ផ្ដាច់ខ្លួនឱ្យមានសេរីភាពចេញពីការប្រៀបធៀប - គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយអ្នកស្រី អេណា ឡែថ (Anna Light)គំរូ
ជារឿយៗយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយសន្និដ្ឋានថាខ្លួនល្អប្រសើរជាងគេ ដោយគិតថាខ្លួន បានដើរទៅមុខមុនគេ ស្រស់ស្អាតជាងគេ ស្គមជាងគេ រកលុយបានច្រើនជាងគេ មានអ្នកតាមដានខ្លួនច្រើនជាងគេ មានប្រជាប្រិយភាពជាងគេ។ បន្ទាប់មក យើងចាប់ផ្ដើមមានអារម្មណ៍ថាល្អលើសគេ គ្រាន់បើជាងគេ។
បញ្ហានៃភាពចង់បានខ្ពង់ខ្ពស់ជាងគេនេះ នោះមានឫសគល់ចេញមកពីអំនួត ហើយយើងក៏អាចដឹងថាព្រះគម្ពីរមានបន្ទូលយ៉ាងណាអំពីផលនៃអំនួត។ នោះគឺជាការទម្លាក់ចុះ ឬការធ្លាក់ក្ដុក។
បញ្ហានៃការប្រៀបធៀប ដែលធ្វើឱ្យខ្លួនមានអារម្មណ៍ថាបានខ្ពស់ជាងគេ នោះតែងតែមិនបញ្ចប់ត្រឹមហ្នឹងឡើយ ដោយសារតែមាននរណាម្នាក់ផ្សេងទៀត ដែលគេដើរទៅមុខមុន ជាមនុស្សយើងចាត់ទុកថាស្អាតជាង រាងឡូយជាង មានផ្ទះធំជាង មានលុយច្រើនជាង មានអ្នកដើរតាមច្រើនជាង និងមានប្រជាប្រិយភាពជាងខ្លួនយើង។ នេះហើយដែលជាហេតុ ដែលថាលទ្ធផលនៃការប្រៀបធៀប នោះគឺវាប្រៀបស្មើទៅនឹងការបំផ្លាញទៅដល់ដួងចិត្តរបស់យើងអញ្ចឹង។
នៅពេលយើងប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ហើយមើលមកខ្លួនថាខ្វះចន្លោះ នោះយើងមានអារម្មណ៍ថាខ្លួនអន់។ ភាពអន់ក្រោមគេនេះ វាមានឫសគល់នៅក្នុងអសន្តិសុខ។ វាមានស្ថានភាពលើសពីចំណុចបន្ទាបខ្លួន រហូតធ្លាក់ទៅក្នុងការគិតបែបអវិជ្ជមាន មានគំនិតអាក្រក់ និងឥរិយាបថមិនគប្បី។ នៅពេលខ្លួនយើងស្ថិតក្នុងភាពអាប់អន់ នោះវាដឹកនាំយើងទៅក្នុងភាពធ្លាក់បាក់ទឹកចិត្ត ការថប់បារម្ភ និងក្ដីភ័យខ្លាច។ ចរិតលក្ខណៈយើងនោះវាស្មើទៅនឹងការជាប់អន្ទាក់ ដោយសារតែយើងស្ថិតនៅក្នុងគុកនៃសេចក្ដីកុហកជាច្រើន។
ចូរចងចាំថា ការបន្ទាបខ្លួនពិតប្រាកដ គឺជាអ្វីដែលយើងត្រូវរត់ដេញតាម ដោយសារតែការបន្ទាបខ្លួនពិត នោះនាំឱ្យព្រះសព្វព្រះទ័យ ហើយថ្វាយសិរីរុងរឿងដល់ព្រះ។ ចូរនឹកស្រមៃមើលថាវាដូចជាលំនឹងស្ថិតនៅលើជញ្ជីងអញ្ចឹងដែរ។ ការបន្ទាបខ្លួនពិតប្រាកដរក្សាយើងឱ្យស្ថិតនៅក្នុងភាពនឹងធឹង ដោយមិនផ្អៀងឆ្ងាយទៅខាងណាមួយពេកទេ។
ដើម្បីឱ្យមានការបន្ទាបខ្លួនពិត នោះយើងត្រូវតែប្រើប្រាស់ស្តង់ដារនៃព្រះ ដើម្បីយកមកវាស់វែងខ្លួនយើង—ហើយយើងសុទ្ធតែដឹងថាយើងមានរង្វាស់យ៉ាងណាចំពោះព្រះជាម្ចាស់។
ក្នុងគម្ពីរ រ៉ូម ៣៖២៣ ប្រាប់យើងថា៖ «គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះ»។
យើងពុំអាចទៅប្រៀបផ្ទឹមបានទេ! ត្រង់នេះហើយដែលការបន្ទាបខ្លួន— ដែលជាការបន្ទាបខ្លួនពិត—ត្រូវតម្រូវពីយើង ដោយសារតែយើងមិនអាចទៅដល់កម្រិត ខ្វះមិនដល់ ហើយយើងមិនអាចធ្វើវាបានដោយខ្លួនឯងឡើយ។
ចូរនឹកស្រមៃពីជីវិតរបស់អ្នក ដោយប្រៀបទៅនឹងព្រួញមួយ។ អ្នកបាញ់ដោយទាញខ្សែធ្នូ ហើយលែងវា ទាំងតម្រង់ព្រួញទៅវង់មូលនៃទីដៅកំណត់។ វង់កំណត់នោះ គឺជាស្ដង់ដារនៃព្រះ ដែលមានសម្រាប់ជីវិតរបស់យើង។ ព្រួញហោះកាត់ខ្យល់ ប៉ុន្តែភ្លាមនោះ ក៏ធ្លាក់ចុះ ទាំងមិនទៅដល់វង់កំណត់ផង។ ជាហេតុវាពុំបានទៅប៉ះផ្ទាំងហ្ស៊ីបទៀត។ រូបភាពនេះឯងដែលព្រះគម្ពីរមានបន្ទូល នៅពេលដែលថា យើងខ្វះមិនដល់សិរីល្អនៃព្រះ។
ប៉ុន្តែ ដំណឹងល្អ នោះគឺថា ព្រះជាម្ចាស់ នៅក្នុងព្រះគុណពេញដោយក្ដីស្រឡាញ់របស់ទ្រង់ នោះព្រះអង្គបានប្រទានអង្គព្រះយេស៊ូវ ដែលជាអង្គបានរើសព្រួញរបស់យើងមក ហើយព្រះអង្គជួយឱ្យយើងអាចបន្តនៅលើផ្លូវទៅដល់ទីគោលដៅ។ តាមរយៈអង្គព្រះយេស៊ូវ នោះយើងអាចបន្តធ្វើដំណើរបាន ប៉ុន្តែ យើងពិតជាត្រូវការព្រះអង្គ! យើងរាល់គ្នាត្រូវការព្រះអង្គ។ គ្មាននរណាល្អប្រសើរជាង។ គ្មាននរណាអាក្រក់ជាង។ នៅពេលរាប់ពីភាពសក្តិសមរបស់យើង នោះព្រះអង្គទតឃើញយើងរាល់គ្នា ថាដូចៗគ្នា។ នៅក្នុងព្រះអង្គ យើងស្វែងរកឃើញនូវអត្តសញ្ញាណពិត ហើយនៅពេលដែលយើងដឹងថាខ្លួនយើងជានរណា នោះយើងស្វែងរកឃើញផ្លូវនិងគោលបំណងរបស់យើង ដែលជាជីវិតព្រះអង្គប្រទានឱ្យយើងយកមកឱបក្រសោប។
ការបន្ទាបខ្លួនដ៏ពិតនិងស្ថិតស្ថេរបានមកពីការរក្សាភ្នែករបស់យើងទៅលើវង់កំណត់ (ទីគោលដៅ) មិនមែនស្ថិតនៅលើព្រួញ នោះឡើយ។
ឱ ព្រះអម្ចាស់អើយ សូមជួយដល់ទូលបង្គំឱ្យរក្សាភ្នែករបស់ទូលបង្គំទៅលើព្រះអង្គ មិនមែនទៅលើនរណាម្នាក់ផ្សេង ក្នុងរឿងដែលគេធ្វើ ឬអ្វីដែលគេនិយាយឡើយ។ ភាពសក្ដិសម អត្តសញ្ញាណ និងទិសដៅរបស់ទូលបង្គំ នោះបានមកពីព្រះអង្គ មិនមែនបានមកពីអ្នកណាផ្សេងឡើយ។ ទូលបង្គំប្រាថ្នាចង់បានការបន្ទាបខ្លួនពិតប្រាកដ និងមានដួងចិត្តមួយ ដែលព្រះអង្គសព្វព្រះទ័យ ហើយចេះថ្វាយកិត្តិស័ព្ទដល់ព្រះអង្គ។ សូមបង្ហាញដល់ទូលបង្គំនូវផ្នែកទាំងឡាយណានៃជីវិតរបស់ទូលបង្គំ ដែលកំពុងផ្អៀងខ្លាំងទៅរកអំនួត ឬភាពអសន្តិសុខ ហើយសូមនាំទូលបង្គំឱ្យមកតម្រឹមជាមួយព្រះអង្គវិញ។
អំពីគម្រោងអាននេះ
តើអ្នកដឹងទេថាព្រះជាម្ចាស់ចង់ផ្ដល់ដល់អ្នកនូវជីវិតដ៏ពេញបរិបូរជាជាងជីវិតដែលអ្នកកំពុងតែរស់នៅសព្វថ្ងៃនេះ? ប៉ុន្តែមានរឿងដ៏សោកសៅកើតឡើង ដោយហេតុថាមានទង្វើប្រៀបធៀប ដែលរារាំងអ្នកមិនឱ្យអ្នកទៅកាន់ជីវិតនៅក្នុងកម្រិតមួយបន្ទាប់។ នៅក្នុងគម្រោងអាននេះ អ្នកស្រី អេណា ឡែថ (Anna Light) លាតត្រដាងពីគំហើញគំនិត ដែលនឹងធ្វើឱ្យគម្របនៃការប្រៀបធៀបបែកខ្ចាយ ព្រោះវាធ្លាប់បានគ្របនៅពីលើសមត្ថភាពរបស់អ្នក ហើយនឹងជួយអ្នកឱ្យរស់នៅដោយមានសេរីភាព និងមានជីវិតពេញបរិបូរ ដូចព្រះបានតាក់តែងឱ្យសម្រាប់អ្នកវិញ។
More