សូមរាជ្យទ្រង់មកដល់គំរូ
សេចក្ដីអធិស្ឋាន៖
ឱ ព្រះអម្ចាស់អើយ ទ្រង់បង្កើតទូលបង្គំមក ដើម្បីគោលបំណងមួយ។ សូមជួយឱ្យទូលបង្គំរស់នៅ ទាំងគិតនៅក្នុងគំនិត អំពីគោលបំណងនោះ។ សូមបើកភ្នែកទូលបង្គំទៅកាន់របៀបដែលទូលបង្គំអាចស្រឡាញ់ដល់អ្នកដទៃឱ្យបានយ៉ាងល្អ ហើយឱ្យការនោះ បានចង្អុលបង្ហាញពួកគេ ទៅរកព្រះអង្គ។
អត្ថបទអាន៖
ព្រះជាម្ចាស់បានបង្កើតយើងមកដោយចេតនា—គឺសម្រាប់គោលបំណងមួយ។ ជឿឬមិនជឿ ព្រះអង្គបានរៀបចំផ្លូវឱ្យអ្នកអាចបង្ហាញ និងចែករំលែកពីក្ដីស្រឡាញ់នៃព្រះជាមួយមនុស្សដទៃផ្សេងទៀត។ (ហើយប្រសិនបើអ្នកកំពុងតែងឿងឆ្ងល់ ព្រះអង្គទ្រង់ជ្រាប ថាអ្នកកំពុងធ្វើការនៅទីណា!)។
មានអ្នកដើរតាមព្រះយេស៊ូវជាច្រើន គេរស់នៅក្នុងជីវិតដូចជាប់នៅក្នុងដប ជាពិសេស បើយើងសម្លឹងមើលទៅលើជីវិតការងារ ហើយនិងជំនឿរបស់ពួកគេ។ ប៉ុន្តែ ចូរឱ្យអ្នកគិតលមើល ប្រសិនបើទីកន្លែងការងារដែលអ្នកកំពុងតែធ្វើ នោះគឺជាវិធីដ៏ចម្បងដែលព្រះសព្វព្រះទ័យចង់ចម្រើនជំនឿរបស់អ្នក តើអ្នកគិតយ៉ាងណា?
តើអ្នកមានដឹងដែរឬទេ ថាជាមធ្យម មនុស្សម្នាក់ គេនឹងចំណាយពេលប្រមាណជា ៩ ម៉ឺនម៉ោង—ដែលចំនួននេះវាក្បែរមួយភាគបីនៃភាពជាមនុស្សពេញវ័យ—ដើម្បីធ្វើការងារ។ ប្រសិនបើជំនឿរបស់យើងពុំបង្ហាញឱ្យគេឃើញនៅក្នុងទីកន្លែងការងាររបស់យើងទេ នោះយើងនឹងគ្មានអ្វីយកមកនិយាយ ពីអ្វីដែលយើងគួរធ្វើ ដែលជាផ្នែកមួយយ៉ាងធំនៃពេលវេលារបស់យើងដែរ។ ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះការងាររបស់យើង ហើយពីរបៀបដែលយើងត្រូវបំពេញកិច្ចការងារទាំងនោះ ក្នុងនាមយើងជាអ្នកដើរតាមព្រះយេស៊ូវ។
ក្រុមជំនុំមិនសូវបង្រៀនឱ្យបានល្អជានិច្ចកាល ដើម្បីជួយឱ្យមនុស្សគេស្វែងរកឃើញនូវអត្ថន័យនិងគោលបំណងរបស់ពួកគេ នៅក្នុងមុខរបរការងារនោះទេ។ តាមពិតទៅ មានសេចក្ដីអធិប្បាយខ្លះ ផ្ដល់ជាគំនិតនិងដួងចិត្ត ដោយប្រាប់ថា របៀបតែមួយ ដែលអ្នកអាចបម្រើព្រះ នោះគឺត្រូវចាកចេញពីមុខរបរការងាររបស់អ្នក ហើយទៅបម្រើការងារនៅឯក្រុមជំនុំណាមួយវិញ។ ប៉ុន្តែទង្វើនេះគឺវាខុសឆ្ងាយពីសេចក្ដីពិត។
លោក ម៉ាធីន លូស័រ (Martin Luther) ដែលជាអ្នកកែទម្រង់ក្រុមជំនុំ គាត់បានសរសេរយ៉ាងដូច្នេះថា៖ «គ្រីស្ទបរិស័ទដែលជាអ្នកផលិតស្បែកជើង គេមិនបំពេញភារកិច្ចការងាររបស់ខ្លួន ដោយដាំរូបឈើឆ្កាងតូចៗនៅលើស្បែកជើងនោះទេ ប៉ុន្តែគេខិតខំប្រឹងប្រែងធ្វើស្បែកជើងឱ្យស្រស់ស្អាតនិងស្វិតមាំ ដោយសារតែព្រះជាម្ចាស់ ទ្រង់ចាប់អារម្មណ៍ចំពោះភាពប៉ិនប្រសព្វរបស់គេ ជាអ្នកផលិត នោះជាជាង»។
កវីនិពន្ធនិងជាសកម្មជន អ្នកស្រី ឌូរ៉ូហ្ស៊ី សេយើ (Dorothy Sayers) បានសម្ដែងចេញក្នុងចំណាប់អារម្មណ៍ស្រដៀងនេះដែរ នៅពេលដែលគាត់បានសរសេរថា៖ «សេចក្ដីបង្រៀននិងការដាស់តឿនរបស់ក្រុមជំនុំចំពោះជាងឈើដ៏ឆ្លាតវៃ នោះភាគច្រើន គិតតែពីប្រដៅឱ្យពួកគេ កុំប្រឹងស្រវឹង និងធ្វើអ្វីច្រងេងច្រងាង នៅពេលដែលគេមិនធ្វើការងារ ហើយត្រូវតែចេះនាំគ្នាមកក្រុមជំនុំនៅថ្ងៃអាទិត្យ។ តែអ្វីដែលក្រុមជំនុំគួរតែប្រាប់ដល់គេ នោះគឺដូច្នេះវិញ គឺថា៖ "កិច្ចទាមទារចម្បងពីជំនឿសាសនារបស់អ្នក នោះគឺសូមឱ្យអ្នកចេះប្រឹងប្រែងធ្វើតុឱ្យបានរឹងមាំនិងស្រស់ស្អាត" នោះជាជាង»។
សេចក្ដីពិតនោះគឺថា នៅក្នុងគ្រប់ផ្នែកទាំងឡាយនៃមុខរបររកស៊ី នោះគឺវាជួយផ្ដល់ និងរួមផ្សំទៅក្នុងការល្អ សម្រាប់រាល់គ្រប់អ្វីៗទាំងអស់។ ដូចនេះ មុខរបរការងាររបស់យើង នោះគឺជារបៀបមួយដែលព្រះជាម្ចាស់ពង្រីកនូវក្ដីស្រឡាញ់ និងព្រះទ័យទុកដាក់របស់ព្រះអង្គ ចំពោះរាល់របស់សព្វសារពើដែលទ្រង់បានបង្កើត។ ដើម្បីបម្រើព្រះជាមួយនឹងមុខរបរការងាររបស់អ្នក នោះអ្នកមិនចាំបាច់លាលែងពីការងាររបស់អ្នក ហើយទៅរកការងារធ្វើនៅក្នុងក្រុមជំនុំមួយទេ—គឺអ្នកអាចបម្រើព្រះដោយគ្រាន់តែឆ្លាស់ទស្សនៈរបស់អ្នកតែបន្តិច នោះបានហើយ។ ប្រហែលជាអ្នកត្រូវការសម្លឹងមើលពីមុខរបរការងាររបស់អ្នក តាមរយៈកញ្ចក់ឆ្លុះ ដែលស្ដែងពីឥទ្ធិពលវិជ្ជមាន ដែលការងារនោះ បានមានដល់មនុស្សដទៃផ្សេងទៀត។ ប្រហែលជាអ្នកត្រូវការធ្វើការប្ដេជ្ញាចិត្តជាថ្មី ដើម្បីបំពេញភារកិច្ចការងាររបស់អ្នកជាមួយនឹងភាពស្អាតស្អំ។ ឬប្រហែលជាអ្នកគ្រាន់តែត្រូវការយល់ដឹងថាព្រះជាម្ចាស់ បានដាក់អ្នកនៅត្រង់ទីកន្លែងនេះ ដោយព្រោះគោលបំណងណាមួយ ហើយទ្រង់កំពុងតែ "រៀបចំការល្អ" សម្រាប់អ្នក ដើម្បីឱ្យអ្នកប្រព្រឹត្តយ៉ាងល្អត្រឹមត្រូវ នៅទីកន្លែងដែលអ្នកចំណាយពេល ៤០ ម៉ោងជាង ជារៀងរាល់សប្ដាហ៍ នោះវិញ។
ពេលឆ្លុះបញ្ចាំង៖
ខាងក្រោមនេះ មានសំណួរពីរបី ដើម្បីសួរដល់អ្នក ឱ្យអ្នកឆ្លុះបញ្ចាំងពីរបៀបដែលជីវិតរបស់អ្នក និងមុខរបរការងាររបស់អ្នក ដើរប្រសព្វនឹងគ្នា៖
• តើនៅក្នុងរបៀបណាខ្លះ ដែលការងាររបស់អ្នកបម្រើដល់អ្នកដទៃ?
• តើវានឹងមានរូបរាងបែបណា ប្រសិនបើអ្នកផ្ដោតចិត្តទៅលើមនុស្ស នៅពេលដែលអ្នកប្រកបកិច្ចការងាររបស់អ្នក?
• តើអ្នកអាចជះឥទ្ធិពលវិជ្ជមានទៅលើវប្បធម៌ ក្នុងទីកន្លែងការងាររបស់អ្នក បានដោយវិធីណាខ្លះ?
ចូរចំណាយពេលកត់ត្រានូវចម្លើយរបស់អ្នក។ សំណួរទាំងនេះ អាចគិតទៅដូចជាងាយស្រួល មិនសូវជាពិបាកទេ ប៉ុន្តែ ចូរកុំប្រញាប់ប្រញាល់សរសេរចម្លើយលឿនពេក។ ចូរអញ្ជើញព្រះមកក្នុងកិច្ចសន្ទនា ដោយអធិស្ឋាន ក្នុងខណៈពេលអ្នកកត់ត្រាគំនិតរបស់អ្នក។ ចូរទូលសូមព្រះវិញ្ញាញបរិសុទ្ធ ដើម្បីជួយឱ្យអ្នកបានដឹងពីព្រះវត្តមានរបស់ព្រះអង្គ ហើយដឹកនាំអ្នកនៅក្នុងអំឡុងពេលអ្នកធ្វើការងាររបស់ខ្លួន។ ចូរពិចារណាយកទង្វើនេះ ធ្វើជាការអនុវត្តជាប្រចាំថ្ងៃរបស់អ្នក ដោយទូលសូមព្រះយ៉ាងដូច្នេះថា៖ «តើមាននរណា ដែលព្រះអង្គសព្វព្រះទ័យ ឱ្យទូលបង្គំបង្ហាញពីក្ដីស្រឡាញ់របស់ព្រះអង្គ នៅថ្ងៃនេះ?»។ រួចហើយ ចូរត្រៀមខ្លួន ក្នុងការឆ្លើយតប ទៅតាមការដឹកនាំរបស់ព្រះអង្គ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។
More