សូមរាជ្យទ្រង់មកដល់គំរូ

Kingdom Come

ថ្ងៃទី 4 ក្នុងចំណោម 15 ថ្ងៃ

សេចក្ដីអធិស្ឋាន៖

ឱ ព្រះអម្ចាស់អើយ សូមបង្ហាញដល់ទូលបង្គំនូវអ្វីៗដែលទូលបង្គំប្រឹងរត់ទៅរក ដើម្បីបានទីសុខសុវត្ថិភាព និងគិតថាសំខាន់សម្រាប់ជីវិតរបស់ទូលបង្គំ។ សូមជួយដល់ទូលបង្គំឱ្យលះចោលរាល់របស់អស់ទាំងនោះ ហើយមកទុកចិត្តលើព្រះអង្គវិញ។


អត្ថបទអាន៖

ចូរនឹកស្រមៃថាអ្នក ជាមនុស្សតែម្នាក់ ដែលបានរស់រានមានជីវិតពីការលិចសំពៅ។ អ្នកបានអណ្ដែតតាមទឹកអស់រយៈពេលជាច្រើនថ្ងៃ ទាំងប្រឹងតោងដុំឈើមួយកំណាត់ ពីសំពៅដែលខ្ទេចបាក់បែកនោះ។ បន្ទាប់មក នៅពេលដែលអ្នកអស់សង្ឃឹមរលីង នោះមានទូកមួយ លេចមកឱ្យអ្នកឃើញ នៅជើងមេឃ។ ក្នុងពេលឆាប់ៗ ទូកនោះក៏បានរំកិលមកស្របនឹងអ្នក ហើយមានម្នាក់គាត់បានបោះខ្សែមួយចុះមក។ អ្នកទូក បានប្រាប់ដល់អ្នកថា ចូរលែងកំណាត់ដុំឈើនោះទៅ ហើយចាប់ខ្សែនោះមក។ ពាក្យពេចន៍នេះ ស្ដាប់ទៅដូចជាការសម្រេចចិត្តយ៉ាងសាមញ្ញ មែនអត់? អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏អស់សង្ឃឹម ហើយអ្នកមិនអាចធ្វើអ្វី ឬចាកចេញពីស្ថានភាពនេះ ដោយខ្លួនឯងបានទេ ហើយឥឡូវមានមនុស្សគេមកហើយ ហើយថែមទាំងស្ម័គ្រចិត្ត និងអាចជួយសង្គ្រោះរូបអ្នកបានទៀត។ អ្វីដែលអ្នកត្រូវការធ្វើ នោះគ្រាន់តែលែងដុំឈើនោះ ហើយទៅចាប់តោងខ្សែជីវិតនោះតែប៉ុណ្ណោះ។ អ្វីដែលអ្នកគ្រាន់តែត្រូវធ្វើ នោះគឺទុកចិត្ត។


ប៉ុន្តែ ចុះបើមុននឹងអ្នកចាប់ខ្សែនោះ អ្នកចាប់ផ្ដើមសួរចំពោះការសម្រេចចិត្តរបស់ខ្លួន ទាំងគិតអំពីដុំកំណាត់ឈើ ថាវាធ្លាប់បានជួយឱ្យអ្នកឆ្លងកាត់គ្រាលំបាកជាច្រើន នៅកណ្ដាលសមុទ្រ អស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅហើយ។ វាធ្លាប់នៅក្បែរអ្នក នៅពេលដែលអ្នកត្រូវការវា។ ហើយឥឡូវអ្នកធ្លាប់តែមានវាជាទីពឹងផ្អែក សម្រាប់ឱ្យអ្នកអាចមានជីវិតរស់រាន។ ពេលបោះបង់វាចោល ហើយទៅចាប់តោងអ្វីមួយផ្សេង នោះវាពិតជារឿងត្រូវសម្រេចចិត្តធំធេងណាស់។ ដូច្នេះ អ្នកក៏ស្រែកទៅម្ចាស់ទូកវិញ៖ «អត់ទេ។ ខ្ញុំនៅតោងដុំឈើហ្នឹងហើយ ខ្ញុំមិនអីទេ!»។


ការសម្រេចចិត្តនេះស្ដាប់ទៅ ពិតប្រាកដជាហួសចិត្តណាស់! ប៉ុន្តែ តាមយើងដឹងខ្លួនឬមិនដឹង វាគឺជារឿងដែលយើងតែងតែធ្វើសឹងតែរាល់ដង នៅក្នុងជីវិតខាងឯវិញ្ញាណរបស់យើង។ នៅពេលដែលព្រះយេស៊ូវអញ្ជើញយើងឱ្យមកដើរតាមព្រះអង្គ ហើយរស់នៅក្នុងជីវិត ដើម្បីបានជាផ្នែកនៃព្រះរាជ្យរបស់ព្រះអង្គ នោះព្រះអង្គអញ្ជើញយើងឱ្យមកផ្លាស់ប្ដូរការទុកចិត្តរបស់យើង។ ព្រះអង្គអញ្ជើញយើងឱ្យលះចោលរាល់អ្វីៗ ដែលយើងធ្លាប់ទុកចិត្ត ដើម្បីបានជាទីសុខសុវត្ថិភាព និងជារឿងយើងគិតថាខ្លួនសំខាន់—ហើយឱ្យយើងមកចាប់តោងព្រះអង្គ ដូចជាប្រភពមួយថ្មីរបស់យើងវិញ។ ពេលខ្លះ "ការលះចោល" ចំពោះរបៀបនៃជីវិតរបស់យើង នោះអាចឱ្យយើងមានអារម្មណ៍ថា ដូចជាយើងទៅស្លាប់ ឬដូចជាបាត់បង់ជីវិតចំពោះអ្វីៗដែលយើងធ្លាប់ដឹង និងធ្លាប់យល់ អញ្ចឹង។ វាអាចជារឿងដ៏គួរឱ្យភ័យខ្លាច និងថែមទាំងឈឺចាប់ផង នៅពេលយើងត្រូវបោះជំហានទៅមុខនោះ។


ហើយមិនដូចជារឿងរបស់អ្នករស់រានតែឯងពីការលិចសំពៅទេ ការសម្រេចចិត្តរបស់យើង ក្នុងការលះចោល ហើយមកទុកចិត្ត នោះវាមិនមែនជាការសម្រេចចិត្តតែម្ដងរបស់យើងឡើយ។ ទោះបីជាបន្ទាប់ពីយើងបានសម្រេចចិត្ត ថាទុកចិត្តលើព្រះយេស៊ូវ និងដើរតាមព្រះអង្គហើយក្ដី ក៏នៅមានពេលខ្លះ យើងស្វែងរកឃើញថា យើងនៅតោងផ្នែកមួយចំនួននៃទម្លាប់ជីវិតចាស់របស់យើងដែរ។ យើងនឹងតាមទាន់ពេលដែលយើងវិលត្រឡប់ទៅរកប្រភព ដែលយើងធ្លាប់បានកក់ក្ដៅ ដែលជាទីសុខសុវត្ថិភាព ហើយនិងបានទទួលអារម្មណ៍ថាខ្លួនសំខាន់ជាងអ្វីៗទាំងអស់។ ហើយជារាល់ពេល យើងនឹងត្រូវការធ្វើការសម្រេចចិត្ត—គឺម្ដងហើយម្ដងទៀត—ដើម្បីលះវាចោល ជាប្រយោជន៍ឱ្យយើងអាចទៅចាប់តោងជីវិតដែលព្រះយេស៊ូវបានប្រទានមកឱ្យយើងនោះវិញ។


នៅពេលយើងស្វែងរកឃើញថាខ្លួនត្រូវប្រឈមនឹងគ្រាយ៉ាងដូច្នេះ នោះចូររំឭកដល់ខ្លួនឯង អំពីសេចក្ដីសន្យារបស់ព្រះយេស៊ូវ នៅក្នុងអត្ថបទគម្ពីរថ្ងៃនេះ។ ដោយតាមរយៈការបាត់បង់ ការលះចោលនៃជីវិតរបស់យើង​ នោះទើបយើងអាចរកឃើញពីជីវិត នៅក្នុងន័យដ៏ជ្រាលជ្រៅ និងយ៉ាងពេញបរិបូរនោះវិញ។


ពេលឆ្លុះបញ្ជាំង៖

ព្រះយេស៊ូវអញ្ជើញយើងឱ្យមកផ្លាស់ប្ដូរការទុកចិត្តរបស់យើង ចេញពីអ្វីៗដែលចាស់ និងងាយយល់ ជារឿងយើងគិតថានាំឱ្យយើងមានក្ដីសង្ឃឹម និងសុខសុវត្ថិភាព សម្រាប់ការល្អនិងភាពប្រសើរនៃជីវិត ដោយឱ្យយើងមកតោងព្រះអង្គផ្ទាល់ជំនួសវិញ។ តើមានផ្នែកណាខ្លះ ដែលពិបាកមែនទែន សម្រាប់ឱ្យអ្នកលះចោល ដើម្បីឱ្យអ្នកអាចមកទុកចិត្តលើព្រះអង្គ? ចូរចំណាយពេលសរសេរក្នុងកំណត់ត្រា ហើយទូលសូមព្រះ ឱ្យបើកបង្ហាញពីផ្នែកនានានៃដួងចិត្ត និងជីវិតរបស់អ្នក ដែលអ្នកកំពុងតែតយុទ្ធ ហើយមានវិបត្តិ ក្នុងការទុកចិត្ដលើព្រះ នោះចុះ។


អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Kingdom Come

យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំសហគមន៍ ណស ភ័ញ (North Point Community Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://northpoint.org