតរបស់ម្នាក់នោះ ដោយរបៀបណា?» 

នៅពេលអ្នកបានរីកលូតលាស់ទៅក្នុងអត្តសញ្ញាណផ្ទាល់របស់អ្នក ហើយទទួលបានទំនុកចិត្តថារូបអ្នកជានរណា ដូចព្រះបានបង្កើតអ្នកមក  នោះអ្នកនឹងមិនគ្រាន់តែអាចគិតអ្វីវិជ្ជមានប៉ុណ្ណោះនោះទេ ប៉ុន្តែអ្នកក៏អាចថ្លែងវាចេញមកឮៗផងដែរ។ អ្នកនឹងអាចថ្លែងការសរសើរចេញពីចិត្តស្មោះ ដើម្បីកសាងអ្នកដទៃឡើង ជាជាងប្រហារគេ ឬរូបខ្លួនអ្នក ឱ្យឈឺចាប់តាមរយៈទង្វើប្រៀបធៀប។ អ្នកនឹងបានក្លាយទៅជាម្នាក់ ដែលផ្ដល់នូវភាពស្រស់បំព្រងនៃជីវិតទៅដល់អ្នកដទៃ! 

ក្នុងខណៈពេលដែលអ្នកមើលឃើញថាខ្លួន គឺជាចរិតលក្ខណៈដ៏មានតម្លៃនៃធម្មជាតិរបស់ព្រះ  នោះអ្នកនឹងចាប់ផ្ដើមមើលឃើញពីអ្នកដទៃនៅក្នុងរបៀបដូចគ្នានេះដែរ។ ហើយនៅចុងបញ្ចប់ អ្នកនឹងអាចយកឈ្នះទៅលើអន្ទាក់នៃការប្រៀបធៀបជាក់ជាមិនខាន។ 

ឱ ព្រះអម្ចាស់អើយ សូមជួយឱ្យទូលបង្គំមើលឃើញពីខ្លួនឯង នៅក្នុងរបៀបដែលព្រះអង្គសម្លឹងមើលឃើញចំពោះទូលបង្គំ។ សូមបើកភ្នែកទូលបង្គំ ឱ្យមើលឃើញព្រះអង្គ នៅក្នុងគ្រប់មនុស្សដែលទូលបង្គំមានប្រាស្រ័យទាក់ទងជាមួយ ដើម្បីឱ្យទូលបង្គំអាចនាំសិរីរុងរឿងថ្វាយដល់ទ្រង់ តាមរយៈទំនាក់ទំនងទាំងនោះ។ ទូលបង្គំសូមអធិស្ឋាន សូមព្រះអង្គបង្ហាញពីតម្លៃរបស់ទូលបង្គំ ហើយនិងចរិតលក្ខណៈដ៏ពិសេសនៃធម្មជាតិរបស់ទ្រង់ ដែលព្រះអង្គបានដាក់នៅក្នុងទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចមានសេរីភាពក្នុងការអបអរចំពោះចរិតលក្ខណៈដ៏ពិសេស ដែលព្រះអង្គបានដាក់នៅក្នុងអ្នកដទៃផងដែរ។ ទូលបង្គំលែងទៅប្រៀបធៀបខ្លួនទៀតហើយ។ ទូលបង្គំសូមនិយាយម្ដងទៀត ថាទូលបង្គំលែងយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃទៀតហើយ ប៉ុន្តែជួសវិញ ទូលបង្គំនឹងចូលរួមអបអរចំពោះរូបកាយរបស់ព្រះគ្រីស្ទ ដើម្បីឱ្យទង្វើនេះបានជួយកសាងនិងចម្រើនអ្នកដទៃឱ្យបានខ្ពង់ខ្ពស់វិញ។ ទូលបង្គំទូលសូមក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន!

ខ្ញុំសង្ឃឹមថាអ្នកចូលចិត្តគម្រោងអាននេះ។ សម្រាប់ធនធានបន្ថែម ដើម្បីជួយឱ្យអ្នកមានសេរីភាពចេញពីអ្វីៗដែលកំពុងរារាំងអ្នក សូមចូលទៅកាន់គេហទំព័ររបស់ អេណា

មកភ្ជាប់ជាមួយ អេណា នៅលើ អ៊ីនស្តាក្រាម៖ @annalight09

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Break Free From Comparison a 7 Day Devotional by Anna Light

តើអ្នកដឹងទេថាព្រះជាម្ចាស់ចង់ផ្ដល់ដល់អ្នកនូវជីវិតដ៏ពេញបរិបូរជាជាងជីវិតដែលអ្នកកំពុងតែរស់នៅសព្វថ្ងៃនេះ? ប៉ុន្តែមានរឿងដ៏សោកសៅកើតឡើង ដោយហេតុថាមានទង្វើប្រៀបធៀប ដែលរារាំងអ្នកមិនឱ្យអ្នកទៅកាន់ជីវិតនៅក្នុងកម្រិតមួយបន្ទាប់។ នៅក្នុងគម្រោងអាននេះ អ្នកស្រី អេណា ឡែថ (Anna Light) លាតត្រដាងពីគំហើញគំនិត ដែលនឹងធ្វើឱ្យគម្របនៃការប្រៀបធៀបបែកខ្ចាយ ព្រោះវាធ្លាប់បានគ្របនៅពីលើសមត្ថភាពរបស់អ្នក ហើយនឹងជួយអ្នកឱ្យរស់នៅដោយមានសេរីភាព និងមានជីវិតពេញបរិបូរ ដូចព្រះបានតាក់តែងឱ្យសម្រាប់អ្នកវិញ។ 

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អ្នកស្រី អេណា ឡែថ (Anna Light) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.livelaughlight.com