សូមរាជ្យទ្រង់មកដល់គំរូ
សេចក្ដីអធិស្ឋាន៖
ឱ ព្រះអម្ចាស់អើយ សូមជួយដល់ទូលបង្គំឱ្យនៅជាប់នឹងព្រះអង្គនៅថ្ងៃនេះ។
អត្ថបទអាន៖
វាពិតជាងាយសម្រាប់ឱ្យយើងយល់ច្រឡំ នៅពេលដែលយើងអានគម្ពីរកាឡាទី នៅក្នុងខគម្ពីរទាំងនេះ។ ខគម្ពីរនេះ តែងមានការលើកឡើងខុស ដោយអ្នកអានគិតថាជា "ផលផ្លែ" ជាច្រើនផ្សេងៗពីគ្នា នៃព្រះវិញ្ញាណ។ ស្ដាប់ទៅដូចជា សាវ័ក ប៉ុល កំពុងតែឱ្យបញ្ជីមួយផ្សេងគ្នា ដែលក្នុងនោះ មានចរិតលក្ខណៈខុសពីគ្នា ដែលនឹងមានវត្តមានក្នុងជីវិតរបស់អ្នកដើរតាមព្រះយេស៊ូវ។ ប៉ុន្តែ សាវ័ក ប៉ុល ពុំបាននិយាយថា "ផលផ្លែ" (ទម្រង់ពាក្យពហុវចនៈ) នោះទេ គឺគាត់បាននិយាយថា "ផលផ្លែ" (នាមជាពាក្យឯកវចនៈ) ទៅវិញទេ។ គាត់បានប្រើពាក្យ ដែលវាមានទម្រង់ជាពាក្យឯកវចនៈ។ ដូច្នេះ តើសាវ័ក ប៉ុល កំពុងតែនិយាយពីអ្វីដែរ នៅត្រង់នេះ?
អ្នកទេវវិទូ លោក យ៉ូណាថាន់ អេដវឺត (Jonathan Edwards) ក្នុងជំនាន់ សតវត្សទី ១៨ គាត់បានបង្រៀនអំពីគំនិត ដូច្នេះថា៖ «... មានការបើកបង្ហាញ ថាព្រះគុណនៃជំនឿគ្រីស្ទបរិស័ទ នោះមានជាការដាក់បន្តគ្នា និងផ្សាភ្ជាប់រួមគ្នា ដូច្នេះ ការនេះមានន័យថា គ្រប់គ្នាត្រូវតែតភ្ជាប់នឹងគ្នា និងរួមពឹងអាងពីគ្នាទៅវិញទៅមក»។
ពាក្យថា "ដាក់បន្តគ្នា" នោះគឺជារបៀបនិយាយមួយដ៏ឡូយ ក្នុងសម័យសតវត្សទី ១៨ នៅពេលគេលើកឡើងអំពី "ព្រះគុណនៃជំនឿគ្រីស្ទបរិស័ទ" ដែលមានលក្ខណៈជាប់ចំណង ឬតភ្ជាប់រួមជាមួយគ្នា។ នេះគឺមានន័យថា យើងមិនអាចគ្រាន់តែរីកចម្រើននៅក្នុងផ្នែកតែមួយ ឬតែពីរផ្នែក ហើយទុកផ្នែកដទៃផ្សេងទៀតចោល ទាំងអាចព្រងើយពីវាបានឡើយ។ ប្រសិនបើការរីកចម្រើនលូតលាស់ពិតជាមិនក្លែងក្លាយមែន នោះចរិតលក្ខណៈទាំងប៉ុន្មាននេះ នឹងរីកចម្រើនលូតលាស់ក្នុងពេលតែមួយ។
នេះគឺជារឿងសំខាន់ សម្រាប់ឱ្យយើងត្រូវយល់។ បើមិនដូច្នេះទេ វានឹងងាយឱ្យយើងអានអត្ថបទ ដោយចាត់ទុកថា អ្វីទាំងប៉ុន្មានគឺជាបញ្ជី ដែលយើងត្រូវធ្វើ—ឬ ជាបញ្ជីសម្រាប់ឱ្យយើង "ក្លាយជា" ទៅវិញ។ យើងទទួលសម្ពាធ ដើម្បីប្រឹងបង្កើតចរិតលក្ខណៈអស់ទាំងនេះ តាមកម្លាំងឆន្ទៈ ហើយនិងការខិតខំប្រឹងប្រែងរបស់ខ្លួន។ ដោយយោងលើនិស្ស័យអារម្មណ៍និងអត្តចរិតរបស់យើង នោះបុគ្គលិកលក្ខណៈខ្លះ វាអាចងាយស្រួលនឹងមានដែរ។ ប៉ុន្តែ ចរិតលក្ខណៈដទៃផ្សេង នោះគឺពិតជាពិបាកមែនទែន (សឹងតែមិនអាចទៅរួចផង)—ហើយយើងប្រហែលជាអាចបញ្ឆោតចិត្ត ទៅគិតថាព្រះមិនចាប់អារម្មណ៍ ធ្វើការផ្លាស់ប្រែផ្នែកទាំងប៉ុន្មាននោះរបស់យើងទេ។
ប៉ុន្តែប្រសិនបើយើងនិយាយអំពី ផលផ្លែ ក្នុងន័យជា ឯកវចនៈ មិនមែនជា ពហុវចនៈ នោះការរីកចម្រើនលូតលាស់របស់យើង មានភាពដើរស្របទន្ទឹមនឹងគ្នា។ អ្នកមិនអាចមានអំណរ ដោយគ្មានក្ដីស្រឡាញ់ ឬមានភាពសុខសាន្តដោយគ្មានចិត្តស្លូតបូត ឬមានចិត្តសប្បុរសដោយគ្មានការចេះគ្រប់គ្រងចិត្ត នោះកើតឡើយ—នេះបើអ្នកចង់មានផលផ្លែនេះ នៅក្នុងរបៀបមួយ ដែលស្ថិតស្ថេរស្របតាមព្រះគុណនៃព្រះ សម្រាប់ជីវិតរបស់អ្នក។ គ្រប់ចរិតលក្ខណៈទាំងនេះ នោះគឺជាផលផ្លែ ដែលមានលក្ខណៈផ្សាភ្ជាប់នឹងគ្នា ហើយវារីកលូតលាស់ស្របជាមួយគ្នាទៅវិញទៅមកដែរ។ ផលផ្លែនេះ ពុំដាក់ដោយឡែកពីគ្នាឡើយ ប៉ុន្តែវាគ្រាន់តែជាផ្នែកផ្សេងៗពីគ្នា។ ផលផ្លែដែលរីកលូតលាស់ដោយអំណាចចេស្ដានៃព្រះ នោះវាអាចរីកលូតលាស់បានតែនៅពេលយើងរស់នៅជាប់ក្នុងទំនាក់ទំនងជាមួយនឹងព្រះតែប៉ុណ្ណោះ។
ដូច្នេះ ចូរកុំបាក់ទឹកចិត្តដោយសារតែឃើញមានចរិតលក្ខណៈអស់ទាំងនេះ ប្រដាក់ពីលើគ្នាជាបន្តបន្ទាប់—វាមិនមែនជាបញ្ជីសម្រាប់ឱ្យអ្នកត្រូវបំពេញឡើយ។ វាគឺជារូបភាពហាយឡាយដំបូង (ទិដ្ឋភាពឱ្យយើងឃើញមុន) ក្នុងកិច្ចការនៃព្រះ ដែលព្រះអង្គប្ដេជ្ញាថានឹងធ្វើនៅក្នុងជីវិតរបស់អ្នក ក្នុងខណៈពេលដែលអ្នកដើររួមជាមួយនឹងព្រះអង្គតែប៉ុណ្ណោះ។
ពេលឆ្លុះបញ្ជាំង៖
ផលផ្លែនៃព្រះវិញ្ញាណរីកលូតលាស់ដោយការស្ថិតនៅជាប់នឹងប្រភពដែលផ្ដល់ផលផ្លែទាំងនោះ ដែលជាដើម ដូចគម្ពីរបានចែង ថាជាអង្គព្រះយេស៊ូវ។ ក្នុងខណៈពេលអ្នកគិតអំពីរូបភាពនៃពាក្យនេះ តើស្ថានភាពដីដែលជាដួងចិត្តរបស់អ្នក នោះមានលក្ខណៈ ឬអាការៈយ៉ាងណាដែរ? តើវាកំពុងតែស្ងួត ឬមានទឹកល្មមគ្រប់គ្រាន់? តើវាងាយនឹងភ្ជួររាស់ ឬវាតាន់ណែន? តើនៅទីនោះមានអ្វីផ្សេងកំពុងតែដាក់ដាំ ហើយប្រជែងជាមួយនឹងព្រះយេស៊ូវ ទាំងវាប្រឹងរកផ្លូវឱ្យអ្នកដើរនៅក្នុងជីវិតរបស់អ្នកដែរឬទេ?
ចូរអញ្ជើញព្រះជាម្ចាស់ឱ្យធ្វើការនៅក្នុងដួងចិត្តរបស់អ្នក នៅក្នុងរបៀបមួយដែលថ្មីចែស ហើយចូរទូលសូមព្រះអង្គឱ្យបង្ហាញដល់អ្នក ថាតើការបន្តស្ថិតនៅជាប់ ហើយការដាក់ដាំឫសនៅក្នុងព្រះអង្គ និងការពឹងផ្អែកលើក្ដីស្រឡាញ់របស់ព្រះអង្គ នោះមានរូបរាងបែបណា។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។
More