សូមរាជ្យទ្រង់មកដល់គំរូ

Kingdom Come

ថ្ងៃទី 7 ក្នុងចំណោម 15 ថ្ងៃ

សេចក្ដីអធិស្ឋាន៖

ឱ ព្រះអម្ចាស់អើយ ទូលបង្គំចង់ក្លាយដូចជាព្រះអង្គបន្ថែមទៀត។ សូមជួយដល់ទូលបង្គំឱ្យស្វែងរកឃើញរបៀប ដើម្បីឱ្យទូលបង្គំអាចផ្សាភ្ជាប់ និងរីកលូតលាស់ជាមួយនឹងព្រះអង្គ។


អត្ថបទអាន៖

តើអ្នកមានដែលធ្លាប់មើលរឿងកុនមួយមានឈ្មោះថា "ក្មេងការ៉ាត់តេ - The Karate Kid" ដែរឬទេ? វាជារឿងមួយដែលនិយាយអំពីក្មេងប្រុសម្នាក់ រៀននៅវិទ្យាល័យ។ គាត់ឈ្មោះ ដានីញ៉ែល ហើយគាត់កំពុងជាប់ក្នុងវិបត្តិនៃការធ្វើបាបពីមិត្តនៅឯសាលា ដែលវាជាសាច់រឿងពេញនិយមនាសម័យឆ្នាំ ១៩៨០ នោះ។ ភ្លាមនោះ ដានីញ៉ែល បានទៅស្គាល់ពូម្នាក់ ឈ្មោះ លោក មីយ៉ាគី ដែលជាអ្នកមើលថែផ្ទះក្នុងបុរី ហើយគាត់ក៏ជាអ្នកជំនាញម្នាក់ ខាងក្បាច់ការ៉ាត់តេផងដែរ។ ដូច្នេះហើយ ដានីញ៉ែល គាត់គិតថាគាត់បានរកឃើញនូវដំណោះស្រាយមួយយ៉ាងល្អឥតខ្ចោះ សម្រាប់វិបត្តិរបស់គាត់។ លោក មីយ៉ាគី យល់ព្រមវឹកហាត់ ដានីញ៉ែល ហើយឱ្យគាត់ទៅប៉ូលីឡាន លាបថ្នាំពណ៌របង និងដុះខាត់ឥដ្ឋទៅវិញ។ ដានីញ៉ែល បានបំពេញភារៈកិច្ចអស់ទាំងនោះ ជាច្រើនថ្ងៃ ធ្វើការងារយ៉ាងហត់នឿយ ដដែលៗនេះ។ ជាចុងក្រោយ គាត់កើតចិត្តធុញទ្រាន់ ហើយទៅជះកំហឹងរបស់គាត់ ទៅលើគ្រូថ្មី ពីការដែលគាត់ប្រឹងធ្វើការអស់ទាំងនេះ ដោយមិនបានរៀនអីសោះពីវិជ្ជាការ៉ាត់តេ។ ប៉ុន្តែ លោក មីយ៉ាគី លាតត្រដាងឱ្យគាត់ដឹងថា ការដែលគាត់ធ្វើចលនាដដែលៗ ជាច្រើនថ្ងៃ នោះតាមពិតទៅគឺជាការបង្រៀនឱ្យគាត់ចេះការ៉ាត់តេ! លោក មីយ៉ាគី ព្យាយាមវាយលើ ដានីញ៉ែល ហើយគាត់រកឃើញថាខ្លួនគាត់បានអភិវឌ្ឍ មានកម្លាំង និងសាច់ដុំគាត់ស្ទាត់ចាំ ដោយងាយអាចរងនិងរាំងរាល់ចលានាវាយមកលើគាត់ ដែលសមត្ថភាពទាំងនេះ គាត់ពុំធ្លាប់មានកាលពីរយៈពេលប៉ុន្មានថ្ងៃកន្លងទៅឡើយ។


រឿងក្មេងការ៉ាត់តេ បង្ហាញពីរូបភាពដ៏អស្ចារ្យមួយ ពីរបៀបដែលជីវិតរបស់យើងត្រូវលត់ដំនិងវឹកហាត់ខាងឯវិញ្ញាណ។ យើងបានអានអំពី ក្ដីស្រឡាញ់ អំណរ ភាពសុខសាន្ត ចិត្តអត់ធ្មត់ និងចរិតលក្ខណៈយ៉ាងស្ញប់ស្ញែងដទៃទៀត ដែលយើងចង់មាននៅក្នុងជីវិតរបស់យើង។ ប៉ុន្តែការទទួលបាននិងនៅបន្តកាន់ឱ្យជាប់ រាល់ចរិតលក្ខណៈអស់ទាំងនេះ នោះមិនមែនជារឿងមួយដែលយើងអាចទទួលបានដោយការប្រឹងប្រែងផ្ទាល់របស់យើងឡើយ។ យើងមិនអាចគ្រាន់តែមានឆន្ទៈ អាចទៅមានអំណរទេ បើមានក៏មិនបានយូរដែរ។ ដូច្នេះ តើឱ្យយើងអាច "... វឹកហាត់សម្រាប់ការគោរពប្រតិបត្តិព្រះ" ដូចអ្វីដែល សាវ័ក ប៉ុល បានសរសេរទៅកាន់ លោក ធីម៉ូថេ នៅក្នុងអត្ថបទគម្ពីរ ដោយរបៀបណា? យើងអាចដាក់ការប្រឹងប្រែងរបស់យើង ទៅលើការលត់ដំខាងឯវិញ្ញាណ។


ការលត់ដំខាងឯវិញ្ញាណគឺជារបៀបរបស់ព្រះយេស៊ូវ ដែលប្រៀបទៅនឹងការប៉ូលីឡាន និងការដុះខាត់ឥដ្ឋ (ដូចក្នុងរឿងក្មេងការ៉ាត់តេ)។ វាមើលទៅ ហាក់បីដូចជាអ្នកពុំបានសម្រេចកិច្ចការងារធំដុំ នៅពេលអ្នកចំណាយពេលជាប្រចាំថ្ងៃ នៅស្ងៀមស្ងាត់ចំពោះព្រះ ដើម្បីអានព្រះគម្ពីរ និងអធិស្ឋាន។ ប៉ុន្តែនៅថ្ងៃណាមួយ នៅពេលអ្នកទៅប៉ះទង្គិចនឹងស្ថានភាពដែលកើតឡើងជាយថាហេតុ នោះអ្នកនឹងភ្ញាក់ផ្អើល ពេលអ្នកស្វែងរកឃើញថា អ្នកមិនមានប្រតិកម្មចំពោះរឿងមួយចំនួន ដូចលើកមុនៗទេ។ ជួសវិញ អ្នកនឹងរកឃើញថាខ្លួនអ្នកចេះរ៉ាប់រងស្ថានការណ៍ ដោយចិត្តអត់ធ្មត់—ទាំងនៅមានអារម្មណ៍សុខសាន្តក្នុងកណ្ដាលស្ថានភាពអស់ទាំងនោះទៀតផង។


ប្រៀបដូចជាការលត់ដំនិងលំហាត់ប្រាណខាងរូបកាយ ការវឹកហាត់ខាងឯវិញ្ញាណជួយឱ្យយើងអាចធ្វើអ្វីៗ ដែលពីមុន យើងគិតថា វាលើសពីសមត្ថភាពដែលយើងអាចធ្វើទៅបាន។ ហើយកុំឱ្យគិតថា យើងមិនយល់ពីតម្លៃមេរៀនរបស់ លោក មីយ៉ាគី ប៉ុន្តែ ការវឹកហាត់ខាងឯវិញ្ញាណ នោះអាចធ្វើការបានយ៉ាងច្រើន ជាងការជួយសំលៀង និងពង្រឹងកម្លាំងដល់សមត្ថភាពពីធម្មជាតិរបស់យើងទៅទៀត។ ជួសវិញ វាជួយឱ្យយើងអាចទៅប៉ះលើអំណាចចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើការនៅក្នុងយើង ដើម្បីបណ្ដុះចរិតលក្ខណៈនៃអង្គព្រះយេស៊ូវ បន្ថែមហើយបន្ថែមទៀត នៅក្នុងរូបយើង។


លោកកវីនិពន្ធ ដាឡាស វីលឺត (Dallas Willard) ពិពណ៌នាអំពីការវឹកហាត់ខាងឯវិញ្ញាណ ដែលគាត់លើកឡើងថាវាជា "ការលត់ដំ" នោះថា៖ «ការលត់ដំ នោះគឺជាសកម្មភាពនៃគំនិតនិងរូបកាយ ដែលយើងទាញយកមកធ្វើដោយចេតនា ដើម្បីនាំឱ្យបុគ្គលិកលក្ខណៈ និងរូបអង្គយើងទាំងមូល មកស្ថិតក្រោមការសហការដ៏មានប្រសិទ្ធភាព តាមការចាត់ចែងរបស់ព្រះ។ ទង្វើទាំងនោះ ជួយឱ្យយើងរស់នៅក្នុងអំណាចចេស្ដា ថែមហើយថែមទៀត ហើយបើនិយាយឱ្យត្រង់ទៅ មានផលលើសពីខ្លួនយើង ដោយព្រោះតែវាមានប្រភពមកពីអាណាចក្រខាងឯព្រះវិញ្ញាណ»។


ដូច្នេះនៅពេលអ្នកចង់ធ្វើភ្លេច ដោយរំលងការចំណាយពេលអធិស្ឋាន និងការអានព្រះគម្ពីរជាប្រចាំថ្ងៃ នោះចូរអ្នកគ្រាន់តែចាំ ពាក្យពេចន៍របស់គ្រូ (ដូចក្នុងរឿងកុន) ថា៖ «ខាត់ចុះ ខាត់ឡើង»។ មែន គ្រាន់តែចង់និយាយលេងទេ... ប៉ុន្តែមានគ្រូមួយផ្សេងទៀត បានលើកឡើងថា៖ «ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នក នោះអ្នកនឹងអាចបង្កើតផលផ្លែយ៉ាងច្រើន» (យ៉ូហាន ១៥៖៥)។


ពេលឆ្លុះបញ្ចាំង៖

នៅត្រង់នេះ មានជម្រើសនៃការវឹកហាត់ខាងឯវិញ្ញាណចំនួនពីរបី ដែលមានប្រយោជន៍ សម្រាប់អស់អ្នកដែលដើរតាមព្រះយេស៊ូវ អស់ជាច្រើនសតវត្សមកហើយ។ ការវឹកហាត់នេះ ចែកចេញជាពីរប្រភេទ។ នោះគឺជាការវឹកហាត់បែបចូលរួម និងការវឹកហាត់បែបដាក់ព្រំដែន។ ចូរមើលទៅក្នុងបញ្ជី ហើយពិចារណា ថាមានការវឹកហាត់ណាខ្លះថ្មី ដែលអ្នកអាចចាប់ផ្ដើមយកទៅប្រព្រឹត្ត ដើម្បីបានជារបៀបក្នុងការផ្សាភ្ជាប់ជាមួយនឹងព្រះ។


ការវឹកហាត់បែបចូលរួម

ការវឹកហាត់ទាំងនេះជួយយើងដោយការបន្ថែមចង្វាក់ថ្មីៗ ទៅក្នុងពេលយើងផ្សាភ្ជាប់ជាមួយព្រះ នៅក្នុងទម្លាប់ជាប្រចាំរបស់យើង សម្រាប់គោលបំណងឱ្យយើងបានចូលទៅជិតស្និទ្ធជាមួយនឹងព្រះ។


  • ការអានព្រះគម្ពីរ៖ ចំណាយពេលអាន និងធ្វើការឆ្លុះបញ្ចាំង ដើម្បីអនុញ្ញាតឱ្យព្រះមានព្រះបន្ទូល ដឹកនាំ និងបង្រៀនដល់អ្នក។ ការនេះមានរួមទាំងយុទ្ធសាស្រ្តដទៃផ្សេងទៀត ដើម្បីអាន សិក្សា ឆ្លុះបញ្ចាំង និងស្មឹងស្មាធិ៍ទៅលើព្រះបន្ទូលមាននៅក្នុងអត្ថបទព្រះគម្ពីរ។
  • ការថ្វាយបង្គំ៖ អបអរនិងថ្លែងពីការដឹងគុណទៅដល់ព្រះ ក្នុងភាពជាព្រះរបស់ព្រះអង្គ និងអំពីរាល់កិច្ចការដែលព្រះអង្គបានធ្វើ។ ការនេះអាចធ្វើដោយផ្ទាល់ខ្លួន ឬជាក្រុម នៅក្នុងវេនថ្វាយបង្គំ។ ជារឿយៗ ការថ្វាយបង្គំមានបូករួមទាំងតន្រ្តី ប៉ុន្តែមិនមែនអាចធ្វើទៅបាន ទាល់តែមានតន្រ្តី ឬឧបករណ៍តន្រ្តីនោះទេ។
  • សេចក្ដីអធិស្ឋាន៖ និយាយជាមួយព្រះ អំពីរាល់អ្វីៗដែលអ្នកឆ្លងកាត់និងជួបប្រទះ។ ការអធិស្ឋានមានបូករួមទាំងការថ្វាយបង្គំ ដូចមានបរិយាយខាងលើ។ ការអធិស្ឋានបែបទូលអង្វរ ដោយអំពាវនាវសម្រាប់តម្រូវការរបស់អ្នកដទៃ។ ការអធិស្ឋានបែបលន់តួ និងមានការអធិស្ឋានបែបដទៃទៀតជាច្រើនយ៉ាង។ គ្មានការកំណត់លើបែបនៃការអធិស្ឋាន ប្រៀបដូចជាយើងគ្មានរបៀបនិយាយតែមួយបែប នៅក្នុងទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកដទៃនោះដែរ។ សេចក្ដីអធិស្ឋានគឺជាការដែលយើងបង្កើតការផ្សាភ្ជាប់ក្នុងភាសាខាងឯគំនិត អារម្មណ៍ និងវិញ្ញាណរបស់យើង ជាមួយនឹងព្រះវរបិតា ដើម្បីឱ្យយើងអាចស្គាល់និងទុកចិត្តលើបំណងហឫទ័យរបស់ព្រះអង្គកាន់តែប្រសើរជាងមុន។
  • ភាពសប្បុរស៖ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ គឺមានន័យថាជាក្ដីស្រឡាញ់ដែលហូរហៀរ អាចចែកចាយទៅដល់អ្នកដទៃផ្សេងទៀត។ របៀបមួយដែលយើងបង្ហាញពីក្ដីស្រឡាញ់ នោះគឺជាការបង្ហាញពីចិត្តសប្បុរស ជាមួយនឹងពេលវេលា កម្លាំង និងធនធានទាំងឡាយរបស់យើង។


ការវឹកហាត់បែបដាក់ព្រំដែន

ការវឹកហាត់ទាំងនេះ គឺជារបៀបនៃការបដិសេធខ្លួនឯងចំពោះអ្វីមួយ ដែលយើងចង់បាន ឬត្រូវការ ដើម្បីឱ្យយើងអាចបង្កើតពេលផ្ដោតទៅចំពោះព្រះ និងផ្សាភ្ជាប់ជាមួយនឹងព្រះអង្គ។ ជាកិច្ចសំខាន់ ការទាំងនេះជួយឱ្យយើងតភ្ជាប់ជាមួយព្រះ ដោយដកថយចេញពីទម្លាប់ជាប្រចាំរបស់យើង។


  • ការនៅទីស្ងាត់ដាច់ពីគេ៖ ដកខ្លួនទៅទីកន្លែងផ្សេងតែឯង ដើម្បីបាននៅជាមួយព្រះ ហើយផ្ដោតរាល់អ្វីៗចំពោះព្រះ និងទៅលើអ្វីដែលព្រះសព្វព្រះទ័យមានបន្ទូលមកកាន់យើង។
  • ការតម៖ ការចំណាយពេលមួយរយៈដោយមិនទទួលទានអាហារ ឬតមពីក្ដីប៉ងប្រាថ្នាណា ឬតម្រូវការណា ដើម្បីឱ្យអ្នកអាចផ្ដោតចិត្តទៅលើការអធិស្ឋាន និងការផ្សាភ្ជាប់ជាមួយនឹងព្រះ ឱ្យបានកាន់តែល្អប្រសើរជាងមុន។
  • ថ្ងៃសប្ប័ទ/ពេលសម្រាក៖ ដាក់ពេលវេលាឱ្យបានទៀងទាត់ គឺនៅពេលដែលអ្នកមិនធ្វើការ ឬផ្ដោតទៅលើសកម្មភាពបង្កើតផល ឬចំណូលនានា ដើម្បីឱ្យយើងអាចមកថ្វាយបង្គំ សម្រាក និងទទួលបានការសាកថ្មជាថ្មី។ ព្រះជាម្ចាស់ស្ថាបនាថ្ងៃសប្ប័ទសម្រាប់ប្រជារាស្រ្តអ៊ីស្រាអែល ដើម្បីឱ្យគេប្រតិបត្តិតាមពេញមួយថ្ងៃ ជារៀងរាល់សប្ដាហ៍ ប៉ុន្តែ សារសំខាន់នៃការសម្រាកថ្ងៃសប្ប័ទ នោះអាចអនុវត្តបាន សម្រាប់រយៈពេលខ្លីផងដែរ។


អត្ថបទគម្ពីរ

ថ្ងៃ 6ថ្ងៃ 8

អំពី​គម្រោងអាន​នេះ

Kingdom Come

យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំសហគមន៍ ណស ភ័ញ (North Point Community Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://northpoint.org