ផ្ដាច់ខ្លួនឱ្យមានសេរីភាពចេញពីការប្រៀបធៀប - គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយអ្នកស្រី អេណា ឡែថ (Anna Light)គំរូ

Break Free From Comparison a 7 Day Devotional by Anna Light

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

នៅពេលយើងប្រៀបធៀបហើយមានអារម្មណ៍ថាខ្វះចន្លោះ នោះយើងត្រូវតែហ៊ានចោទសួរ៖ តើអ្វីដែលខ្ញុំប្រាថ្នាចង់បាន នោះគឺជាអ្វីដែលខ្ញុំអាចទទួលបាន ប្រសិនបើខ្ញុំប្រឹងប្រែងធ្វើវាដែរឬទេ? តើអ្វីដែលអ្នកកំពុងតែមានចិត្តច្រណែនចង់បាន នោះជាអ្វីដែលព្រះសព្វព្រះទ័យចង់ធ្វើនៅក្នុងជីវិតរបស់អ្នក មែនដែរឬយ៉ាងណា? ប្រហែលជាយើងមិនគួរលុបបំបាត់ ឬមិនអាចនិយាយថា យើងមិនគិតពីការប្រៀបធៀបនិងចិត្តច្រណែន ទាល់តែសោះ ដែរមើលទៅ។ ប្រហែលជាយើងអាចនាំរាល់ចិត្តអស់ទាំងនោះ មកថ្វាយដល់ព្រះ ក្នុងដួងចិត្តបន្ទាបខ្លួន ហើយទូលសូមការដឹកនាំពីព្រះអង្គ។ 

អ្នកប្រហែលជាមិនអាចផ្លាស់ប្ដូរប្រភេទរូបកាយរបស់អ្នកបានទេ ប៉ុន្តែ ប្រហែលជាអ្នកអាចសម្រកទម្ងន់ ដែលនាំឱ្យអ្នកមិនសប្បាយចិត្តនោះវិញ? តើអ្នកអាចលាបថ្នាំពណ៌ទៅលើទូរជាប់ជញ្ជាំងទាំងឡាយរបស់អ្នក ដើម្បីឱ្យអ្វីៗក្នុងផ្ទះ មើលទៅស្រស់ស្រាយជាងមុន បានដែរឬទេ? តើអ្នកអាចទៅផ្សាភ្ជាប់ទំនាក់ទំនងដែលភ្លេចភ្លាំងពីគ្នាសាជាថ្មីបានដែរឬទេ? តើអ្នកអាចទៅទទួលទីប្រឹក្សាយោបល់សម្រាប់ចំណងអាពាហ៍ពិពាហ៍របស់អ្នកបានដែរឬទេ? តើអ្នកអាចប្រឹងប្រែងលត់ដំខ្លួន ក្នុងខណៈពេលអ្នកនៅលីវ បានដែរឬយ៉ាងណា? តើអ្នកគួររៀនពីប្រព័ន្ធចាត់ចែងថវិកា ដើម្បីឱ្យអ្នកអាចនៅសល់ប្រាក់កាសខ្លះ សម្រាប់ចាយវាយបន្ថែមដែរឬយ៉ាងម៉េច? 

តើព្រះជាម្ចាស់អាចប្រើប្រាស់ការប្រៀបធៀប និងចិត្តច្រណែន ដើម្បីចង្អុលបង្ហាញឱ្យអ្នកឃើញពីទិសដៅ ដែលព្រះអង្គសព្វព្រះទ័យចង់ឱ្យអ្នកទៅ ដែរឬយ៉ាងណា?

រឿងអស់ទាំងនេះ សុទ្ធតែបានកើតមានឡើងចំពោះរូបខ្ញុំ។ 

មានក្មេងស្រីម្នាក់ ដែលបានធំលូតលាស់ដឹងក្ដី រួមជាមួយនឹងខ្ញុំ។ ខ្ញុំតែងសម្លឹងមើលទៅនាង ទាំងគិតថានាងមានអ្វីៗសព្វគ្រប់។ នាងស្រស់ស្អាត។ ជីវិតនាងពិតជាន័យ។ ហើយនាងមានប្រជាប្រិយជាមួយនឹងមនុស្សគ្រប់រូបថែមទៀត។ រួចខ្ញុំបានសម្លឹងមើលមកកាន់ខ្លួនឯង ដោយប្រៀបធៀបថាខ្ញុំមិនល្មមនឹងគាត់រហូត ហើយខ្ញុំធ្លាប់គិតថាប្រសិនបើខ្ញុំមានលក្ខណៈដូចជារូបនាង នោះខ្ញុំប្រហែលជាមិនសូវស្អប់ខ្លួនឯងពេកនោះទេ។ 

តាមរយៈចិត្តមមៃចង់បានហួសហេតុដូចអ្វីនាងនោះមាន នោះខ្ញុំបានសម្លឹងមើលឃើញពីអ្វីមួយដែលនាងតែងតែមាន ហើយស្ថិតស្ថេរ។

នោះគឺជាអង្គព្រះយេស៊ូវ។ 

អ្វីដែលជាភស្ដុតាងជាក់ និងជាប្រភពនៃកម្លាំង ក្ដីសង្ឃឹម និងទំនុកចិត្តរបស់នាង នោះនាងបានវាមកពីអ្វីដែលធំជាងខ្លួននាងទៅទៀត ហើយដំណឹងល្អនោះគឺថា ខ្ញុំអាចទទួលបានពីប្រភពនោះផងដែរ ប្រសិនបើខ្ញុំហ៊ានប្រឹងប្រែងធ្វើវា។ ដូច្នេះហើយ ខ្ញុំក៏បានបំពេញយ៉ាងដូច្នោះ។

ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំបានទទួលទូរស័ព្ទពីមិត្តស្រីម្នាក់នោះ ដោយគាត់បានសារភាពថា គាត់ធ្លាប់ច្រណែនចំពោះរូបខ្ញុំដែរ។ នាងបានប្រាប់ខ្ញុំថា៖ «ខ្ញុំសម្លឹងមើលមកខ្លួនឯង ទាំងគិតថា ប្រសិនបើខ្ញុំមានលក្ខណៈដូចជា អេណា នោះខ្ញុំនឹងស្រឡាញ់រូបខ្លួនឯង»។ 

ខ្ញុំអាចប្រាប់ទៅគាត់ដូចគ្នា នូវអ្វីដែលព្រះជាម្ចាស់បានបើកសម្ដែងមកកាន់រូបខ្ញុំ៖ «តាមពិតទៅ ឯងមិនចង់ដូចជារូបខ្ញុំនោះទេ។ ឯងគ្រាន់តែចង់ទទួលបានសេរីភាពដែលឯងមើលឃើញប៉ុណ្ណោះ។ ហើយដំណឹងល្អ នោះគឺថា ឯងអាចទទួលវាបាន ប្រសិនបើឯងហ៊ានប្រឹងធ្វើវា»។ 

សេចក្ដីពិតនោះគឺថា ប្រសិនបើយើងធ្វើការប្រៀបធៀបលឿនពេក ដោយផ្អែកទៅលើអ្វីដែលយើងមើលឃើញពីខាងក្រៅ នោះវានឹងបាំងយើងពុំឱ្យឃើញនូវស្នូលសំខាន់នៃរឿងរ៉ាវជីវិតរបស់នរណាម្នាក់។ 

មុននឹងខ្ញុំអាចរៀនពីការនេះ ខ្ញុំធ្លាប់លាក់ការខឹងចំពោះកិច្ចការរបស់ព្រះ នៅក្នុងជីវិតរបស់អ្នកដទៃ ជាពិសេស គឺនៅពេលណាដែលជីវិតរបស់គេមើលទៅដូចជាជោគជ័យជាងខ្ញុំ។ ខ្ញុំមិនមែនត្រឹមតែជាម្នាក់ដែលមានចិត្តអវិជ្ជមានប៉ុណ្ណោះទេ តែខ្ញុំធ្លាប់ជាមនុស្សមានឥរិយាបថបែបអវិជ្ជមានតែម្ដង។ ចំពោះរូបខ្ញុំ អ្វីៗទាំងអស់សុទ្ធតែជារឿងអាក្រក់។ ការអបអរសាទរចំពោះកិច្ចការព្រះ នៅក្នុងជីវិតរបស់អ្នកដទៃ នោះមិនមែនលុបបំបាត់នូវកិច្ចការព្រះមាននៅក្នុងជីវិតរបស់អ្នកឡើយ។ តាមពិតទៅ ការមិនអបអរសាទរជាមួយអ្នកដទៃ នោះអាចប៉ះពាល់ទៅដល់បំណងព្រះទ័យនៃព្រះដែលព្រះអង្គចង់ធ្វើការតាមរយៈរូបអ្នក នោះទៅវិញ។ ប្រសិនបើអ្នកស្វែងរកឃើញថាអ្នកមានចិត្តខឹង ចំពោះភាពជោគជ័យនៅក្នុងជីវិតរបស់អ្នកដទៃ នោះចូរបំបែកកំពែងទាំងនោះ ដោយការលើកទឹកចិត្ត ហើយសួរខ្លួនអ្នកពីអ្វីដែលអ្នកត្រូវការធ្វើ ដើម្បីឱ្យបានទទួលកិច្ចផ្លាស់ប្រែ ដែលអាចកើតមានឡើងនៅក្នុងជីវិតរបស់អ្នក។ 

តើមានអ្វីនៅក្នុងជីវិតរបស់អ្នក ដែលធ្វើឱ្យអ្នកមិនសប្បាយចិត្តចំពោះខ្លួនឯង ប៉ុន្តែក្នុងពេលតែមួយ អ្នកមានអំណាចក្នុងការផ្លាស់ប្រែវា? 

តើមានអ្វីដែលកំពុងតែរារាំងអ្នក មិនឱ្យអ្នកធ្វើការកែប្រែ ចំពោះរឿងនោះ? 

ឱ ព្រះអម្ចាស់អើយ ទូលបង្គំចង់នាំរាល់ការប្រៀបធៀបនិងចិត្តច្រណែនរបស់ទូលបង្គំ មកថ្វាយដល់ព្រះអង្គ។ ហើយទូលបង្គំសូមព្រះអង្គចង្អុលបង្ហាញទិសដៅសម្រាប់ជីវិតរបស់ទូលបង្គំ។ តើព្រះអង្គកំពុងតែចង្អុលបង្ហាញទិសដៅណាមួយ ដែលទូលបង្គំគួរតែដើរ មែនទេ? សូមបើកភ្នែកទូលបង្គំទៅកាន់អ្វីៗដែលព្រះអង្គកំពុងតែមានបន្ទូល នៅក្នុងគ្រានេះ នៅក្នុងខណៈពេលដែលទូលបង្គំទូលថ្វាយរាល់អ្វីៗទៅព្រះអង្គ។ សូមជួយដល់ទូលបង្គំ ឱ្យទូលបង្គំបានក្លាយទៅជាការលើកទឹកចិត្តទៅកាន់អ្នកដទៃ ទាំងដឹងថាទូលបង្គំគឺជាទីស្រឡាញ់ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ ដូចជាព្រះអង្គបានស្រឡាញ់ដល់អ្នកដទៃផ្សេងទៀតផងដែរ។

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Break Free From Comparison a 7 Day Devotional by Anna Light

តើអ្នកដឹងទេថាព្រះជាម្ចាស់ចង់ផ្ដល់ដល់អ្នកនូវជីវិតដ៏ពេញបរិបូរជាជាងជីវិតដែលអ្នកកំពុងតែរស់នៅសព្វថ្ងៃនេះ? ប៉ុន្តែមានរឿងដ៏សោកសៅកើតឡើង ដោយហេតុថាមានទង្វើប្រៀបធៀប ដែលរារាំងអ្នកមិនឱ្យអ្នកទៅកាន់ជីវិតនៅក្នុងកម្រិតមួយបន្ទាប់។ នៅក្នុងគម្រោងអាននេះ អ្នកស្រី អេណា ឡែថ (Anna Light) លាតត្រដាងពីគំហើញគំនិត ដែលនឹងធ្វើឱ្យគម្របនៃការប្រៀបធៀបបែកខ្ចាយ ព្រោះវាធ្លាប់បានគ្របនៅពីលើសមត្ថភាពរបស់អ្នក ហើយនឹងជួយអ្នកឱ្យរស់នៅដោយមានសេរីភាព និងមានជីវិតពេញបរិបូរ ដូចព្រះបានតាក់តែងឱ្យសម្រាប់អ្នកវិញ។ 

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អ្នកស្រី អេណា ឡែថ (Anna Light) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.livelaughlight.com