សូមរាជ្យទ្រង់មកដល់គំរូ
សេចក្ដីអធិស្ឋាន៖
ឱ ព្រះជាម្ចាស់អើយ ទូលបង្គំចង់ប្រទានពរដល់អ្នកដទៃ ដោយព្រោះតែព្រះអង្គបានប្រទានពរដល់ទូលបង្គំ។ សូមបង្ហាញដល់ទូលបង្គំពីរបៀបដែលទូលបង្គំអាចធ្វើដូច្នោះនៅថ្ងៃនេះ ហើយប្រទានដល់ទូលបង្គំនូវចិត្តក្លាហាន ឱ្យប្រព្រឹត្តតាមដួងចិត្តនេះ។
អត្ថបទអាន៖
ចូរនឹកស្រមៃថាអ្នកកំពុងតែអូសសារនៅលើបណ្ដាញសង្គម ហើយអ្នកមកឃើញសារបង្ហោះមួយ ដែលធ្វើឱ្យអ្នកជ្រាលជ្រាវក្នុងចិត្តជាខ្លាំង។ វាចង្អុលបង្ហាញពីរឿងដ៏អាក្រក់ដែលកំពុងតែកើតមាននៅក្នុងពិភពលោក។ ហើយដួងចិត្តរបស់អ្នកបានទទួលការជំរុញទឹកចិត្តឱ្យចូលរួម និងធ្វើអ្វីមួយ។ ដូច្នេះ អ្នកចែករំលែកសារនោះ ទាំងបន្ថែមពាក្យពេចន៍ផ្ទាល់ខ្លះ ដើម្បីបញ្ចេញពីអារម្មណ៍ខឹងក្រៃរបស់អ្នក ដោយព្រោះតែដូចជាគ្មាននរណាខ្វល់ និងអើពើដើម្បីបញ្ឈប់រឿងនេះ។ ហើយបន្ទាប់មក... អ្នកត្រឡប់ទៅធ្វើការផ្សេងៗក្នុងជីវិតរបស់អ្នក ដោយមានអារម្មណ៍ប្រសើរចំពោះខ្លួនឯង ដោយសារតែអ្នកបានចូលរួម ក្នុងការបង្ហោះសារនេះ។ អ្នកមិនបានទៅទីកន្លែងណាទេ។ អ្នកពុំបានសន្ទនាចេញពីចិត្តជាមួយនឹងនរណាដែរ។ តាមពិតទៅ អ្នកពុំបានធ្វើអ្វីទាំងអស់។ ប៉ុន្តែ អ្នកមានអារម្មណ៍ថាអ្នកបានធ្វើរឿងមួយចំនួន។
ស្ដាប់ហើយ ម៉េចដែរ? ស្រដៀងនឹងអ្នកដែរទេ? របៀបចូលរួមបែបនេះ ឥឡូវគេឱ្យនាមវាមួយហើយ។ វាមានឈ្មោះថា «ចលនាខ្ជិលនិយម—slacktivism» ហើយពាក្យនេះ គឺមាននៅក្នុងវចនានុក្រមភាសាអង់គ្លេស។ វាជាពាក្យកាត់—មានន័យថាជាចលនាប៉ះទង្គិចគ្នា ដែលគ្មានបំណង គ្មានការចង់បាន—វាជាចិត្តប៉ងប្រាថ្នារបស់យើង ដើម្បីធ្វើឱ្យពិភពលោកបានល្អប្រសើរជាងមុន។ ហើយនេះមិនមែនមានន័យថាការចែករំលែកគំនិតសំខាន់ៗ និងអត្ថបទមានប្រយោជន៍ នោះគ្មានន័យនោះឡើយ។ ប៉ុន្តែការចែករំលែកព័ត៌មាន នោះគ្រាន់តែជាជំហានមួយ ចូលទៅកាន់ដំណើរដ៏ធំតែប៉ុណ្ណោះ។ ហើយប្រសិនបើយើងបំពេញបំណងចិត្តរបស់យើង ដោយការចូលរួម មុននឹងយើងដឹង និងបានចូលរួមដោយផ្ទាល់ នោះយើងនឹងបាត់បង់ផ្នែកដ៏សំខាន់ ដែលព្រះសព្វព្រះទ័យចង់ធ្វើក្នុងយើង និងតាមរយៈយើងដែរ។ រឿងនេះ គឺវាប្រៀបបានទៅនឹងការទៅភោជនីយដ្ឋានអ៊ីតាលីមួយកន្លែង ដែលអ្នកចូលចិត្ត ប៉ុន្តែទៅហូបតែនំប៉័ងគេដាក់ឱ្យញ៉ាំលេង មុននឹងទទួលទានអាហារប្រចាំហាងអញ្ចឹង។ អ្នកបាត់បង់រសជាតិ ឬក៏ថាឆ្អែតមុនបានទទួលអាហារ ដែលអ្នកពិតជាចង់បាននោះវិញ។
ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យមកធ្វើលើសជាង "អ្នកតស៊ូចលនាបែបខ្ជិលនិយម" ទៅទៀត។ នៅក្នុងអត្ថបទគម្ពីរ ដែលដកស្រង់ពី គម្ពីរ លោកុប្បត្តិ ថ្ងៃនេះ លោក អ័ប្រាម (ក្រោយមកប្ដូរឈ្មោះទៅជា អ័ប្រាហាំ) ទទួលបានព្រះបន្ទូលពីព្រះ ថាព្រះអង្គនឹងប្រទានពរដល់គាត់ តែភ្លាមនោះ ព្រះអង្គក៏ប្រាប់ដល់គាត់ ថាគាត់នឹងបាន "ក្លាយទៅជាព្រះពរ" ដែរ។ វាជាអំណោយទាន ដែលមានបូករួមជាមួយនឹងគោលបំណង។ ព្រះប្រទានពរ លោក អ័ប្រាម ដូច្នេះ គាត់នឹងប្រទានដល់អ្នកដទៃ។
នេះគឺជាខ្លឹមសារដ៏ចម្បងមួយ នៅក្នុងសម្ព័ន្ធមេត្រីថ្មី ផងដែរ។ សាវ័ក ប៉ុល បានលើកឡើងពីខ្លឹមសារនេះ នៅក្នុង ២ កូរិនថូស ១៖៣-៧។ គាត់បានសរសេរថា ព្រះនាំមកនូវការកម្សាន្តចិត្ត យ៉ាងហោចណាស់ក៏បានពីមួយគ្រាទៅមួយគ្រា ដើម្បីឱ្យយើងអាចចេះកម្សាន្តចិត្តដល់អ្នកដទៃ។ នៅក្នុងវប្បធម៌សង្គមរបស់យើង យើងអាចបញ្ឆោតចិត្ត ដោយកែសារសរសេរដោយ សាវ័ក ប៉ុល ឡើងវិញ នៅក្នុងប្រៀបមួយយ៉ាងដូច្នេះវិញ៖ «អ្នកទទួលបានការកម្សាន្តចិត្តពីព្រះ ដូច្នេះអ្នកអាចបង្ហោះសារ ថាមានមនុស្សជាច្រើននៅក្នុងពិភពលោក គេត្រូវការការកម្សាន្តចិត្ត ដើម្បីឱ្យមនុស្សគេដឹងពីទំហំនៃទង្វើអាក្រក់របស់ខ្លួន ដោយព្រោះតែគេពុំព្រមខ្វល់ខ្វាយពីអ្វីបន្តិចសោះ»។
ចូរកុំយកនុយបែបដូច្នេះឡើយ។ វាមិនគ្រប់គ្រាន់នៅឡើយ បើអ្នកចាំតែ "ចែកចាយសារបន្ត" ពីកំហឹងរបស់នរណាម្នាក់ ស្ដីពីរឿងខុសឆ្គង ដែលកំពុងតែកើតមានឡើង។ ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យក្លាយទៅជាផ្នែកមួយនៃដំណោះស្រាយ ដែលតាមពិតទៅ វាពិបាក ហើយយ៉ាប់យ៉ឺនជាងនេះ ប៉ុន្តែវាក៏សំខាន់និងនាំឱ្យអ្នកពេញចិត្តជាងនេះវិញ។
ប្រសិនបើអ្នកដាក់ជំនឿរបស់អ្នកនៅក្នុងព្រះ ដែលព្រះអង្គពុំដែលស្ទាក់ស្ទើរនឹងសម្រេចការ ទាំងហ៊ានលះបង់រហូតដល់ខ្ចាយព្រះលោហិតផង ដើម្បីដេញតាមរូបអ្នក នោះវាសមហេតុសមផល ដែលថាព្រះអង្គអាចស្នើឱ្យយើងធ្វើយ៉ាងដូច្នេះ សម្រាប់អ្នកដទៃបានដែរ។
តាមរយៈអង្គព្រះយេស៊ូវ ព្រះជាម្ចាស់បានប្រទានព្រះពរយ៉ាងច្រើនអនេកមកដល់យើង ប៉ុន្តែព្រះអង្គក៏ប្រទានដល់យើងនូវការត្រាស់ហៅ និងគោលបំណងមួយដែរ—គឺដើម្បីប្រទានពរដល់មនុស្សក្នុងលោក។ យើងទទួលបានការត្រាស់ហៅឱ្យចាក់បង្ហូរពេលវេលា ធនធាន និងថាមពលរបស់យើង យ៉ាងសប្បុរស ដើម្បីធ្វើជាដៃគូសហការរួមជាមួយនឹងព្រះ ជាប្រយោជន៍នាំមកនូវការព្យាបាល និងការធ្វើឱ្យពិភពលោកដែលបាក់បែកនេះ បានទៅជាថ្មីឡើងវិញ។ យើងទទួលបានព្រះពរ ដើម្បីឱ្យយើងចេះឱ្យព្រះពរ ហើយយើងបានផ្លាស់ប្រែ ក៏ដើម្បីឱ្យយើងចេះនាំការផ្លាស់ប្រែផងដែរ។
ពេលឆ្លុះបញ្ចាំង៖
វាអាចទៅរួច ដោយថាជីវិតរបស់អ្នក អាចជាប្រភពនៃសារផ្ដល់ជីវិតតែមួយរបស់ព្រះយេស៊ូវ ដែលនរណាម្នាក់ គេត្រូវការឮនៅគ្រានេះ។ តើជីវិតរបស់អ្នកកំពុងតែនិយាយពីអ្វី ដែលសំខាន់ទៅកាន់រូបអ្នក? តើជីវិតរបស់អ្នកកំពុងតែបង្ហាញដល់អ្នកពីអ្វីដែលសំខាន់ចំពោះព្រះ?
ចូរចំណាយពេលបន្តិចថ្ងៃនេះ និងសរសេរកំណត់ហេតុពីចម្លើយចំពោះសំណួរទាំងប៉ុន្មានខាងលើ។ តើអ្វីដែលជារឿងសំខាន់ចំពោះអ្នក? ចូរទូលសូមព្រះឱ្យបង្ហាញពីផ្នែកទាំងឡាយដែលអ្នកមាននៅក្នុងដួងចិត្ត ដែលវាកំពុងតែរារាំងអ្នក មិនឱ្យឆ្លុះបញ្ចាំងពីជីវិត ទៅលើរាល់អ្វីៗដែលអ្នកត្រូវឱ្យតម្លៃយ៉ាងពិតប្រាកដនៅក្នុងចិត្ត។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។
More