សូមរាជ្យទ្រង់មកដល់គំរូ
សេចក្ដីអធិស្ឋាន៖
ឱ ព្រះជាម្ចាស់អើយ សូមជួយឱ្យទូលបង្គំមើលឃើញពីរបៀបដែលព្រះអង្គកំពុងតែធ្វើការនៅក្នុងទូលបង្គំនៅថ្ងៃនេះ។
អត្ថបទអាន៖
ពេលមើលតែមួយភ្លែត ខគម្ពីរទាំងនេះ ស្ដាប់ទៅដូចជាច្របូកច្របល់បន្តិច។ តើសាវ័ក ប៉ុល ចង់មានន័យថា សេចក្ដីសង្គ្រោះ គឺជាអ្វីមួយ ដែលយើងអាចសន្សំបាន ពីមួយគ្រាទៅមួយគ្រា ដោយព្រោះថា យើងត្រូវតែ "បង្ហើយ"? យើងដឹងពីអត្ថបទគម្ពីរដទៃផ្សេងទៀត ថាសេចក្ដីសង្គ្រោះនោះមិនមែនជាអ្វីមួយដែលយើងអាចធ្វើ ឬប្រឹងសម្រេចបានទេ។ សេចក្ដីសង្គ្រោះគឺជាអ្វីមួយដែលយើងត្រូវទទួលវិញ។ វាគឺជាកាដូនៃព្រះគុណ ដែលបានប្រទានមកឱ្យយើងដោយឥតគិតថ្លៃពីព្រះជាម្ចាស់។ អញ្ចឹង តើ សាវ័ក ប៉ុល ចង់និយាយសំដៅទៅលើអ្វីដែរ នៅត្រង់នេះ?
គន្លឹះដើម្បីយល់ពីឃ្លាថា "បង្ហើយសេចក្ដីសង្គ្រោះរបស់អ្នក" នោះតាមពិតទៅ មានស្ថិតនៅក្នុងខគម្ពីរបន្ទាប់ នៅពេលដែល សាវ័ក ប៉ុល សរសេរថា៖ «ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ»។ សាវ័ក ប៉ុល កំពុងលើកទឹកចិត្តដល់អ្នកដើរតាមព្រះយេស៊ូវ ឱ្យគេបន្តដើរទៅមុខ នៅក្នុងដំណើររីកលូតលាស់ខាងឯព្រលឹងវិញ្ញាណរបស់គេ។ ការដើរតាមព្រះយេស៊ូវ មិនមែនគ្រាន់តែជាគ្រាមួយ នៅក្នុងពេលនៃការសម្រេចចិត្តតែម្ដងរបស់យើង នោះទេ។ តាមពិតទៅ វាមានលក្ខណៈបែបជាខ្សែ នៅក្នុងគ្រា និងការសម្រេចចិត្តទាំងឡាយ ដែលបូករួមផ្សំទៅជាដំណើរនៃការបំផ្លាស់បំប្រែ។ នៅក្នុងគ្រាដែលអ្នកបានសម្រេចចិត្តដើរតាមព្រះយេស៊ូវជាលើកដំបូង នោះព្រះជាម្ចាស់ប្រកាសទៅកាន់អ្នក ថាអ្នកគ្មានទោសកំហុស និងសុចរិតនៅចំពោះព្រះភក្រ្តរបស់ព្រះអង្គ។ ព្រះអង្គប្រទានស្ថានភាព និងតំណែងថ្មីមួយដល់អ្នក ក្នុងនាមអ្នកជាបុត្រធីតារបស់ព្រះជាម្ចាស់។ ពាក្យនេះ បើតាមការសិក្សាក្នុងទេវសាស្ត្រ នោះគឺថា "ការប្រកាសថាអត់ជាប់ទោស--justification"។ ដំណើរជីវិតជាបន្តបន្ទាប់ នោះគឺជាវគ្គសកម្មភាព ដោយយើងត្រូវគោរពប្រព្រឹត្តតាមនូវអ្វីដែលព្រះបានប្រកាសរួចជាស្រេច នៅក្នុងមុខតំណែងថ្មី។ វគ្គទង្វើសកម្មភាពបន្ទាប់នេះ គេឱ្យឈ្មោះវាថា ដំណើរបន្សុទ្ធ--santification។ ព្រះជាម្ចាស់ប្ដេជ្ញាចំពោះដំណើរការនេះ នៅក្នុងជីវិតរបស់អ្នក។ ព្រះអង្គកំពុងតែធ្វើការ "ដើម្បីឱ្យអ្នកមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ"។ ប៉ុន្តែការនេះ មិនមែនជាអ្វីមួយ ដែលព្រះអង្គធ្វើ ដោយគ្មានការចូលរួមពីអ្នកនោះដែរ។
អ្នកផ្សព្វផ្សាយដំណឹងល្អ លោក ចច មូឡឺ (George Müller) នៅក្នុងសតវត្សទី ១៩ លោកបានថ្លែងក្នុងរបៀបដូច្នេះថា៖ «អ្នកទទួលជឿត្រូវតែបញ្ចប់ ត្រូវតែសម្រេចការសន្និដ្ឋាន ត្រូវតែអនុវត្តលទ្ធផលពេញលេញជាស្រេច ចំពោះអ្វីដែលព្រះជាម្ចាស់បានប្រទានក្នុងគោលការណ៍អស់ទាំងអស់នោះ... គាត់ត្រូវតែបង្ហើយអ្វីដែលព្រះបានធ្វើរួចជាស្រេចហើយ ដោយព្រះគុណរបស់ព្រះអង្គ»។
នេះហើយគឺជាទីបញ្ចប់ចុងក្រោយនៃដំណើររីកចម្រើនលូតលាស់ខាងឯវិញ្ញាណ—គឺការបង្ហើយអ្វីៗដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយើង។ យើងគឺជាដៃគូសហការរួមជាមួយនឹងព្រះ នៅក្នុងកិច្ចការនៃការបំផ្លាស់បំប្រែ ដែលព្រះអង្គកំពុងតែធ្វើនៅក្នុងជីវិតរបស់យើង។
ពេលឆ្លុះបញ្ចាំង៖
ចូរស្វែងរកមើលទីស្ងប់ស្ងាត់មួយកន្លែង រួចសម្រាកនិងចំណាយពេល ស្ថិតនៅក្នុងភាពស្ងប់ស្ងៀមជាមួយព្រះ។ អ្នកប្រហែលជាត្រូវជម្នះចិត្ត ឬប្រឹងរកកន្លែងណាមួយមែន ប៉ុន្តែ ចូរស្វែងរកកន្លែង ដោយមានចេតនាក្នុងចិត្ត ដើម្បីឱ្យអ្នកប្រាកដជាយកទីកន្លែងនោះ ដើម្បីស្ថិតនៅក្នុងភាពស្ងប់ស្ងៀមជាមួយនឹងព្រះពិតមែន។
ចូរទូលសូមព្រះ សូមឱ្យអ្នកបានជ្រាបដឹងពីព្រះវត្តមានរបស់ព្រះអង្គបន្ថែមទៀត។ ចូរទូលសូមព្រះអង្គ ឱ្យដៅបង្ហាញដល់អ្នកពីរបៀបដែលព្រះអង្គបានធ្វើការនៅក្នុងអ្នក និងពីរបៀបដែលអ្នកអាចនៅចូលរួមយ៉ាងសកម្ម នៅក្នុងដំណើររីកចម្រើនខាងឯវិញ្ញាណ។ ជាចុងបញ្ចប់ ចូរអរគុណព្រះអង្គសម្រាប់ក្ដីសប្បុរសរបស់ព្រះអង្គ ហើយចូរទូលសូមព្រះអង្គឱ្យសំលៀងការសម្គាល់ដឹងរបស់អ្នក ពីព្រះវិញ្ញាណបរិសុទ្ធ ដែលកំពុងតែធ្វើការនៅក្នុងអ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។
More