សូមរាជ្យទ្រង់មកដល់គំរូ

Kingdom Come

ថ្ងៃទី 5 ក្នុងចំណោម 15 ថ្ងៃ

សេចក្ដីអធិស្ឋាន៖

ព្រះជាម្ចាស់អើយ នៅពេលដែលទូលបង្គំរងការល្បួង ដោយមិនចង់ប្រទានព្រះគុណដល់អ្នកដទៃ នោះចូររំឭកដល់ទូលបង្គំ ថាព្រះអង្គបានស្ម័គ្រព្រះទ័យ ហើយបានផ្ដល់ព្រះគុណមកឱ្យដល់ទូលបង្គំ។


អត្ថបទអាន៖

នៅពេលយើងអានពីប្រស្នានៅក្នុង លូកា ១៥ នោះយើងពិតជាចង់កត់ត្រាចូលពីគំរូហួសហេតុមួយរបស់បងប្រុស ដោយគិតថាគាត់វាយឫក និងគិតថាខ្លួនឯងសុចរិត—គឺប្រៀបដូចជាមនុស្ស ដែលយើងមិនអាចយកមកប្រៀបផ្ទឹមនឹងខ្លួនយើងបាន។ ប៉ុន្តែប្រសិនបើយើងធ្វើយ៉ាងដូច្នោះមែន នោះយើងប្រាកដជាបាត់អត្ថន័យពីសេចក្ដីពិតមួយហើយ៖ នោះគឺថា យើងរាល់គ្នា សុទ្ធតែមាន "ចរិតដូចបងប្រុស" នៅក្នុងរូបយើងម្នាក់ៗ។


ប្រសិនបើអ្នកសម្លឹងមើលឱ្យបានច្បាស់ជាងនេះ ចំពោះបងប្រុស នោះអ្នកប្រហែលជាស្វែងរកឃើញថាការប្រតិកម្មរបស់គាត់ មិនមែនជារឿងហួសហេតុនោះទេ។ កំហឹងដែលគាត់មាន នោះតាមពិតទៅ គឺចង់ថ្លែងទៅកាន់ទង្វើគ្មានភាពស្មើគ្នា។ គាត់ជឿថា វាជារឿងដ៏អយុត្តិធម៌ ដែលឪពុករបស់គាត់ប្រព្រឹត្តបែបផ្សេង ចំពោះរូបគាត់ ហើយនិងប្អូនរបស់គាត់។ បើនិយាយឱ្យស្មោះទៅ គាត់មិនមែនថ្លែងឡើង ដោយគ្មានហេតុផលទេ។ ជាក់ស្ដែង តើគាត់មិនគួរទទួលបានការរាក់ទាក់ និងការយកចិត្តទុកដាក់ជាងប្អូនគាត់ទេឬយ៉ាងណា? តើការស្ដាប់បង្គាប់ ហើយនិងទង្វើប្រព្រឹត្តជាប់លាប់របស់គាត់ ពុំផ្ដល់ផលឱ្យគាត់ច្រើនលើសជាងនេះ ទេឬយ៉ាងណា?


ជារឿយៗ យើងសម្លឹងមើលទៅចំពោះការប្រទាននៃព្រះគុណ ដែលយើងមិនសមទទួល ថាវាជារឿងសមហេតុសមផល។ ប៉ុន្តែ នៅពេលដែលយើងមើលឃើញពីសេចក្ដីនេះ នៅក្នុងរឿងហេតុជាក់ស្ដែងនិងនៅក្នុងទំនាក់ទំនងក្នុងជីវិតពិតប្រាកដ នោះយើងបែរជាគិតថា ព្រះគុណគឺជាដុំថ្ម នាំឱ្យជំពប់ដួលទៅវិញ។ ប្រសិនបើយើងអនុញ្ញាតឱ្យរឿងនៃការចូលចិត្តប្រៀបធៀប ឆ្មក់ចូលមកក្នុងជីវិត នោះព្រះគុណនឹងចោទជាបញ្ហាធំមួយ មកកាន់រូបយើង។ នោះគឺយើងចាប់ផ្ដើមគិតថា វាមិនយុត្តិធម៌ទាល់តែសោះ។


តើឱ្យវាមានយុត្តិធម៌យ៉ាងម៉េច នៅពេលដែលព្រះមើលរំលងបាបរបស់នរណាម្នាក់ ជាពិសេសចំពោះមនុស្សដែលគេធ្លាប់បានធ្វើឱ្យរូបយើងឈឺចាប់នោះ? សាវ័ក ប៉ុល ថ្លែងសំដៅទៅកាន់សម្ពាធនៃបញ្ហានេះ ដោយផ្ទាល់ ដូចមានចែងនៅក្នុងសំបុត្ររបស់គាត់ ទៅកាន់ក្រុមគ្រីស្ទបរិស័ទ នៅឯទីក្រុងរ៉ូម។


ព្រះជាម្ចាស់បានបង្ហាញពីអង្គព្រះគ្រីស្ទ ថាទ្រង់គឺជាយញ្ញបូជា សម្រាប់ជាតង្វាយធួន (លោះ) ដោយតាមរយៈការខ្ចាយព្រះលោហិតរបស់ព្រះអង្គ—ជាប្រយោជន៍ឱ្យយើងអាចទទួលយកព្រះគុណបានដោយតាមរយៈជំនឿ។ ព្រះអង្គធ្វើយ៉ាងដូច្នេះ គឺដើម្បីបង្ហាញអំពីភាពសុចរិតរបស់ព្រះអង្គ ដោយព្រោះក្នុងភាពអត់ធន់របស់ព្រះអង្គ នោះទ្រង់បានទុកទង្វើបាបដែលបានប៉ង ឱ្យនៅបន្តមាន ដោយគ្មានការវិនិច្ឆ័យទោស—ព្រះអង្គធ្វើយ៉ាងដូច្នេះ គឺដើម្បីបង្ហាញពីភាពសុចរិតរបស់ព្រះអង្គ នៅឯពេលវេលាបច្ចុប្បន្ន ដើម្បីឱ្យបានជាភាពយុត្តិធម៌ និងជាប្រយោជន៍ដល់អស់អ្នកដែលបានរាប់ជាសុចរិត គឺអស់អ្នកដែលមានជំនឿលើព្រះយេស៊ូវ។

—រ៉ូម ៣៖២៥-២៦


តើឱ្យព្រះជា "យុត្តិធម៌" និងជាអ្នក "រាប់នរណាជាសុចរិត" សម្រាប់អស់អ្នកដែលបានប្រព្រឹត្តបាប បានដោយរបៀបណា? តើព្រះអង្គកំពុងតែបោសទង្វើបាប ដាក់ទៅក្រោមកម្រាល ដូចការនោះមិនបានកើតឡើង ដែរឬយ៉ាងណា? បើអញ្ចឹង តើការនេះមានន័យថា ព្រះអង្គមិនគិតថារឿងបាប គឺជារឿងយ៉ាងធ្ងន់ធ្ងរ ទេឬយ៉ាងម៉េច?


វាដូចជារឿងផ្ទុយស្រឡះពីគ្នា ហើយយើងអាចយល់យ៉ាងដូច្នេះមែន ដរាបណាយើងនៅមិនទាន់ដឹងអស់សេចក្ដី—គឺរហូតដល់មានការបង់ថ្លៃសម្រាប់ទង្វើបាប ដោយមិនចាំបាច់ទៅឱ្យអ្នកប្រព្រឹត្តបាបគេសង។ សាវ័ក ប៉ុល បានសរសេរថា ព្រះយេស៊ូវ គឺជា "យញ្ញបូជានៃតង្វាយធួន" របស់យើង—ដែលជាយញ្ញបូជា ដែលបានបង់ថ្លៃ ដើម្បីឱ្យយើងអាចឈរដោយគ្មានទោសកំហុស នៅចំពោះព្រះជាម្ចាស់។


ព្រះយេស៊ូវគឺជាចម្លើយ ចំពោះចំណោទបញ្ហា ដែលថាព្រះគុណបានផ្ដល់ឱ្យ។ តាមរយៈអង្គព្រះយេស៊ូវ នោះព្រះជាម្ចាស់អាចក្លាយជា "អ្នករាប់នរណាម្នាក់ជាសុចរិត" ក្នុងខណៈពេលតែមួយ ថាព្រះអង្គគឺជា "យុត្តិធម៌" ក្នុងនាមទ្រង់ជាព្រះដែលនៅដដែល ចំពោះការកាត់សេចក្ដី ដើម្បីផ្ដល់លទ្ធផលចំពោះទង្វើនៃបាប។


ដូច្នេះហើយ នៅពេលណាដែលអ្នករងការល្បង ដោយមិនព្រមឱ្យព្រះគុណ ឬការអត់ឱនទោសដល់អ្នកដទៃ ដោយសារតែគេមិនសក្តិសមនឹងទទួលបាន នោះចូរឱ្យអ្នកនឹកចាំ ថាព្រះយេស៊ូវ មិនបានមកឯយើង ហើយមានបន្ទូលថា៖ «ខ្ញុំបានស្រឡាញ់អ្នក ដោយសារតែអ្នកល្អឥតខ្ចោះ» ទេ។ ជួសវិញ ព្រះអង្គបានមកឯយើង ទាំងយើងស្ថិតនៅក្នុងភាពខ្វះចន្លោះ រួចមានបន្ទូលថា៖ «ខ្ញុំស្រឡាញអ្នក មិនថាអ្នកជានរណាទេ ហើយខ្ញុំនឹងបង់ថ្លៃសងជំនួសអ្នក ដើម្បីឱ្យអ្នកបានល្អឥតខ្ចោះ»។ ព្រះជាម្ចាស់ពុំបានគិត ឬរាប់ពីភាពយុត្តិធម៌ នៅក្នុងទំនាក់ទំនងជាមួយនឹងអ្នកទេ (បើមែនយើងមិនសមនឹងទទួលបានពីទំនាក់ទំនងជាមួយនឹងព្រះអង្គឡើយ)។ ព្រះអង្គបានបង់ថ្លៃដោយស្ម័គ្រអស់ពីចិត្ត។ នៅពេលយើងនិយាយអំពីទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ នោះយើងមិនចាំបាច់លើកឡើងពីភាពស្មើគ្នា (ភាពសក្ដិសម និងរឿងយុត្តិធម៌) ឡើយ—គឺយើងត្រូវការព្រះគុណវិញ។ ក្នុងនាមជាម្នាក់ដែលទទួលបានអ្វីមួយដ៏មានតម្លៃមហាសាល នោះចូរយើងត្រៀមខ្លួន ដូចត្រៀមឈរចាំអ្វីមួយ ដើម្បីចែករំលែកពីព្រះគុណដល់អ្នកដទៃផងវិញ។



ពេលឆ្លុះបញ្ចាំង៖

ចូរចំណាយពេល ហើយកត់ត្រាទៅក្នុងកំណត់ហេតុ ដោយគិតពីសំណួរទាំងប៉ុន្មានខាងក្រោម៖

• តើអ្នកធ្លាប់មិនព្រមឱ្យព្រះគុណចំពោះនរណាម្នាក់ដែរឬទេ? តើមានស្ថានភាពណាមួយ ឬនរណាម្នាក់ ដែលអ្នកនឹកគិតឃើញ នាពេលនេះ? តើហេតុអ្វីបានជាវាមានអារម្មណ៍ថាពិបាកដល់ម្ល៉េះ នៅក្នុងការឱ្យព្រះគុណ (ការអត់ឱនទោស) នៅក្នុងស្ថានភាពនេះ?

• តើមាននរណាម្នាក់នៅក្នុងជីវិតរបស់អ្នក ដែលអ្នកជឿថា គេពិតជាពិបាកនឹងឱ្យព្រះគុណ (អត់ទោសឱ្យ) ដែរឬទេ? បើអ្នកនឹងនាំម្នាក់នោះ និងស្ថានភាពនោះ មកដាក់នៅចំពោះព្រះវរបិតា ហើយទូលសូមព្រះឱ្យផ្លាស់ប្រែចិត្តរបស់អ្នក ដើម្បីផ្ដល់ព្រះគុណទៅឱ្យគេ តើការណ៍នោះ នឹងមានរូបរាងបែបណា?


ពេលដែលអ្នកមានឱកាសឆ្លើយសំណួរទាំងប៉ុន្មានខាងលើហើយ ចូរស្វែងរកទីកន្លែងស្ងប់ស្ងាត់ ដើម្បីអង្គុយ ហើយនៅស្ងៀមមួយរយៈជាមួយនឹងព្រះយេស៊ូវ។ ក្នុងខណៈពេលដែលអ្នកនៅស្ងៀម នោះចូរដាក់ដៃក្ដាប់ទាំងពីររបស់អ្នក បែរទៅក្រោម។ ចូរស្រមៃមើល ថាព្រះវរបិតាកំពុងតែមកឱបមនុស្សដែលបានធ្វើឱ្យអ្នកឈឺចាប់។ ប្រសិនបើអ្នកមានអារម្មណ៍ថាសម្ពាធនិងភាពតានតឹងកាន់តែកើនឡើង នោះចូរអនុញ្ញាតឱ្យដៃរបស់អ្នក កាន់តែក្ដាប់ខ្លាំងឡើងជាងមុន។ ចូរស្ថិតនៅទីនោះបន្តទៀត ប្រសិនបើអ្នកត្រូវការ។ ពេលដែលអ្នកត្រៀមខ្លួនរួចរាល់ហើយ ចូរដកដង្ហើមវែងមួយ រួចទូលសូមព្រះ ឱ្យព្រះអង្គប្រទានដួងចិត្តរបស់ព្រះអង្គសម្រាប់ម្នាក់នោះ មកឱ្យអ្នក។ ផ្ងារដៃក្ដាប់របស់អ្នកឡើង ហើយលាតវា។ ចូរសម្រាក ហើយដកដង្ហើមវែង។ ក្នុងខណៈពេលអ្នកលាតដៃ នោះចូរស្រាយវាថ្វាយទៅព្រះវរបិតាចុះ។


ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួននឹងរំសាយសម្ពាធតានតឹងនេះនោះទេ ចូរអនុញ្ញាតឱ្យលំហាត់នេះ បានក្លាយទៅជាការអធិស្ឋានចេញពីអស់ពីចិត្ត ដោយសូមឱ្យព្រះជួយដល់អ្នក បោះជំហានទៅក្នុងទិសដៅ ដើម្បីឱ្យអ្នកហ៊ានសម្រេចកិច្ចការដ៏លំបាកមួយនេះ។




អត្ថបទគម្ពីរ

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Kingdom Come

យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំសហគមន៍ ណស ភ័ញ (North Point Community Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://northpoint.org