ផ្ដាច់ខ្លួនឱ្យមានសេរីភាពចេញពីការប្រៀបធៀប - គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយអ្នកស្រី អេណា ឡែថ (Anna Light)គំរូ
របៀបដ៏ងាយនិងជាហេតុបំផ្លាញយ៉ាងធំបំផុតក្នុងទង្វើប្រៀបធៀប នោះគឺតាមរយៈបណ្ដាញសង្គម។ ខ្ញុំនិយាយថា បំផ្លាញយ៉ាងធំបំផុត នោះដោយសារតែហេតុផលពីរ៖ យើងប្រើប្រាស់បណ្ដាញសង្គមជារៀងរាល់ថ្ងៃ។ តាមការជាក់ស្ដែងគឺជាច្រើនដងក្នុងមួយថ្ងៃ។ ហើយជាធម្មតាពេលយើងប្រើ នោះយើងនៅតែឯង និងដាច់ដោយឡែកពីគេ ក្នុងចិត្តគំនិតរបស់យើង។ រឿងពិតដ៏គួរឱ្យសោកសង្រេង នោះគឺថាវិបត្តិនេះ មិនមែនជាបញ្ហាទេ កាលពី ១០ ឆ្នាំមុន។ ប្រព័ន្ធបណ្ដាញសង្គមបានក្លាយទៅជាកត្តាជ្រួលជ្រាបយ៉ាងសកម្មនៅក្នុងវប្បធម៌សង្គមរបស់យើង ប្រមាណជាង ១០ ឆ្នាំកន្លងទៅនេះ ទាំងបង្កឱ្យមានបញ្ហារាតត្បាតលើព្រលឹង ឱ្យមនុស្សស្រែកឃ្លានចង់បានចំណាប់អារម្មណ៍ ប៉ុន្តែគេបន្តនៅតែមានអារម្មណ៍ឯកោជាងគ្រាណាៗទាំងអស់ទៅវិញ។
ប្រព័ន្ធបណ្ដាញសង្គមបានតាក់តែងឡើងដើម្បីផ្សាភ្ជាប់មនុស្ស ប៉ុន្តែវាបែរជាញែកមនុស្សឱ្យដាច់ដោយឡែកពីគ្នា ហើយប្រសិនបើយើងមិនប្រុងប្រយ័ត្នទេ នោះផ្នត់គំនិតដ៏មហន្តរាយនៃការប្រៀបធៀបនេះ អាចធ្វើឱ្យចិត្តរបស់យើងទៅជាស្ងួតក្រហែងលឿនជាងអ្វីៗទាំងអស់។
តើដោយព្រោះហេតុអ្វី?
ជាមធ្យម មនុស្សម្នាក់អាចមានដល់ទៅ ៥ គណនី នៅក្នុងបណ្ដាញសង្គម ហើយគេចំណាយពេលយ៉ាងហោចណាស់ ១ ម៉ោង ៤០ នាទី ក្នុងមួយថ្ងៃ អូសចុះអូសឡើង នៅក្នុងគណនីអស់ទាំងនោះ។
ហេតុអញ្ចឹងហើយ យើងបែរជាឆ្ងល់ថាហេតុអ្វីបានជាយើងលំបាកនឹងទង្វើប្រៀបធៀប គិតថាខ្លួនមិនល្មមគ្រប់គ្រាន់ និងមានភាពខ្វះចន្លោះ ក្នុងរឿងអស់ទាំងនោះ។
តើយើងដាក់អ្វីនៅចំពោះមុខរបស់យើងជារឿយៗ?
តែទោះបីជាយ៉ាងដូច្នេះក្ដី ខ្ញុំគិតថាចម្លើយ មិនមែនយើងគួរតែដកខ្លួនចេញពីបណ្ដាញសង្គមនោះទេ។ មារកំណាច វាចូលចិត្តធ្វើការនៅទីដែលយើងគិតហួសជ្រុល។ យើងត្រូវតែចងចាំថាយើងមានវត្តមាននៅក្នុងលោកិយ៍នេះ ប៉ុន្តែយើងមិនមែនជាកម្មសិទ្ធិនៃលោកិយ៍ឡើយ។ យើងត្រូវតែរៀនប្រើប្រាស់បណ្ដាញសង្គម ដូចអ្វីៗដទៃផ្សេងទៀត សម្រាប់បានជាការល្អដល់យើង និងបានថ្វាយជាសិរីល្អដល់ព្រះ។
ប្រភេទរូបរាងកាយ និងស្ថានភាពរូបរាងកាយខាងក្រៅរបស់យើង នោះគឺជារឿងមួយផ្សេងទៀត ដែលយើងយកទៅប្រៀបធៀបយ៉ាងលឿន។ យើងអាចសម្លឹងមើលទៅនរណាម្នាក់ ហើយតែមួយពព្រិចភ្នែក យើងដាក់វិនិច្ឆ័យភ្លាម ហើយប្រៀបធៀបខ្លួន ដោយយោងទៅលើរបៀបគេស្លៀកពាក់ រូបសម្រស់ សក់ រាងរៅ ឬពីអ្វីៗដែលម្នាក់នោះមានជាប់នឹងខ្លួន។ ពេលខ្លះ ចំណុចអស់ទាំងនេះ គ្រាន់តែជាការសង្កេតមើលយ៉ាងសាមញ្ញដែលមនុស្សគេសម្លឹងមើលគ្នាទេ ហើយតាមពិតទៅវាមិនជាខុសឆ្គងអ្វីប៉ុន្មានដែរ។ ប៉ុន្តែ បញ្ហាកើតមានឡើង នៅពេលណាដែលយើងចាប់ផ្ដើមប្រៀបធៀបខ្លួនឯងក្នុងផ្លូវខុសឆ្គងចំពោះអ្នកដទៃ ដោយយោងលើរូបរាងខាងក្រៅរបស់គេ។
ជារឿយៗ មនុស្សគេប្រៀបធៀបគ្នាលើរឿងទ្រព្យសម្បត្តិ ដូចជា ផ្ទះ ឡាន ប្រាក់ខែ និងមុខរបរការងារ។ យើងមើលឃើញតែពីសំបក រូបឆោម តែម ឈ្មោះ ឬឯកសណ្ឋានខាងក្រៅតែប៉ុណ្ណោះ ហើយគ្រានោះ យើងវិនិច្ឆ័យភ្លាមៗ ដោយពុំបានដឹងពីសាច់រឿងនៅពីក្រោយជីវិតរបស់គេនោះទេ។ បញ្ហាក្នុងទង្វើនេះកើតឡើងនៅពេលយើងញែកខ្លួន ដោយពុំបានទំនាក់ទំនងជាមួយអ្នកដទៃផ្សេងទៀត ក្នុងភាពស្មោះត្រង់និងចេញអស់ពីចិត្ត។ យើងសន្មតថាពួកគេទាំងនោះ មិនសមនឹងឱ្យយើងរាប់រក ព្រោះឋានៈមិនល្មម ឬគិតថាគ្មានបានប្រយោជន៍អ្វីដល់យើង ដោយសារតែការយល់ឃើញរបស់យើងចំពោះពួកគេ។
យើងក៏ប្រៀបធៀបបទពិសោធន៍ជីវិត និងសមិទ្ធផលរបស់អ្នកដទៃ ជាមួយនឹងអ្វីៗដែលខ្លួនធ្លាប់ឆ្លងកាត់ដែរ។ ដូចជាថា អ្នកចង់បានដៃគូជីវិត ប៉ុន្តែខ្លួននៅលីវ។ អ្នកចង់បានកូន ប៉ុន្តែប្រាថ្នាមានពេលវេលាស្ងប់ស្ងាត់ឆ្ងាយពីកូនៗរបស់អ្នក! អ្នកប្រាថ្នាចង់បានគ្រួសារដែលមិនរញ៉េរញ៉ៃនិងសមសួន។ អ្នកមើលឃើញស្រ្តីម្នាក់ផ្សេង មានរូបឆោមល្អស្រស់ឥតខ្ចោះ ក្នុងខណៈពេលអ្នកកំពុងតែព្យាយាមសម្រកមាឌម៉ាប់ជាង ៥ ឆ្នាំហើយរបស់អ្នក។ អ្នកឃើញក្រុមហ៊ុនគេលេចធ្លោ ក្នុងខណៈពេលក្រុមហ៊ុនរបស់អ្នកកំពុងដុនដាបទៅៗ។
អ្វីៗដែលយើងប្រៀបធៀបជាមួយនឹងអ្នកដទៃ បង្ហាញឱ្យយើងឃើញពីអ្វីៗដែលយើងឱ្យតម្លៃ។ ខ្ញុំនឹងជជែកវែកញែកថាយើងក៏មិនគួរមិនប្រើការប្រៀបធៀបនិងភាពច្រណែនទាល់តែសោះនោះដែរ។ ខ្ញុំបានរៀនមកថា យើងអាចប្រើប្រាស់វាជាឧបករណ៍ ដើម្បីចង្អុលបង្ហាញទិសដៅទៅកាន់ជីវិតរបស់យើង ហើយបំភ្លឺឱ្យយើងបានយល់និងសម្គាល់ដឹងអំពីខ្លួនឯងដែរ។ យើងនឹងនិយាយអំពីការនេះនៅថ្ងៃស្អែក។
ឱ ព្រះអម្ចាស់អើយ សូមបើកភ្នែកទូលបង្គំទៅកាន់រាល់អ្វីៗដែលធ្វើឱ្យទូលបង្គំមានអារម្មណ៍ថាជាទ្រនិចនៃភាពច្រណែនឈ្នានីស។ សូមជួយដល់ទូលបង្គំឱ្យបង្វែរកញ្ចក់មកកាន់រូបទូលបង្គំវិញ។ ហើយសូមឱ្យទូលបង្គំបានចំណាយពេលឆ្លុះបញ្ចាំងពីខ្លួនឯងយ៉ាងចំៗ ទៅលើទង្វើផ្សេងៗដែលទូលបង្គំបានចំណាយពេលធ្វើវាផង។ សូមបង្ហាញដល់ទូលបង្គំថាហេតុអ្វីបានជាទូលបង្គំមានអារម្មណ៍ថាអ្នកដទៃមានប្រៀប ឬដូចជាគេគំរាមកំហែងចំពោះទូលបង្គំ ដោយអ្វីៗដែលគេមាន។ សូមជួយដល់ទូលបង្គំ កុំឱ្យរាប់ខ្លួនឯងថាខ្ពស់ជាងគេ ឬទាបជាងគេ ដោយផ្អែកទៅលើសេចក្ដីវិនិច្ឆ័យខាងរូបសណ្ឋានពីខាងក្រៅរបស់ពួកគេនោះផង។
អំពីគម្រោងអាននេះ
តើអ្នកដឹងទេថាព្រះជាម្ចាស់ចង់ផ្ដល់ដល់អ្នកនូវជីវិតដ៏ពេញបរិបូរជាជាងជីវិតដែលអ្នកកំពុងតែរស់នៅសព្វថ្ងៃនេះ? ប៉ុន្តែមានរឿងដ៏សោកសៅកើតឡើង ដោយហេតុថាមានទង្វើប្រៀបធៀប ដែលរារាំងអ្នកមិនឱ្យអ្នកទៅកាន់ជីវិតនៅក្នុងកម្រិតមួយបន្ទាប់។ នៅក្នុងគម្រោងអាននេះ អ្នកស្រី អេណា ឡែថ (Anna Light) លាតត្រដាងពីគំហើញគំនិត ដែលនឹងធ្វើឱ្យគម្របនៃការប្រៀបធៀបបែកខ្ចាយ ព្រោះវាធ្លាប់បានគ្របនៅពីលើសមត្ថភាពរបស់អ្នក ហើយនឹងជួយអ្នកឱ្យរស់នៅដោយមានសេរីភាព និងមានជីវិតពេញបរិបូរ ដូចព្រះបានតាក់តែងឱ្យសម្រាប់អ្នកវិញ។
More