សូមរាជ្យទ្រង់មកដល់គំរូ
សេចក្ដីអធិស្ឋាន៖
ឱ ព្រះអម្ចាស់អើយ ព្រះអង្គគឺជាព្រះវរបិតាពេញដោយក្ដីស្រឡាញ់។ សូមអរគុណព្រះអង្គ សម្រាប់ភាពអត់ធ្មត់ ដែលព្រះអង្គមានចំពោះទូលបង្គំ ក្នុងខណៈពេលដែលទូលបង្គំរៀនទុកចិត្តលើព្រះអង្គ។
អត្ថបទអាន៖
តើអ្នកមានដឹងដែរឬទេ ថាការរីកចម្រើនលូតលាស់ វាទាមទារឱ្យអ្នកបង់ថ្លៃ? មុននឹងយើងអាចដើរទៅមុខបាន នៅក្នុងដំណើររីកចម្រើនលូតលាស់របស់យើង នោះជារឿយៗ យើងត្រូវចាំបាច់ទទួលស្គាល់ពីអ្វីដែលយើងនឹងត្រូវបាត់បង់។ ជឿឬមិនជឿ ផ្នែកមួយនៃហេតុផលដែលយើងពុំដើរទៅមុខ នៅក្នុងការរីកចម្រើនរបស់យើង នោះគឺដោយសារតែយើងចង់នៅក្រេបយកផលប្រយោជន៍តែមួយកន្លែងហ្នឹង—គឺបន្តចង់នៅក្នុងភាពសុខស្រួល ទីសុខសុវត្ថិភាព និងនៅក្នុងក្ដីស្រមើស្រមៃថាយើងអាចគ្រប់គ្រងលើរាល់អ្វីៗ ឬដោយហេតុផលផ្សេងៗមួយចំនួនទៀត។
នៅក្នុង កាឡាទី ៤៖៦-៨ សាវ័ក ប៉ុល ប្រាប់ថា ការដែលយើងសាងសង់ជីវិតរបស់យើង ដោយតាមទង្វើខុសឆ្គង នោះវានឹងធ្វើឱ្យយើងក្លាយទៅជាទាសករ។ នេះគឺជាភាសាដ៏ធ្ងន់ធ្ងរ ប៉ុន្តែ សាវ័ក ប៉ុល កំពុងតែធ្វើអ្វីមួយប្រកបដោយយុទ្ធសាស្ត្រ នៅត្រង់នេះ។ សាវ័ក ប៉ុល ចង់លើកឡើងពីផ្នែកមួយនៃរឿងរបស់ប្រជារាស្រ្ត អ៊ីស្រាអែល បន្ទាប់ពីពេលពួកគេបានរំដោះឱ្យមានសេរីភាពចេញពីភាពជាទាសករនៅឯស្រុក អេស៊ីព្ទ។ ព្រះជាម្ចាស់បានលើក លោក ម៉ូសេ ឱ្យក្លាយជាអ្នកដឹកនាំ និងឱ្យគាត់បានធ្វើការយ៉ាងអស្ចារ្យជាច្រើន ដើម្បីនាំឱ្យពួកគេបានចេញពីច្រវាក់ និងឱ្យពួកអ៊ីស្រាអែល បានលើកសរសើរតម្កើងដល់ព្រះ សម្រាប់សេរីភាពរបស់ពួកគេ។ ប៉ុន្តែមិនបានយូរប៉ុន្មានផង ពួកគេក៏ចាប់ផ្ដើមរអ៊ូរទាំអំពីជីវិត និងផលប្រយោជន៍មួយចំនួន ដែលជាក្ដីសុខលោកិយ នៃជីវិតចាស់របស់គេ នៅឯស្រុកអេស៊ីព្ទទៅវិញ។ ពួកគេថែមទាំងជជែកគ្នាលើរឿងថាចង់ទៅរស់នៅបែបដូច្នោះទៀតផង! តើអ្នកអាចនឹកស្រមៃពីក្ដីនឹករឭកចំពោះទីកន្លែងមួយ ដែលអ្នកធ្លាប់រស់នៅជាទាសករដែរឬទេ?
ស្ដាប់ទៅ ប្រហែលជាអ្នកគិតថា វាជារឿងឆ្គួតលីលា ប៉ុន្តែ ដោយយោងតាមសម្ដីរបស់ សាវ័ក ប៉ុល ក្ដីប៉ងប្រាថ្នាបែបនេះ នោះគឺវាស្រដៀងនឹងក្ដីប៉ងប្រាថ្នារបស់យើងដែរ។ ប្រសិនបើមានអ្វីមួយដែលអ្នកត្រូវការវាជាខ្លាំង រហូតដល់អ្នកមិនអាចនឹកស្រមៃថាអត់ពីវាពុំបាន នោះអ្នកប្រាកដជាជាប់នៅក្នុងភាពជាទាសករចំពោះទង្វើ ឬចិត្តនោះហើយ។ អ្នកបានលះបង់ចោលសេរីភាពរបស់អ្នក។ អ្នកបានជាប់នៅក្នុងចំណងរបស់វា។ របស់នោះ អាចជាកម្មសិទ្ធ ទំនាក់ទំនង មុខងារ ឬកេរ្តិ៍ឈ្មោះ ឬការញៀនចំពោះអ្វីមួយ។
ដោយសារតែយើងបានទទួលអត្តសញ្ញាណថ្មី នៅក្នុងព្រះយេស៊ូវ នោះច្រវាក់អស់ទាំងនោះ ត្រូវបានបាក់ ហើយយើងមាននូវមាគ៌ាមួយថ្មី ដែលបានរៀបចំឡើងសម្រាប់ឱ្យយើងអាចធ្វើដំណើរទៅកាន់សេរីភាពរបស់យើង។ ហើយទោះបីជាវាមើលទៅថាដូចជាគំនិតសាមញ្ញ តែវាមិនមែនងាយស្រួលក្នុងការអនុវត្តរហូតទេ។ វាគឺជាការប្រឹងប្រែងមួយដែលនាំឱ្យអ្នកអាចទៅរកសេរីភាព ប៉ុន្តែវាក៏ជាការតយុទ្ធមួយផ្សេងទៀតដែរ ដើម្បីបន្តយកភាពជាទាសករ ចេញពីរូបអ្នក។
ភាពលំអៀងរបស់យើង តែងបន្តជំរុញឱ្យយើងត្រឡប់ទៅរកអ្វីដែលធ្លាប់នាំឱ្យចិត្តនិងរូបកាយរបស់យើងបានសុខស្រួល សុវត្ថិភាព និងស្ថិតក្នុងសភាពដូចជាគ្មានវិបត្តិ ប៉ុន្តែក្នុងពេលតែមួយ យើងអាចបែរខ្នងចំពោះដំណើរជីវិត ដែលព្រះសព្វព្រះទ័យ ចង់ឱ្យយើងមានយ៉ាងពេញលេញ និងប្រកបដោយសេរីភាពទៅវិញដែរ។
ប៉ុន្តែនៅថ្ងៃនេះ យើងមានដំណឹងល្អសម្រាប់អ្នក។ ព្រះគឺជាឪពុកពេញដោយក្ដីស្រឡាញ់!
ចូរនឹកស្រមៃពីឪពុកដែលកំពុងតែមើលកូនតូច កំពុងរៀនចេះដើរតេះតោះដំបូង។ តើគាត់មានអារម្មណ៍យ៉ាងណា? តើគាត់មានប្រតិកម្មយ៉ាងណា? តើគាត់មិនអត់ទ្រាំ និងធុញទ្រាន់ ដែលកូនតូចនោះពុំអាចដើរទៅមុខបានឆ្ងាយឬយ៉ាងណា? តើគាត់ផ្ទុះកំហឹងនៅពេលដែលជង្គង់របស់កូនតូចនោះ ទ្រេតទ្រោត ហើយដួលទៅនឹងដី ដែរឬ? តើអ្នកគិតថា ឪពុកនោះ គាត់មានកែវភ្នែកប្រកបដោយក្ដីខកចិត្ត ទាំងគាត់ស្រែក៖ «ហើយម៉េចបានជាមិនដើរឱ្យត្រង់មក?! មើលទៅបងឯងមើល៍! វាអាចរត់ជុំវិញផ្ទះបានហើយ! ហេតុអីបានកូនឯងមិនទាន់ចេះ គ្រាន់តែប៉ុណ្ណឹង?» ដែរឬយ៉ាងណា?
មិនអញ្ចឹងទាល់តែសោះ! អស់មួយលានឆ្នាំទៀត ក៏យើងមិនអាចរំពឹងថានឹងបានមើលឃើញឪពុកដែលមានប្រតិកម្មបែបដូច្នេះ ចំពោះកូនតូច ឡើយ។ តើហេតុអ្វីទៅ? នោះគឺដោយសារតែឪពុកមានពេញដោយក្ដីស្រឡាញ់ គាត់អបអរចំពោះជំហានដំបូងរបស់កូនតូច មិនថាជាវាដើរបានតិចតួចប៉ុនណាក៏ដោយ។ គាត់ដឹងថាជំហានទាំងប៉ុន្មានដំបូងនោះ គឺជាទីចាប់ផ្ដើមនៃខ្សែជីវិតវែងឆ្ងាយ ក្នុងដំណើរទៅក្លាយជាមនុស្សធំពេញវ័យ។ គាត់មានចិត្តអត់ធ្មត់ជាមួយនឹងដំណើរ ហើយគាត់អបអរចំពោះរាល់ជ័យជម្នះដែលគេមាន មិនថាជ័យជម្នះនោះ វាយូរឬឆាប់នោះទេ។
នៅក្នុងរបៀបដូចគ្នា ព្រះវរបិតារបស់អ្នក នៅមានព្រះទ័យចង់ឃើញអ្នកដើរឆ្ពោះទៅមុខ នៅក្នុងជីវិតខាងឯវិញ្ញាណរបស់អ្នក។ ព្រះអង្គស្រឡាញ់និងអបអរ ចំពោះដំណើរជំហានរបស់បុត្រធីតារបស់ព្រះអង្គ។
ពេលឆ្លុះបញ្ចាំង៖
នៅទីនេះ មានសំណួរពីរបី ដើម្បីឱ្យអ្នកធ្វើការឆ្លុះបញ្ចាំង នៅថ្ងៃនេះ។ តើរូបខ្ញុំនឹងទទួលបានអ្វី ប្រសិនបើខ្ញុំបន្តនៅទីកន្លែងដដែល ដែលខ្ញុំកំពុងតែនៅនោះ? តើមានអ្វីមួយ ឬអ្វីខ្លះ ដែលខ្ញុំភ័យខ្លាចថាខ្ញុំនឹងបាត់បង់?
ក្នុងខណៈពេលអ្នកចាប់ផ្ដើមឆ្លើយសំណួរអស់ទាំងនោះ ចូរទូលសូមព្រះសម្រាប់ព្រះគុណ និងកម្លាំង ដែលអ្នកត្រូវការ ដើម្បីឱ្យអ្នកអាចហ៊ានបោះជំហានតូចមួយ ទៅក្នុងការទុកចិត្តលើព្រះអង្គ នៅថ្ងៃនេះ។ បន្ទាប់មក ចូរចំណាយពេលអរគុណដល់ព្រះ សម្រាប់ការអត់ធ្មត់ និងការអត់ឱនទោស ដែលព្រះអង្គតែងតែផ្ដល់ដល់អ្នក នៅពេលណាដែលអ្នកលាប់ទៅក្នុងទង្វើ និងរបៀបរស់នៅចាស់ ព្រមទាំងការគិតបែបមុនៗរបស់អ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។
More